(ភ្នំពេញ)៖ យុវជន ឈុន ឌីម៉ី ហៅ Dymey-Cambo ជាអ្នកចម្រៀងរ៉េប ម្ចាស់បទ «សង្គមនេះ» នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ បានបន្តស្នើឱ្យទណ្ឌិត សម រង្ស៉ី អតីតមេដឹកនាំក្រុមប្រឆាំង ដកចម្រៀងរបស់លោក ចេញពី Facebook មេដឹកនាំក្រុមប្រឆាំងរូបនេះ ដើម្បីកុំឱ្យសាធារណជន មានការភាន់ច្រឡំថា លោកមានការពាក់ព័ន្ធនឹងរឿងនយោបាយ។
លោក ឌីម៉ី ហៅ Dymey-Cambo បានសរសេរនៅលើ Facebook របស់លោកយ៉ាងដូច្នេះថា៖ «ខ្ញុំតែនៅស្នើសុំឱ្យ លោកឯកឧត្តម សម រង្សី លុបចម្រៀងរបស់ខ្ញុំចេញពីគណនីហ្វេសប៊ុករបស់លោក ដើម្បីកុំឱ្យមហាជនយល់ច្រឡំ និងកុំឱ្យមានអ្នកលាបពណ៌ថា ខ្ញុំមានការទាក់ទិននឹង រឿងនយោបាយ។
សូមជំរាបថា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩កន្លងទៅថ្មីៗ ទណ្ឌិត សម រង្ស៊ី បានយកវិដេអូបទចម្រៀងរ៉េប «សង្គម» ទៅបង្ហោះនៅលើ Facebook ក្នុងគោលបំណងវាយប្រហារលើរាជរដ្ឋាភិបាល។ ការបង្ហោះវិដេអូនេះលោក សម រង្ស៊ី មិនបានសុំការអនុញ្ញាតពីម្ចាស់បទចម្រៀងនោះឡើយ។
ក្រោយការបង្ហោះនេះ យុវជន ឈុន ឌីម៉ី ហៅ Dymey-Cambo តាមរយៈការផ្សាយផ្ទាល់លើ Fresh News ពីទឹកដីខេត្តសៀមរាប បានប្រកាសថ្កោលទោស សម រង្ស៉ី ដែលបានរំលោភលើសិទ្ធិរបស់លោក ។
លោក ឈុន ឌីម៉ី បានប្រកាសទាមទារឲ្យលោក សម រង្ស៊ី លុបវិដេអូចម្រៀងរបស់គាត់ចេញពី Facebook និងសុំទោសលោក ព្រមទាំងទាមទារឲ្យលាងភាពស្អាតស្អំ របស់លោកវិញ ព្រោះលោកមិនពាក់ព័ន្ធនឹងនយោបាយនោះទេ ពោលគឺលោក សម រង្ស៊ី ត្រូវប្រកាសថា លោក ឈុន ឌីម៉ី មិនមែនជាអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិ និងជាអ្នកគាំទ្រ សម រង្ស៊ី នោះទេ។ លោក ឈុន ឌីម៉ី បានបញ្ជាក់បានអះអាងថា ប្រសិនបើលោក សម រង្ស៉ី មិនលុបវិដេអូចេញទេនោះលោកនឹង ប្រកាសទាមទារតាមរយៈ Facebook របស់លោករហូតដល់ទាល់តែ សម រង្ស៊ី លុបបទចម្រៀងចេញពី Facebook។
លោក ឈុន ឌីម៉ី ក៏បានប្រកាសទាមទារឲ្យទណ្ឌិត សម រង្ស៊ី គោរពសិទ្ធិប្រជាពលរដ្ឋ ជាពិសេសយុវជនមុននឹងធ្វើអ្វីមួយផងដែរ៕