(ត្បូងឃ្មុំ)៖ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីកាំកុងត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ បានបន្តចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ លើម្ហូបអាហារ ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ ដែលបណ្តាលឲ្យប៉ះពាល់ ដល់សុខភាពអ្នកទទួលទាន នៅក្នុងផ្សារមេមត់ ស្ថិតក្នុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

លោក មាស មោរ៉ា បានឲ្យដឹងថា មន្ត្រីកាំកុងត្រូលខេត្ត តែងតែចុះត្រួតពិនិត្យតាមផ្សារ និងការដាក់លក់តាមផ្ទះជាប់ជាប្រចាំ ដើម្បីធានាសុខភាពជូនពលរដ្ឋ ដោយឡែកនៅថ្ងៃនេះ បានបន្តចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារក្នុងផ្សារមេមត់ លើផលិតផលម្ហូបអាហារ រួមមាន សាច់ក្រក បង្គារក្រៀម មឹកក្លាស្សេ បង្គារក្លាស្សេ និងត្រីប្រឡាក់ងៀតចំរុះ មួយចំនួនថែមទៀត ដោយយកគំរូផលិតផលទាំង នោះមកធ្វើតេស្តបឋម ដោយប្រើឧបករណ៌តេស្តឃីដ សំដៅស្វែងរកសារធាតុគីមីប៉ូរ៉ាក់ ដែលធ្វើឱ្យប៉ះពាលសុខភាពអ្នកទទួលទាន។

លោកបានបញ្ជាក់ទៀតថា ជាលទ្ធផលនៃការធ្វើតេស្តបឋម មន្ត្រីកាំកុងត្រូល បានរកឃើញវត្តមានសារធាតុគីមី បូរ៉ាក់ ក្នុងកំរិតខ្ពស់ ដែលបង្កឱ្យប៉ះពាល់សុខភាពរបស់អ្នកបរិភោគ លើត្រីងៀតផ្អែមក្រហម ទន្ទឹមនោះមន្ត្រីកាំកុងត្រូល បានចាត់វិធានការដកហូតភ្លាមៗ ចំនួន ៨គីឡូក្រាម ដោយធ្វើកំណត់ហេតុដកហូតទៅតាមនីតិវិធី។ ចំណែកផលិតផលគំរូដទៃទៀត ពុំមានវត្តមានសារធាតុគីមីហាមឃាត់ឡើយ ។

លោកបានបន្ថែមទៀតថា សមត្ថកិច្ចជំនាញក៏បានធ្វើការណែនាំអាជីវករ ក៏ដូចជាបានបិទស្លាកអប់រំ ស្តីពីការជ្រើសរើសម្ហូបអាហារប្រកបដោយគុណភាព និងសុវត្ថិភាព
ដើម្បីឱ្យអ្នកលក់ និងអ្នកទិញ បានយល់ជាចំណេះដឹងក្នុងការដាក់តាំងលក់ ចំពោះផលិតផលទំនិញទាំងឡាយប្រកបដោយគុណភាពល្អ៕