(កំពត)៖ ការបោះបង្គោលនៅក្នុងទឹកសមុទ្រ ដែលត្រូវបានគេយកទៅបង្ហោះនៅលើបណ្ដាញសង្គម Facebook ហើយទទួលការរិះគន់យ៉ាងខ្លាំង និងថា កើតឡើងនៅក្នុងទឹកដីខេត្តកំពតនោះ ត្រូវបានអភិបាលខេត្ត បញ្ជាឲ្យមន្ដ្រីចុះទៅស្រាវជ្រាវករណីនេះជាបន្ទាន់។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ អភិបាលខេត្ដកំពត លោក ជាវ តាយ បានបញ្ជាក់ថា ករណីនេះលោកបានទទួលព័ត៌មាន និងរូបភាពពីមន្ត្រីបរិស្ថាន ប៉ុន្ដែមិនទាន់ដឹងនៅចំណុចទីតាំងណាឲ្យពិតប្រាកដនោះទេ។
ពាក់ព័ន្ធករណីនេះ អភិបាលខេត្តកំពត បានបញ្ជាក់ពីចំណាត់ការថា «បើសិនរកឃើញ និងស្រាវជ្រាវទៅពិតជាខុសច្បាប់មែននោះ នឹងឲ្យដកបង្គោលនោះចេញជាបន្ទាន់ ពីព្រោះគ្មានបុគ្គលណាមានសិទ្ធិទៅបោះបង្គោលវាទទីនៅក្នុងទឹកសមុទ្រនោះឡើយ»។
ដោយឡែកប្រធានមន្ទីររៀបចំដែន នគរូបនីយកម្ម និងសំណង់ ខេត្តកំពត លោក យិន វុធ ក៏បានបញ្ជាក់ផងដែរថា នៅពេលនេះ លោកបានឲ្យមន្ដ្រីចុះទៅស្រាវជ្រាវហើយ ដើម្បីមានវិធានការបន្ដទៀត។
ចំណែកមន្ដ្រីជាន់ខ្ពស់មួយរូបនៅខេត្តកំពត ក៏បានឲ្យដឹងថា ការបោះបង្គោលនេះមិនមែនទើបតែកើតឡើងថ្មីៗនោះទេ ពោលតាំងពីជំនាន់អភិបាលខេត្តកំពត លោក ខូយ ឃុនហួរ មកម្ល៉េះ ហើយការបោះបង្គោលនេះអាចជាដីឯកជនមានប្លង់ ប៉ុន្ដែដោយសារតែទឹកជោរ (ទឹកឡើងខ្លាំង) មើលឃើញរូបភាពយ៉ាងដូច្នេះ។
យ៉ាងណាក៏ដោយមន្ដ្រីរូបនេះ បានបញ្ជាក់ថា ដីតំបន់ខាងលើខ្លះក៏មានប្លង់ ខ្លះក៏អត់មានប្លង់ ហើយម្ចាស់ដីក៏សុទ្ធតែមន្ដ្រីគ្រាក់ៗទៀតផង។
សម្រាប់ករណីនេះ ប្រជាពលរដ្ឋកំពុងតែរង់ចាំការពន្យល់ជាផ្លូវការពីអាជ្ញាធរជៀសវាងមានការភ័ន្ដច្រឡំ ឬយល់ខុសដោយប្រការណាមួយ៕