(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវមានជំហររឹងមាំ ស្តាប់នូវបទបញ្ជា និងត្រូវមានភាពស្មោះត្រង់ជាមួយថ្នាក់ដឹកនាំរបស់ខ្លួន ជាពិសេស គឺការពារដាច់ខាតទៅលើរដ្ឋធម្មនុញ្ញ ការពារដាច់ខាតលើរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត។

លោក អ៊ុន ចាន់ដា បានលើកឡើងយ៉ាងដូចនេះ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោក រួមជាមួយលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទព័ជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ អញ្ជើញចូលរួមបើកវគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធីខ.គ ថ្មើរជើង និងយុទ្ធដំណើរទព័ឆ្នាំ២០១៩ របស់តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ។

លោក អ៊ុន ចាន់ដា លើកឡើងថា រយៈពេលប៉ុន្មានថ្ងៃនេះ មានក្រុមជនខិលខូចមួយចំនួន បានប្រើប្រាស់បណ្តាញសង្គមហ្វេកប៊ុក ក្លែងបន្លំហ្វេកប៊ុកសម្តេចពិជយ័សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ហ្វេកប៊ុក នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង វាយបកមករាជរដ្ឋាភិបាល ដែលនេះជាផែនការមួយ ធ្វើឱ្យមានការបែកបាក់ផ្ទៃក្នុង នៅក្នុងជួរកងកម្លាំង ជាពិសេសក្នុងជួរកងពល និងនាយទាហ៊ានរបស់យើង ពេលខ្លះយើងអត់បានចាប់អារម្មណ៍ស្មានថា ជាការពិត ឬក្លែងក្លាយ ទំរាំយើងដឹងការពិតសភាពការណ៍ទុំជ្រាយបាត់ទៅហើយ។

លោកអភិបាលខេត្តបានបន្តថា នេះជាឧបាយកលមួយ ដែលជាការញុះញុងឱ្យមានការបែកបាក់ នៅក្នុងជួរកងកម្លាំង ដើម្បីគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈការបង្កើតឱ្យមានបដិវត្តពណ៍។ លោកបានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធទាំអស់ ត្រូវរក្សាឱ្យបាននូវឧត្តមភាព ក្នុងនាមយើងជាកងកម្លាំង ស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ដែលប្រសូតចេញពីការបោះឆ្នោត។

លោកបានបន្តថា សម្តេចតេជោ ហ៊ុន សែន បានគិតគូរ បានប្រឹងប្រែងណាស់នូវការដោះស្រាយនូវបញ្ហានានា ពិសេសបានលើកកម្ពស់កំរិតជីវភាពរស់នៅ របស់កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់។ ដោយឡែកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជការកងទព័ជើងគោក គ្រប់ពេលវេលា សឹងតែរកពេលសម្រាកគ្មាន ចុះគ្រប់ទីកន្លែងទាំងអស់ ដើម្បីដោះស្រាយបញ្ហានានា ដែលជាសំណូមពររបស់កងកម្លាំងប្រដាប់អាវុធរបស់យើង។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ទៀតថា ទោះបីប្រទេសយើងមិនមានបញ្ហាសង្រ្គាមផ្ទៃក្នុង ឬក៏សង្គ្រាមតាមបណ្តោយព្រំដែនយ៉ាងណាក៍ដោយ ប៉ុន្តែជំនាញនីមួយៗ ដែលត្រូវបានហ្វឹកហ្វឺននៅពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់កងកម្លាំងដើម្បីធានា ធ្វើយ៉ាងណាឱ្យមានសុខសន្តិភាព រក្សាបាននូវស្ថេរភាពនយោបាយ មិនឱ្យមានក្រុមណាមួយមកបង្កើតនូវបញ្ហា ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គមនោះទេ។

លោកឧត្តមសេនីយ៍ទោ ចន្ទ័ សុភក្ត្រ័ា មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងព្រះវិហារ បានលើកឡើងថា វគ្គហ្វឹកហ្វឺនបំប៉នយុទ្ធវិធី ខ.គ ថ្មើរជើង និងយុទ្ធដំណើរទព័ អាចដំណើរការបាន អាស្រយ័ដោយមានការឧបត្ថម្ភថវិកា ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋានកងទព័ជើងគោក។

លោកឧត្តមសេនីយ៍ទោ ចន្ទ័ សុភក្ត្រ័ា ក៏បានថ្លែងអំណរគុណ ដល់លោកឧត្តមសេនីយ៍ឯក ពៅ ហេង និងលោក អ៊ុន ចាន់ដា ដែលតែងតែផ្តល់នូវការរំលឹកដាស់តឿន លើការងារហ្វឹកហ្វឺនបំប៉នជំនាញគ្រប់លំដាប់ថ្នាក់ គ្រប់កងឯកភាព ហ្វឹកហ្វឺនជាប្រចាំ សំដៅធ្វើឱ្យកងទព័មានសមត្ថភាព គុណភាព និងប្រសិទ្ធិភាពក្នុងការដឹកនាំបញ្ជាសម្រេចបានជោគជយ័៕