(ព្រៃវែង)៖ «តម្លៃនៃការចងចាំរឿងរ៉ាវពីអតីតកាល គឺជាមេរៀនពិសោធន៍ដើម្បីការកសាងអនាគតភ្លឺស្វាងសម្រាប់មនុស្សជំនាន់នេះនិងជំនាន់ក្រោយទៀត»។ នេះជាខ្លឹមសារសំខាន់នៃមតិសំណេះ សំណាលរបស់លោក ព្រុំ សុខា ប្រធានក្រុមការងារចុះជួយស្រុកបាភ្នំ ជាមួយតំណាងប្រជាពលរដ្ឋមកពីឃុំទាំង៩ ក្នុងស្រុក និងមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រមាណ១១០០នាក់ ដែលបានមកជួបជុំគ្នាក្នុងពិធីរំលឹកទិវាជាតិនៃការ ចងចាំ ២០ឧសភា កាលពីព្រឹកថ្ងៃទី២០ ឧសភា ឆ្នាំ២០១៩នេះ នៅក្នុងបរិវេណវត្តកកោះជ្រុំ ឃុំស្ពឺ (ក)។

ការប្រារព្វពិធីនេះ បានរៀបចំប្រព្រឹត្តទៅយ៉ាងមហោឡារិក ដោយចាប់ផ្តើមជាមួយនឹងដំណើរការ កម្មវិធីតាមប្រពៃណីព្រះពុទ្ធសាសនាមានជាអាទិ៍ កិច្ចបង្សុកូលរាប់បាត្រប្រគេនព្រះសង្ឃ និងការអានវិយោគកថាគោរពឧទ្ទិសវិញ្ញាណក្ខន្ធដល់បុព្វបុរស និងជនរួមជាតិដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍។

នាឱកាសនោះដែរ ក្រុមការងារក៏បានចូលរួមវិភាគទានបច្ច័យចំនួនជិត២០លានរៀល សម្រាប់ការកសាងបូជនីយដ្ឋានរំលឹកដល់វិញ្ញាណក្ខន្ធអ្នករងគ្រោះ ព្រោះសូមបញ្ជាក់ថា កន្លែងប្រារព្វពិធីដែលជាទីអារាមវត្តកកោះជ្រុំនាពេលសព្វថ្ងៃនេះ កាលពីអតីតកាល គឺជាកន្លែងឃុំឃាំង (មន្ទីរសន្តិសុខស្រុក) ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៕