(ភ្នំពេញ)៖ ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ខ្ញំពិតជាអរគុណដល់មន្ត្រីក្រសួងការបរទេសអាមេរិក រួមនឹងមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលបានសម្តែងការសោកស្តាយ ចំពោះការស្លាប់របស់ពលរដ្ឋខ្មែរ មួយរូបឈ្មោះ ទិត រ៉ន។ ហេតុអ្វីបានជាការស្លាប់ពលរដ្ឋខ្មែរម្នាក់នេះធ្វើឱ្យមន្ត្រីជាន់ខ្ពស់ រួមនឹងស្ថានទូតនៃមហាអំណាចមួយនេះឈឺឆ្អាលម៉្លេះ ខណៈអ្នកផ្សេងទៀតស្លាប់គ្មានការចាប់អារម្មណ៍ ហើយកាន់តែធ្ងន់ជាងនេះទៀតគឺពលរដ្ឋខ្មែរស្លាប់ជាច្រើនម៉ឺនសែននាក់ បំផ្លិចបំផ្លាញផ្ទះសម្បែងផលដំណាំប្រជាពលរដ្ឋ ខ្មែរជាច្រើនដោយសារតែការ ទម្លាក់គ្រាប់បែករបស់ខ្លួនប្រមាណ ៣លានតោនអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៦០ និងដើមទសវត្សរ៍ឆ្នាំ ១៩៧០ សូម្បីពាក្យសុំទោសមួយម៉ាត់ ក៏អាមេរិកមិនបានថ្លែងចំពោះមុខប្រជាពលរដ្ឋខ្មែរឡើយ! នេះពិតជារឿងចម្លែក ប៉ុន្តែវាមានហេតុផលរបស់វា។
ទិត រ៉ន គឺជាកូនសកម្មជនខ្មោចគណបក្សសង្គ្រោះជាតិនៅ ក្នុងខេត្តកំពង់ចាម។ ទិត រ៉ន ដែលជាទណ្ឌិតត្រូវបានកាត់ទោសពីបទបង្កហិង្សាដោយចេតនានៅឆ្នាំ២០១៥ ហើយត្រូវបានចាប់ខ្លួនតាមសាលដីកានៅខែមេសា ឆ្នាំ២០១៩ ហើយតាមការបញ្ជាក់ ទិត រ៉ន ជាប្រភេទមនុស្សញៀនស្រា និងញ័រដៃញ័រជើង ក៏បានដួលក្នុងបន្ទប់ទឹកបោកក្បាល ស្លាប់ប៉ុន្មានថ្ងៃក្រោយមក។ ប៉ុន្តែដូចជាទម្លាប់ក្រុមប្រឆាំង ពិតជាមានជំនាញនិងអាជីពខ្ពស់ក្នុងការធ្វើអាជីវកម្មសាកសព និងពូកែទាញទៅជារឿងនយោបាយ សូម្បីពេលខ្លះ ឆ្កែសកម្មជនស្លាប់ក៏ភ្ជាប់នឹងរឿងនយោបាយដែរ។ កាលដែលមន្ត្រីនាំពាក្យរបស់ក្រសូងការបរទេសហរដ្ឋអាមេរិក និងមន្ត្រីស្ថានទូតអាមេរិកនៅកម្ពុជា ចេញមកស្រែកឡូឡា កាងសាកសព ទិត រ៉ន បានបង្ហាញយ៉ាងច្បាស់ថា៖
ទី១៖ ទាញចំណេញនយោបាយពីខ្មោចដែលស្លាប់៖ នេះជាជំនាញរបស់ក្រុមប្រឆាំងដែលបានធ្វើជាយូរមកហើយ ខណៈខ្លួនកំពុងលត់ជង្គង់អង្វរបរទេសឱ្យបំផ្លាញកម្ពុជាតាម រយៈការដកប្រព័ន្ធអនុគ្រោះពន្ធក្នុងចេតនាសម្លាប់សេដ្ឋកិច្ចកម្ពុជា មូរ សុខហួរ ដែលសមគំនិតជាមួយ សម រង្ស៊ី និងអេង ឆៃអ៊ាង ប្លន់ខ្មោចបក្សសង្គ្រោះជាតិពី កឹម សុខា ឱ្យ សម រង្ស៊ី គ្រប់គ្រង បានព្យាយាមបញ្ចុះបញ្ចូលមន្ត្រីក្រសួងការបរទេសអាមេរិកត្រចៀកស និងមានគំនិតឈ្នានីសនឹង កម្ពុជាឱ្យចេញសេចក្តីថ្លែងការណ៍និយាយពីការស្លាប់របស់ ទិត រ៉ន ដើម្បីបង្កើតស្នាដៃផង និងដើម្បីចិញ្ចឹមចលនាឧទ្ទាមខុសច្បាប់របស់ពួកគេផងថា ទោះបីជាគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយក៏ពិតមែន តែសកម្មភាពនៅ តែមាន និងបន្តឈឺឆ្អាលដល់សកម្មជនរបស់ខ្លួនដដែល។
នេះគឺជារូបភាពមួយដែលក្រុមបក្សប្រហារដឹកនាំដោយ សម រង្ស៊ី តែងតែព្យាយាមបញ្ចេញសំឡេង កុំឱ្យគេភ្លេចមុខ និងភ្លេចសំឡេង និងព្យាយាមបង្កើតឈុតឆាកសម្តែងផ្សេងៗ ដូចជា ការគំរាមកំហែង ការញុះញង់ជាដើមដើម្បីតេស្តកម្លាំងផង និងបង្ហាញថាខ្លួនពិតជាតួអង្គសំខាន់ក្នុង នយោបាយកម្ពុជា។ ប៉ុន្តែតាមពិត គ្រាន់តែជាការព្យាយាមដ៏គ្មានន័យ និងគ្មានការចាប់អារម្មណ៍មួយប៉ុណ្ណោះ។ អ្វីដែលក្រុមប្រឆាំងដឹកនាំដោយមេឧទ្ទាមខុសច្បាប់ កំពុងធ្វើគឺជាការទ័លច្រក អស់ផ្លូវ និងគ្មានសង្ឃឹមក្នុងភាពអស់សង្ឃឹម។ ដូច្នេះ ពួកគេព្យាយាមចាប់ឱកាស ប្រសិនបើ មានអ្វីអាចទាញចំណេញនយោបាយបាន សូម្បីខ្មោចឆ្កែសកម្មជន ក៏ត្រូវតែដណ្តើមយកប្រៀប ប្រកាសថាខ្លួនឈ្នះ នៅលើសមរភូមិសាធារណៈមតិដែរ ទោះបីវាជាជ័យជម្នះខ្យល់ក៏ដោយ។
ទី២៖ កូនចៅអាយ៉ងរបស់ខ្លួនស្លាប់ ម្ចាស់ពិតជាឈឺចាប់៖ សេចក្តីថ្លែងការណ៍របស់មន្ត្រីក្រសួងការបរទេសអាមេរិក និងបន្ទរដោយមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា គឺជាការជ្រៀតជ្រែកនយោបាយក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា និងរំលោភលើអធិបតេយ្យភាពជាតិខ្មែរក្នុងនាមកម្ពុជាជារដ្ឋអធិបតេយ្យ និងឯករាជ្យមួយ។ ប៉ុន្តែប្រសិនបើគេពិនិត្យលើ ពាក្យពេចន៍របស់ កឹម សុខា អំពីតួនាទីរបស់អាមេរិកចំពោះគណបក្សសង្គ្រោះជាតិ និងការគាំទ្រផែនការបដិវត្តន៍ពណ៌ ព្រមទាំងទង្វើលក់ក្បាលឱ្យបរទេសរបស់ក្រុមជនក្បត់ជាតិ មួយចំនួន ការចេញសេចក្តីថ្លែងការណ៍របស់មន្ត្រីក្រសួងការបរទេសអាមេរិក និងមន្ត្រីស្ថានទូតអាមេរិកនៅកម្ពុជា គឺជាការឈឺចាប់ក្នុងនាមជាឪរបស់ក្រុមបក្សប្រឆាំង។ ម្យ៉ាង ការចេញសេចក្តីថ្លែងការណ៍ទាំងងឹតងងល់ទៅតាមតែការញុះញង់អុជអាលរបស់ក្រុមជនក្បត់ជាតិនេះ ត្រូវបានគេមើលឃើញថា អាចជាយុទ្ធវិធីមួយដុតកំហឹងមហាជន ស្របតាមវិធីសាស្ត្រនៃការធ្វើបដិវត្តន៍ពណ៌ដែលពួកគេធ្លាប់បានធ្វើដោយជោគជ័យ នៅតាមបណ្តាប្រទេសមួយចំនួនដោយយករឿងបុគ្គលម្នាក់មកដុតកំហឹងពលរដ្ឋមួយចំនួន បង្កើតជាភ្នក់ភ្លើងគំនុំសងសឹក ទាញការចាប់អារម្មណ៍ក្នុងយុទ្ធសាស្ត្រផ្លាស់ប្តូររបបដឹកនាំ។
ប៉ុន្តែមន្ត្រីសហរដ្ឋអាមេរិកមួយចំនួនដែលមានចិត្តបំផ្លាញកម្ពុជាតាមបដិវត្តន៍ពណ៌ គួរទទួលស្គាល់ការពិតថាខ្លួនបានបរាជ័យយ៉ាងអាម៉ាស់ក្នុងផែនការបដិវត្តន៍ពណ៌នៅកម្ពុជា ដោយសារតែមាត់ចង្រៃរបស់ កឹម សុខា នៅមិនសុខ ក៏និយាយសារភាពបកអាក្រាតអស់រលីងថា អាមេរិកជាអ្នកជួយខ្លួន និងគណបក្សសង្គ្រោះជាតិដើម្បីផ្លាស់ប្តូររបបដឹកនាំ ដូចដែលអាមេរិក បានធ្វើនៅអតីតប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី។ ផែនការនេះក៏ត្រូវបានវាយកម្ទេច ហើយអង្គការចាត់តាំងផ្នែកនយោបាយដើម្បីអនុវត្តផែនការបដិវត្តន៍ពណ៌ គឺគណបក្សសង្គ្រោះជាតិក៏ត្រូវបានរំលាយដោយច្បាប់ ហើយមេក្លោងនៃបដិវត្តន៍ពណ៌ត្រូវបានចាប់ខ្លួន និងខ្លះទៀតបានរត់ចោលស្រុក។
ចំពោះមុខនៃការគំរាមកំហែងមកលើសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជានេះ ប្រជាពលរដ្ឋខ្មែរដែលឈរជ្រោងទង់ជាតិកម្ពុជារួមនឹងរាជរដ្ឋាភិបាលកម្ពុជាប្រឆាំងដាច់ខាត ចំពោះការលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាពីជនបរទេស និងទោះក្នុងតម្លៃណាក៏ដោយ កម្ពុជានឹងមិនអនុញ្ញាតឱ្យជនមួយក្តាប់តូចយកពលរដ្ឋខ្មែរធ្វើជាចំណាប់ខ្មាំង បំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជារកបានមកដោយពិបាកនេះទេ។ កម្ពុជាប្រកាន់នូវនយោបាយការទូតមួយដោយឈរលើគោលការណ៍ស្មើភាពនិងស្មើសិទ្ធិ ព្រមទាំងគោរពគោលការណ៍ អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ និងសន្តិសហវិជ្ជមាន។ កម្ពុជាមិនយកប្រទេសណាមួយជាសត្រូវឡើយ និងប្រកាន់នូវនយោបាយពង្រីកមិត្តខាងក្រៅ។ កម្ពុជាគោរពអាមេរិក ក្នុងនាមជាប្រទេសអធិបតេយ្យ និងឯករាជ្យដូចគ្នា ហើយអាមេរិកក៏គួរគោរពប្រទេសកម្ពុជាដូចគ្នាវិញ ក្នុងនាមជាប្រទេសដែលតាំងខ្លួនជាបិតាប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សព្រោះអាមេរិកមិនមែនជាឪរបស់កម្ពុជាទេ តែអាចជាឪរបស់ក្រុមប្រឆាំង។
ទី៣៖ សីលធម៌របស់ប្រទេសមហាអំណាច៖ តាមពិតប្រសិនបើខ្ញុំជាមន្ត្រីរបស់ក្រសួងការបរទេសអាមេរិក ឬជាមន្ត្រីជាជនជាតិអាមេរិក ឬជនជាតិខ្មែរស៊ីប្រាក់ខែអាមេរិក ខ្ញុំនឹងមិនអាចសរសេររឿងឥតប្រយោជន៍ និងមានលក្ខណៈជ្រៀតជ្រែកនយោបាយផ្ទៃក្នុងប្រទេសមួយបានទេ ហើយកាន់តែមិនអាចធ្វើរួចទៀតការចេញសេចក្តីថ្លែងការណ៍ឡូឡា ពីការស្លាប់មនុស្សម្នាក់ ដែលត្រូវបានតុលាការរកឃើញថា មានពិរុទ្ធភាព និងជាអ្នកញៀនស្រាស្លាប់ដោយហេតុផលផ្សេង មកធ្វើជារឿងធំ ស្រែកឆោឡោឱ្យរដ្ឋាភិបាលនៃ រដ្ឋអធិបតេយ្យមួយ មើលតែខ្លួនជាម៉ែឪរបស់គេ ខណៈប្រទេសកម្ពុជាដែលអាមេរិកកំពុងបង្ហាញក្តីស្រឡាញ់សិប្បនិមិត្តនេះធ្លាប់រងគ្រោះ ដោយសារតែនយោបាយជ្រៀតជ្រែករបស់ខ្លួន និងជាពិសេសគឺមានពលរដ្ឋរាប់ម៉ឺនសែននាក់ស្លាប់ដោយសារតែការទម្លាក់គ្រប់បែករបស់ខ្លួន។
ទំនងអាចប្រជាពលរដ្ឋខ្មែរសះស្បើយផ្លូវចិត្តខ្លះពីទង្វើបំពានច្បាប់ និងឧក្រិដ្ឋកម្មរបស់ខ្លួន ប្រសិនបើមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ឬមន្ត្រីស្ថានទូតអាមេរិកនៅកម្ពុជាចេញ សេចក្តីថ្លែងការណ៍សុំទោស ឬទទួលកំហុសចំពោះការទម្លាក់គ្រាប់បែកប្រមាណ៣លានតោន លើក្បាលពលរដ្ឋខ្មែរ និងសងការខូចខាត ព្រមទាំងទទួលខុសត្រូវក្នុងការ បោសសម្អាតកាកសំណល់សង្គ្រាមរបស់ខ្លួនចេញពីកម្ពុជាជាពិសេសគ្រាប់បែកបេ៥២ និងគ្រាប់បែកចង្កោមដែលអាមេរិកបានទម្លាក់កាលពីអតីតកាល ជួយសង្គ្រោះជីវិតពលរដ្ឋខ្មែរជាច្រើននាក់ ដែលបានស្លាប់ដោយសារតែកាកសំណល់សង្គ្រាមរបស់ខ្លួន ទំនងវាល្អប្រសើរជាង។
បើអាមេរិកពិតជាស្រឡាញ់ខ្មែរមែនយកចិត្តទុកដាក់មែន អាមេរិកក៏គួរចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយពេលពលរដ្ឋខ្មែររងគ្រោះ ឬស្លាប់ដោយសារតែកាកសំណល់គ្រាប់បែកខ្លួនផង។ បើពិតជាស្រឡាញ់ខ្មែរមែនក្រុមមន្ត្រីប្រឆាំងដូចជា មូរ ហួរ ដែលពូកែញុះញង់ ធ្លាប់មានស្វាមីជាជនជាតិអាមេរិកកាំង គួរស្នើឱ្យអាមេរិកសុំទោសកម្ពុជា លើរឿងទម្លាក់គ្រាប់បែកសម្លាប់ពលរដ្ឋខ្មែរនាពេលកន្លងមកល្អជាង។
ប៉ុន្តែរយៈពេលកន្លះសតវត្សរ៍ទៅហើយ សូម្បីពាក្យសុំទោស ឬសោកស្តាយមួយម៉ាត់ ពលរដ្ឋខ្មែរជាជនរងគ្រោះនៃគ្រាប់បែករបស់អាមេរិក មិនដែលឮផង និងបានបង្ហាញឫកខែងរ៉ែងចង់ម្ធ្វើជាចៅហ្វាយកម្ពុជាទេ។ នេះឬជាសីលធម៌នៃអរិយប្រទេស និងតាំងខ្លួនជាបិតាសិទ្ធិមនុស្សនោះ?
តាមពិតពលរដ្ឋខ្មែរពិតជាដឹងច្បាស់ណាស់ថា ការចេញសេចក្តីថ្លែងការណ៍របស់មន្ត្រីក្រសួងការបរទេសអាមេរិក និងបន្ទរដោយមន្ត្រីស្ថានទូតអាមេរិកនៅកម្ពុជា គឺជាល្បិចកលក្នុង យុទ្ធសាស្ត្របង្កើតចលាចល ញុះញង់បញ្ឆេះកំហឹងពលរដ្ឋក្នុងផែនការបដិវត្តន៍ពណ៌ប៉ុណ្ណោះនិងជារបៀបនៃការបង្ហាញការឈឺចាប់របស់ឪក្រុមប្រឆាំងក្បត់ជាតិ៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ, រាត្រីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩