(ភ្នំពេញ)៖ ឆ្លើយតបនឹងសេចក្តីស្នើច្បាប់មួយ ដែលត្រូវបានផ្តួចផ្តើមដោយសមាជិកព្រឹទ្ធសភាអាមេរិក៣រូប នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ លោក ផៃ ស៉ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនទទួលយកនូវការជ្រៀតជ្រែកណាមួយ មកលើកិច្ចការផ្ទៃក្នុងរបស់អធិបតេយ្យភាពខ្លួនឡើយ។
សេចក្តីថ្លែងការណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា មិនទទួលយកនូវការជ្រៀតជ្រែកណាមួយ មកលើកិច្ចការផ្ទៃក្នុងរបស់អធិបតេយ្យភាពកម្ពុជា ដែលខ្លួនបាននិងកំពុងអនុវត្តនីតិរដ្ឋ ទាំងច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍប្រជាធិបតេយ្យ និងសិទ្ធិសេរីស៉ីវិលរបស់ខ្លួនផងដែរ»។
ប្រតិកម្មរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពី សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក បានស្នើច្បាប់ថ្មីមួយ ដែលទាមទារឱ្យដោះលែង និងទម្លាក់ចោលការចោទប្រកាន់ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ឱ្យមានសេរីភាពពេញលេញ។
សេចក្តីស្នើច្បាប់នេះ ហៅថា «ច្បាប់ស្តីពីការទទួលខុសត្រូវរបស់កម្ពុជា និងការវិលត្រឡប់វិញនូវការវិនិយោគ» ឆ្នាំ២០១៩ (ហៅកាត់ថា CARI Act) ត្រូវបានស្នើឡើងវិញជាថ្មី ដោយសមាជិកព្រឹទ្ធសភាចំនួន៣រូប ដែលមកពីគណបក្សទាំងពីរ គឺលោក លីនស៉ី ហ្ក្រែម (Lindsey Graham) លោក ឌីក ដឺប៊ីន (Dick Durbin) និងលោក ម៉ាកូ រូប៊ីអូ (Marco Rubio)។ នេះបើតាមសេចក្តីចម្លងសេចក្តីស្នើច្បាប់ដែលវីអូអេផ្សព្វផ្សាយ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងធ្វើឱ្យប្រទេសនេះ និងប្រជាជនរបស់ខ្លួនទទួលបាននូវស្ថិរភាព និងសន្តិភាពពេញលេញ ព្រមទាំងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ប្រទេសកម្ពុជាមានអធិបតេយ្យភាពពេញលេញ បន្ទាប់ពីមានឯកភាពជាតិ និងបានអនុម័តរដ្ឋធម្មនុញ្ញខ្លួនកាលពីនីតិកាលទីមួយនៅ ឆ្នាំ១៩៩៣។ កម្ពុជាអនុវត្តច្បាប់ក្នុងឋានៈខ្លួនជានីតិរដ្ឋ ដើម្បីការពារផលប្រយោជន៍ប្រទេសជាតិ និងឆន្ទៈប្រជាជនខ្លួន ក៏ដូចជារួមចំណែកដល់កិច្ចការពារ និងរក្សាសន្តិភាពពិភពលោកក្នុងក្របខណ្ឌ អង្គការសហប្រជាជាតិផងដែរ។
លោកបានបន្តថា ប៉ុនប៉ងដើម្បីស្នើច្បាប់សាជាថ្មី គឺជានិន្នាការអវិជ្ជមាន ប្រកបដោយពិសពុល និងពិតប្រាកដណាស់ប្រឆាំងទៅនឹងសុច្ឆន្ទៈ នយោបាយរបស់ប្រជាជនកម្ពុជា ដែលមានចំនួនដ៏ច្រើនលើសលប់ជាង ៨៣ភាគរយ នៃចំនួនអ្នកបោះឆ្នោតទាំងអស់ កាលពីខែកក្កដា ឆ្នាំ២០១៨ បានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ជាប្រធាន ដើម្បីបន្តដឹកនាំម្ពុជា ក្នុងភាពស្របច្បាប់ពេញលេញ ព្រមទាំងមានការគាំទ្រពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិផងដែរ។
លទ្ធផលជាក់ស្ដែង ដូចដែលសម្តេចតេជោ ធ្លាប់បានថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ កាលពីខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះថា ប្រទេសកម្ពុជាបានប្រែក្លាយពីការប្រើប្រាស់អាវុធ បង្កកុបកម្ម វោហារសាសន៍នយោបាយនៃ «ការផ្លាស់ប្តូររបប» និងចលាចលក្នុងសង្គម ប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោត ក្នុងទិសដៅផ្តួលរំលំរាជរដ្ឋាភិបាល ដែលកើតឡើងដោយការបោះឆ្នោតនេះ។ ឥឡូវនេះ កម្ពុជាបានក្លាយជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ ហើយគោរពយ៉ាងមុតមាំនូវ គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជាមួយនឹងការរៀបចំការបោះឆ្នោតដោយទៀងទាត់ សេរី និងយុត្តិធម៌ ដើម្បីផ្តល់សិទ្ធិឱ្យប្រជាជនអាចជ្រើសរើស មេដឹកនាំប្រទេស។
នៅក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលមានកាតព្វកិច្ចផ្លូវច្បាប់ ដូចដែលបានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន និងច្បាប់ពាក់ព័ន្ធមួយចំនួនទៀតដែល ជាអាទិភាពចម្បងក្នុងកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម និងសុវត្ថិភាពសម្រាប់ប្រទេស និងប្រជាជនខ្លួន។ ជាក់ស្ដែង មុនពេលបោះឆ្នោតអំឡុងពេលបោះឆ្នោត និងរហូតដល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជារស់នៅប្រកបដោយភាពក្សេមក្សាន្តសុខុដុមរមនាក្នុងបរិបទសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលទិដ្ឋភាពទាំងនេះ មិនអាចមើលរំលងបាន។ ដូចនេះ រាល់សកម្មភាពទាំងឡាយណាដែលប៉ុនប៉ង ឬប្រឆាំងជាមួយនឹងបរិបទប្រកបដោយភាពជោគជ័យក្នុងបច្ចុប្បន្នកាលនេះ គឺត្រូវបានចាត់ទុកជា ការប្រឆាំងនឹងសន្តិភាព ស្ថិរភាព និងភាពរីកចម្រើនដែលកើតចេញពីជម្រើសនៃឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរសុទ្ធសាធ ដែលត្រូវបានការពារដោយរាជរដ្ឋាភិបាល។
អង្គភាពអ្នកនាំពាក្យ ក៏បានបញ្ជាក់សាជាថ្មីថា កម្ពុជាមាននយោបាយការបរទេសក្នុងភាពជាមិត្តភក្តិស្និទ្ធស្នាល និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី នៅក្នុងកម្រិតតំបន់ និងលើឆាកអន្តរជាតិ។ កិច្ចសហប្រតិបត្តិការនេះ ក៏បានរួមចំណែកដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឱ្យមានការរីកចម្រើនផងដែរ។
ជាមួយនឹងភាពជាក់ស្តែង កម្ពុជាមាននយោបាយគាំទ្រការវិនិយោគ និងពាណិជ្ជកម្ម បានរួមចំណែកឱ្យមានកំណើនសេដ្ឋកិច្ចខ្លួន ៧ភាគរយក្នុងមួយឆ្នាំ ដោយមានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋក្នុងគ្រប់វិស័យ។ ផលរំពឹងទុករបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺជំរុញឱ្យកម្ពុជានឹងក្លាយទៅជាប្រទេសមួយមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលជាមូលដ្ឋានគ្រឹះក្នុងកិច្ចរក្សាបានទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត នៃនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖