(ភ្នំពេញ)៖ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ និងជាអតីតថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូប នៅក្នុងអតីតគណបក្សសង្គ្រោះជាតិ លោក គង់ គាំ បានបន្ដបាញ់សារនយោបាយធ្ងន់ៗ ទៅទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់ចោលស្រុក តាមរយៈការអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ សូមកុំឲ្យជឿ កុំឲ្យចាំ និងកុំឲ្យជួយដល់ក្រុមលោក សម រង្ស៊ី ដែលបានចាត់ទុកថា ជាក្រុមមនុស្សខូច ព្រោះ សម រង្ស៊ី ជាអ្នកសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជាយូរមកហើយ។
ជាមួយគ្នានេះអ្នកនយោបាយដែលដៃគូរធ្លាប់ចាក់ទឹកមិនលិចម្នាក់ ជាមួយលោក សម រង្ស៊ី ក៏នៅតែប្រកាសជំនឿ និងស្រែកខ្លាំងៗថា ការប្រកាសវិលចូលស្រុករបស់ សម រង្ស៊ី គឺមិនអាចទៅរួចនោះទេ ព្រមទាំងលើកឡើងពីលទ្ធភាពដែលមិនអាចមានទាល់តែសោះ ដែលបុគ្គលសម រង្ស៊ី ធ្លាប់បានប្រកាសថា លើកនេះវិលចូលប្រទេសកម្ពុជាវិញ មិនមែនឲ្យសម្ដេចតេជោ ហ៊ុន សែន ចាប់នោះទេ គឺគាត់ជាអ្នកទៅចាប់សម្ដេចតេជោ ហ៊ុន សែន វិញ ដែលវាមិនអាចទៅរួចរាល់តែសោះ។
នៅក្នុងពិធីអបអរសាទរខួបមួយឆ្នាំ នៃការបង្កើតគណបក្សឆន្ទៈខ្មែរ និងសមាជវិសាមញ្ញ ដែលប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ ស្ថិតនៅទីស្នាក់កណ្ដាលគណបក្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន អតីតប្រធានគណបក្ស សម រង្ស៊ី បានស្រែកខ្លាំងៗបញ្ជូនពាក្យបីមាត់ទៅកាន់ សម រង្ស៊ី ថា «កុំជឿ កុំចាំ កុំជួយ ក្រុមមនុស្សខូច កុំសម្រួចឈើពុក ពួកនោះសុទ្ធតែពួកពុកខូចអស់ហើយ»។
ជាមួយគ្នានេះ នៅចំពោះមុខសមាជិករបស់ខ្លួនជាច្រើននាក់ ដែលលោកបានចាត់ទុកថា ជាអតីតមន្ដ្រីគណបក្សសង្គ្រោះជាតិ ដែលជាអ្នកនយោបាយជំនាន់ថ្មី លោក គង់ គាំ ក៏បានចាត់ទុកថា បុគ្គល សម រង្ស៊ី គឺជាអ្នកសម្លាប់ប្រជាធិបតេយ្យតាំងពីដើមមកនៅក្នុងប្រទេសកម្ពុជា ហើយក្នុងនាមគណបក្សឆន្ទៈខ្មែរ លោកបានប្រកាសថា មិនបានសម្លាប់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដូចក្រុមសម រង្ស៊ី ដែលអំពាវនាវឲ្យដេកចាំផ្ទះមិនទៅបោះឆ្នោតនោះឡើយ ពោលគណបក្សឆន្ទៈខ្មែរ ជាអ្នកចូលរួមបន្ដឲ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស តាមរយៈការរៀបចំបោះឆ្នោតជាទៀតទាត់ ក្នុងរយៈពេល៥ឆ្នាំម្ដង។
លោក គង់ គាំ ក៏បាននិយាយត្រង់ៗថា ក្រុមសម រង្ស៊ី ពោលសម្ដៅទៅលើអតីតគណបក្សសង្គ្រោះជាតិទាំងមូល ចង់បំផ្លាញការបោះឆ្នោតកាលពីឆ្នាំ២០១៨កន្លងទៅ។
ប្រធានកិតិ្ដយសគណបក្សដែលមានអាយុកាលមួយឆ្នាំមួយនេះ នឹងមានកូនប្រុសរបស់លោកជាប្រធានគណបក្ស បានបញ្ជាក់នៅមុខសមាជិករបស់ខ្លួន យ៉ាងដូច្នេះថា «អតីតគណបក្សសង្គ្រោះជាតិ ខំរារាំង ខំបំផ្លាញការបោះឆ្នោតឆ្នាំ២០១៨ អត់ប្រយោជន៍ទេ ឥលូវនេះកាលពីឆ្នាំ២០១៨ គេធ្វើមហាបាតុកម្ម ភ្លើងទានលើកទី១ នៅកូរ៉េខាងត្បូង ដើម្បីបដិសេធការបោះឆ្នោតឆ្នាំ២០១៨ ហើយថ្មីៗនេះ គេធ្វើមហាបាតុកម្ម ភ្លើងទាននៅកូរ៉េខាងត្បូងលើទី២ ដើម្បីបំផ្លាញការបោះឆ្នោតឆ្នាំ២០១៩នេះ។ ភ្លើងទានរលត់ រលាយ ហើយពួកគេកំពុងបែកខ្ចាត់ខ្ចាយអស់ហើយ»។
ជាការកត់សម្គាល់លោក គង់ គាំ ដែលជាអ្នកដឹងចិត្តសម រង្ស៊ី និងយុទ្ធសាស្ដ្រ សម រង្ស៊ី ខ្លាំងជាងគេ ព្រោះតែធ្លាប់ជាដៃគូរនយោបាយយូរឆ្នាំមកនោះ តែងតែទម្លាយ និងវាយប្រហារទណ្ឌិត សម រង្ស៊ី ជាបន្ដបន្ទាប់ និងអំពាវនាវដល់ប្រជាពលរដ្ឋ ដល់សកម្មជនដែលធ្លាប់គាំទ្រអតីតបក្សប្រឆាំងនេះ ឈប់គាំទ្រការដឹកនាំរបស់សម រង្ស៊ី តទៅទៀតដែលនាំឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ជាតិមាតុភូមិ៕