(ភ្នំពេញ)៖ ក្រុមហ៊ុន Cellcard បាននាំយកហ្គេមទូរស័ព្ទដ៏ធំបំផុត នៅក្នុងតំបន់ Mobile Legends Southeast Asia Cup មកកាន់ប្រទេសកម្ពុជា។ ការប្រកួតវគ្គជម្រុះរបស់ Mobile Legends Southeast Asia Cup បានប្រារព្ធធ្វើឡើង នៅថ្ងៃសៅរ៍ទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅចន្លោះម៉ោង១០ព្រឹក រហូតដល់ម៉ោង០៧៖០០យប់ នៅផ្សារអ៊ីអនម៉លសែនសុខ។

ក្រុមចូលរួមលេងទទួលបានរង្វាន់ធំ រហូតដល់៦,០០០ដុល្លារអាមេរិក និងរង្វាន់ដែលមានពី Cellcard Play មានដូចជា Samsung Galaxy S10 + និង រង្វាន់ហ្គេមដូចជា Mobile Legends skin packs, diamonds និងរបស់របរផ្សេងៗទៀតជាច្រើន។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បានថ្លែងថា «យើងបាននាំយកការប្រកួតនេះ មកប្រទេសកម្ពុជា ក្នុងគោលបំណងបង្កើតបទពិសោធន៍ លេងហ្គេមដ៏គួរឲ្យរីករាយមួយ សម្រាប់អ្នកលេងហ្គេម ដែលសុទ្ធសឹងជាយុវជនវ័យក្មេង និងអ្នកគាំទ្ររបស់ Mobile Legends នៅក្នុងប្រទេស»

លោក Ian Watson បានបន្ថែមទៀតថា យុវជនវ័យក្មេងរបស់កម្ពុជា រាប់ពាន់នាក់បានបង្ហាញខ្លួន និងចូលរួមនៅក្នុងការប្រកួត។ វាគឺជាការប្រកួតលេងហ្គេមធំបំផុត ដែលមិនធ្លាប់មាន នៅក្នុងប្រទេសកម្ពុជា។

លោកបានបន្តថា «នៅក្នុងការប្រកួតនេះ យើងមានដាក់រៀបចំស្តង់ ដែលមានផ្តោតសំខាន់លើហ្គេម និងផ្តល់ជូនបទពិសោធន៍បច្ចេកវិទ្យា VR និង AR សម្រាប់អ្នកទាំងអស់គ្នា ដែលចង់សាកល្បង។ ថ្មីៗនេះ Cellcard ក៏បានចាប់ដៃគូជាមួយក្រុមហ៊ុន Netease Games កាលពីនៅខែមីនា ឆ្នាំ២០១៩ ដើម្បីនាំយក Rule of Survival (ROS) ដែលជាហ្គេមមួយ ដែលមានប្រជាប្រិយបំផុត នៅទូទាំងពិភពលោក»

ជាមួយអ្នកលេងជាង១.១លាននាក់រៀងរាល់ខែ និងកំណើនអ្នកលេខថ្មី ៥០ម៉ឺននាក់រាល់ខែ អ្នកបង្កើតហ្គេមនេះ មើលឃើញទីផ្សារកម្ពុជា គឺជាទីតំាងព្រំដែនបន្ទាប់របស់ខ្លួន។ ពួកគេ គឺកំពុងតែរៀបចំ ឲ្យមានមាតិកាថ្មីៗ ការផ្សព្វផ្សាយ និងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិក និងការប្រកួត នៅក្នុងប្រទេស។

សូមជម្រាបថា Mobile Legends: Bang Bang ត្រូវបានបង្កើតឡើង ជាពិសេសសម្រាប់ហ្គេម លេងក្នុងទូរស័ព្ទដៃ នៅក្នុងឆ្នាំ២០១៦ ហើយអាចដំណើរការលើប្រព័ន្ធ iOS និង Android ។ វាគឺជាការប្រកួតច្រើននាក់ ដែលមានក្រុមប្រឆាំងពីរប្រកួតប្រជែង នៅក្នុងសមរភូមិ ដើម្បីបំផ្លាញមូលដ្ឋានសត្រូវ ខណៈដែលពួកគេការពារខ្លួនឯង។

វាបានក្លាយទៅជាប្រភេទហ្គេម ដ៏ពេញនិយមបំផុតមួយ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅអាស៊ីអាគ្នេយ៍។ ហ្គេមនេះ គឺលេងដោយឥតគិតថ្លៃ សម្រាប់អ្នកប្រើទូរស័ព្ទដៃ ដែលមានភាពងាយស្រួល ចូលលេងបានច្រើន បើប្រៀបធៀបទៅ នឹងហ្គេមផ្សេងទៀត៕