(ភ្នំពេញ)៖ យុវជន ឈុន ឌីម៉ី ហៅ Dymey-Cambo ជាអ្នកចម្រៀងរ៉េប បទ «សង្គមនេះ» ដែលត្រូវបាន សម រង្ស៊ី យកចម្រៀងរបស់លោកទៅបង្ហោះលើ Facebook ក្នុងគោលបំណងវាយប្រហាររាជរដ្ឋាភិបាល, ដោយនៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ យុវជន ឈុន ឌឺម៉ី តាមរយៈការផ្សាយផ្ទាល់លើ Fresh News ពីទឹកដីខេត្តសៀមរាប បានប្រកាសថ្កោលទោស សម រង្ស៉ី ដែលបានរំលោភលើសិទ្ធិរបស់លោក ។
លោក ឈុន ឌីម៉ី សូមប្រកាសទាមទារឲ្យលោក សម រង្ស៊ី លុបវិដេអូចម្រៀងរបស់គាត់ចេញពី Facebook និងសុំទោសលោក ព្រមទាំងទាមទារឲ្យលាងភាពស្អាតស្អំ របស់លោកវិញ ព្រោះលោកមិនពាក់ព័ន្ធនឹងនយោបាយនោះទេ ពោលគឺលោក សម រង្ស៊ី ត្រូវប្រកាសថា លោក ឈុន ឌីម៉ី មិនមែនជាអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិ និងជាអ្នកគាំទ្រ សម រង្ស៊ី នោះទេ។ លោក ឈុន ឌីម៉ី បានបញ្ជាក់បានអះអាងថា ប្រសិនបើលោក សម រង្ស៉ី មិនលុបវិដេអូចេញទេនោះលោកនឹង ប្រកាសទាមទារតាមរយៈ Facebook របស់លោករហូតដល់ទាល់តែ សម រង្ស៊ី លុបបទចម្រៀងចេញពី Facebook។
លោក ឈុន ឌីម៉ី ក៏បានប្រកាសទាមទារឲ្យទណ្ឌិត សម រង្ស៊ី គោរពសិទ្ធិប្រជាពលរដ្ឋ ជាពិសេសយុវជនមុននឹងធ្វើអ្វីមួយ។
សូមជំរាបថា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩កន្លងទៅថ្មីៗ ទណ្ឌិត សម រង្ស៊ី បានយកវិដេអូបទចម្រៀងរ៉េប «សង្គម» ទៅបង្ហោះនៅលើ Facebook ក្នុងគោលបំណងវាយប្រហារលើរាជរដ្ឋាភិបាល។ ការបង្ហោះវិដេអូនេះលោក សម រង្ស៊ី មិនបានសុំការអនុញ្ញាតពីម្ចាស់បទចម្រៀងនោះឡើយ។
សូមស្តាប់ការលើកឡើងរបស់យុវជន ឈុន ឌីម៉ី ដែលជាម្ចាស់ចម្រៀងនេះរ៉េបឈ្មោះ «សង្គមនេះ»៖