(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ តាមជើងយន្តហោះពិសេស។
ដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពនៅប្រទេសជិតខាងទាំងពីរនេះធ្វើឡើងតបតាមការអញ្ជើញរបស់ លោកស្រី ង្វៀន ធីគីមងិន (NGUYEN THI KIM NGAN) ប្រធានរដ្ឋសភាវៀតណាម និង លោកស្រី ផានី យ៉ាថូទូ (PANY YATHOTOU) ប្រធានរដ្ឋសភាឡាវ។
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នឹងបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ និងនៅប្រទេសឡាវពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។
កំលុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម គណៈប្រតិភូ គ្រោងជួបសវនាការនិងពិភាក្សាការងារ ទ្វេភាគីជាមួយលោកស្រី ង្វៀន ធីគីមងិន (NGUYEN THI KIM NGAN) ប្រធានរដ្ឋសភា វៀតណាម។ ជួបសវនាការ និងសម្តែងការគួរសមជាមួយលោក ង្វៀន ភូជុង (NGUYEN PHU TRONG) អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម។ ជួបសវនាការ និងសម្តែងការគួរសមជាមួយ ឯកឧត្តម ង្វៀន ស៊ុនហ្វុក (NGUYEN XUAN PHUC) នាយករដ្ឋមន្រ្តីវៀតណាម។
ជួបសវនាការ និងសម្តែងការគួរសមជាមួយ លោក ជិន ថាញ់មិន (TRAN THANH MAN) ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម។ ឆ្លៀតឱកាសក្នុងពេលបំពេញទស្សនកិច្ចនេះ សម្តេចអគ្គមហាពញាចក្រីហេង សំរិន គ្រោង អនុញ្ញាតឲ្យលោក វ៉ុ ម៉ៅ (VU MAO) ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសមផងដែរ។
នៅក្នុងប្រទេសវៀតណាមនេះ ប្រធានរដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទាំងពីរកម្ពុជា-វៀតណាម គ្រោងនឹងចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការពង្រឹងពង្រីកទំនាក់ទំនងរដ្ឋសភា ក៏ដូចជាអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរឲ្យរឹងមាំនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។
ចំណែកនៅក្នុងប្រទេសឡាវ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន គ្រោងនឹងចូលជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកស្រី ផានី យ៉ាថូទូ (PANY YATHOTUO) ប្រធានរដ្ឋសភាឡាវ។ ជួបសវនាការ និងសម្តែងការគួរសមជាមួយលោក ប៊ុនញ៉ាំង វ៉ូរ៉ាជិត (BOUNHANG VORACHITH) ប្រធានាធិបតីឡាវ។
នៅក្នុងដំណើរទស្សនកិច្ចនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជានិងឡាវ ក៏មានកិច្ចប្រជុំផ្លាស់ប្តូរបទពិសោធន៍គ្នា ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោងរវាងអគ្គលេខាធិការរដ្ឋសភាកម្ពុជា និងអគ្គលេខាធិការរដ្ឋសភាឡាវផងដែរ៕