(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តព្រះសីហនុ បានប្រារព្ធទិវាជាតិ នៃការចងចាំ ២០ឧសភា ដោយបាននិមន្តព្រះសង្ឃ រាប់បាត្រ បង្សុកូលជូនវិញ្ញាណក្ខ័ន្ធជនរងគ្រោះ ដែលបានស្លាប់ក្នុងរបបប្រលយ័ពូជសាសន៍ប៉ុល ពត។ ពិធីនេះ ក៏មានកម្មវិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានស្លាប់ក្នុងសម័យអាវខ្មៅដ៏យង់ឃ្នងព្រៃផ្សៃនោះផងដែរ។

នាឱកាសនោះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ត្រូវចូលរួមថែរក្សាសន្តិភាព សិទ្ធិសេរីភាពដែលកម្ពុជា កំពុងមានពេញលេញសព្វថ្ងៃនេះ ឲ្យបានគង់វង្សយូរអង្វែង ទៅថ្ងៃអនាគតជានិរន្តរ។ លោកបន្តថា ជារៀងរាល់ឆ្នាំនៅថ្ងៃ២០ ឧសភា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ជាថ្ងៃទិវាជាតិ នៃការចងចាំ ចំពោះរបបប្រល័យពូជសាសន៍ កម្ពុជាប្រជាធិបតេយ្យដែលបានកាប់សម្លាប់ប្រជាជនខ្មែរស្លូតត្រង់ អស់រាប់លាននាក់។

លោក យន្ត មីន បានបញ្ជាក់ថា ការប្រារព្ធពិធីរំលឹកទិវាជាតិ នៃការចងចាំថ្ងៃ២០ ឧសភានេះដែរ ក៏ក្នុងន័យដើម្បីរួមគ្នាទប់ស្កាត់មិនឲ្យ របបប្រល័យពូជសាសន៍មួយនេះ មិនឲ្យកើតមានជាថ្មីទៀតនៅកម្ពុជា។

បើតាមលោក យន្ដ មីន ការប្រារព្ធទិវាខាងលើនេះ គោលដៅចម្បងដើម្បីរំឭកពីការឈឺចាប់ជាប្រវត្តិសាស្ត្រ ក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលប្រជាពលរដ្ឋវ័យចំណាស់ បានឆ្លងកាត់នពីអតីតកាល និងត្រូវបានពួកអាវខ្មៅ កាប់សម្លាប់ធ្វើទារុណកម្មបំពាន លើសិទ្ធិសេរីភាពគ្រប់បែបយ៉ាង។

លោកអភិបាលខេត្តបន្តថា ទោះបីរបបនោះ បានដួលរលំអស់រយៈពេលជិត៤០ឆ្នាំក្តី ប៉ុន្តែការឈឺចាប់នៅក្នុងចិត្ត របស់បងប្អូនប្រជាពរដ្ឋខ្មែរ ដែលឆ្លងកាត់របបនោះ នៅតែចងចាំមិនអាចបំភ្លេចបានទេ អំពីការព្រាត់ប្រាស់ ការបាត់បង់ប្តីប្រពន្ធ កូន បងប្អូន ឪពុក ម្តាយ និងសាច់ញាតិជាទីស្រឡាញ់ របស់ខ្លួនដែលបានឃ្លាតចាកឆ្ងាយគ្នា គ្មានថ្ងៃនឹងជួបវិញឡើយ។

លោកសង្កត់ធ្ងន់ថា តិកតាងទាំងអស់នេះហើយ គឺជាស្លាកស្នាមជាប្រវត្តិសាស្ត្រ ដ៏ឈឺចាប់របស់ប្រទេសកម្ពុជា ដែលត្រូវបានពិភពលោកទាំងមូល បានធ្វើកំណត់ត្រាទុកថា គ្មានប្រទេសណាមួយបានឆ្លងកាត់ នូវដំណាក់កាលនយោបាយដ៏អាក្រក់ ដូចនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩នោះទេ៕