(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតមួយសន្លឹក និងរៀបរាប់នូវសកម្មភាពដែលសម្តេចបានដឹកនាំសហការី ធ្វើដំណើរជាសម្ងាត់ទៅកាន់ប្រទេសថៃ ដែលជាការផ្សងព្រេងដ៏គ្រោះថ្នាក់ ដើម្បីស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជា។
សកម្មភាពធ្វើដំណើរជាសម្ងាត់របស់សម្តេចតេជោ និងសហការី ឆ្ពោះទៅកាន់ប្រទេសថៃ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៨៩ ទាំងគ្រោះថ្នាក់ ដោយសារកាលនោះ ផ្លូវដែលធ្វើដំណើរនោះសុទ្ធតែជាចំការមីន និងមានកងទ័ពត្រីភាគី ចាំវាយប្រហារគ្រប់ពេលវេលា។
សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា បំណងដែលសម្តេចចេញទៅប្រទេសថៃនៅពេលនោះ គឺជាការដាក់ចេញនូវនយោបាយមួយ គឺ «អាក្រិតូបនីយកម្មកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលថៃ» សំដៅទប់ស្កាត់នឹងកាត់បន្ថយការជួយរបស់ថៃ ចំពោះខ្មែរក្រហម និងត្រីភាគី។
សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់ក្នុង Facebook យ៉ាងដូច្នេះថា «រូបថតមួយសន្លឹកនេះ បើពិនិត្យឡើងវិញវាហាក់ដូចជាការផ្សងព្រេងដ៏មានគ្រោះថ្នាក់ តែសម្រាប់ខ្ញុំ និងសហការីគិតថា វាជាមោទនភាព ដែលយើងបានយកជីវិតទៅដូរយកសន្តិភាព សម្រាប់ប្រជាជនកម្ពុជា។
មានមនុស្សមិនច្រើនទេ ដែលដឹងរឿងនេះ សូម្បីតែខ្ញុំក៏ទើបរកឃើញរូបថតមួយសន្លឹក ដែលអតីតអ្នកកាសែតជនជាតិបែលហ្សិក បានប្រគល់ឲ្យខ្ញុំកាលពីថ្ងៃអាទិត្យនេះដែរ។
ថ្ងៃ១៩ កញ្ញា ឆ្នាំ១៩៨៩ ខ្ញុំ និងប្រតិភូបានធ្វើដំណើរជាសម្ងាត់ទៅកាន់ប្រទេសថៃ ដោយឆ្លងកាត់ស្ពានតាមផ្លូវរថភ្លើងនៅប៉ោយប៉ែត ដែលពេលនោះសងខាងផ្លូវ ទាំងខាងកម្ពុជា ទាំងខាងថៃសុទ្ធតែជាចំការម៉ីន។ ជាងនេះទៅទៀត នៅសងខាងផ្លូវប្រមាណ១គីឡូម៉ែត្រ គឺមានកងទ័ពត្រីភាគី ចាំវាយប្រហារគ្រប់ពេលមកលើកងទ័ពរដ្ឋកម្ពុជា ដែលនៅឈរជើងតាមផ្លូវជាតិលេខ៥។
ប៉ោយប៉ែតពេលនោះមានផ្ទះបែកបាក់តែមួយខ្នង នៅក្បាលស្ពានខាងកម្ពុជា ក្រៅពីនោះ គឺសុទ្ធតែព្រៃត្រែង។ យើងឆ្លងព្រំដែននៅម៉ោងប្រមាណ២រសៀល ដោយមិនទាន់ទទួលទានអាហារថ្ងៃត្រង់នៅឡើយ។ អ្នករួមដំណើរជាមួយខ្ញុំ ឆ្លងកាត់ស្ពាននេះមាន សម្តេច ទៀ បាញ់ ឯកឧត្តម ចម ប្រសិទ្ធ ឯកឧត្តម ចាន់ អ៊ាន ឯកឧត្តម ខាំពូន កែវមុនី និងឧត្តមសេនីយ៍ ឡុង សុភាព ដែលពេលនោះកាន់មុខតំណែង ជាមេបញ្ជការយោធភូមិភាគិទី៤ ដឹកនាំកម្លាំងការពារដំណើររបស់ខ្ញុំ (ឡុង សុភាព បានមរណភាពទៅហើយ)។ ក្រៅពីខាងកម្ពុជា មានឧត្តមសេនីយកងទ័ពថៃម្នាក់ឈ្មោះ ប៊ុន ឡត រួមដំណើរដើម្បីសម្រួលដំណើរយើងឆ្លងកាត់ព្រំដែន និងទំនាក់ទំនងជាមួយខាងភាគីថៃ។
តើជាបេសកម្មអ្វីទើបសម្ងាត់បែបនេះ? ខ្ញុំបានដាក់ចេញនូវនយោបាយមួយ គឺ «អាក្រិតូបនីយកម្មកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលថៃ» សំដៅទប់ស្កាត់នឹងកាត់បន្ថយការជួយរបស់ថៃ ចំពោះខ្មែរក្រហម និងត្រីភាគី ដូចនេះហើយទើបមានការជួបគ្នា ជាសម្ងាត់រវាងខ្ញុំជាមួយ ឯកឧត្តម ឆាវវ៉ាលិត យង់ឆៃយុទ្ធ ដែលជាមេទ័ពជើងគោក ដ៏មានឥទ្ធិពលរបស់ថៃ នៅថ្ងៃ២៧ តុលា ១៩៨៨ នៅទីក្រុងវៀងច័ន្ធ ប្រទេសឡាវ។ ឆ្លងកាត់ជំនួបនេះ ទើបមានទស្យនកិច្ចរបស់ខ្ញុំ ដោយបើកចំហរនាទីក្រុងបាងកក ខែមករា ១៩៨៩។
ខ្ញុំធ្វើដំណើរទៅបាងកកជាសម្ងាត់ នៅថ្ងៃទី១៩ កញ្ញា ១៩៨៩ ពេលនោះទាក់ទងរវាងសង្រ្គាម និងសន្តិភាពនៅកម្ពុជា ដែលអាចចាត់ទុកថាជាផ្នែកមួយ នៃការស្វែងរកសន្តិភាពសម្រាប់កម្ពុជា។
ខ្ញុំ និងប្រតិភូឆ្លងដែននៅម៉ោងប្រហែល២រសៀល ទៅបាយនៅអារញ្ញប្រាថេត ជាមួយអគ្គបញ្ជាការរងកងទ័ពថៃ រួចហើយបន្តដំណើរតាមឧទ្ធម្ភាគចក្រ ទៅទីក្រុងបាងកក ចរចារជាសម្ងាត់ជាមួយនាយករដ្ឋមន្ត្រីថៃ ឆាតឆៃ ឈុនហាវ៉ាន់ និងមេទ័ពជើងគោកថៃ ឆាវវ៉ាលិត យង់ឆៃយុទ្ធ នាល្ងាចថ្ងៃទី១៩ តុលា ១៩៨៩។ ទំនាក់ទំនងរវាងខ្ញុំជាមួយមេដឹកនាំថៃកាន់តែប្រសើរ ដែលនាំដល់ជោគជ័យនៃនយោបាយឈ្នះ-ឈ្នះ របស់ខ្ញុំនាពេលក្រោយមកទៀត»៕