(ភ្នំពេញ)៖ កញ្ញា យិន ម៉ាណា ដែលជាជនបង្កបើករថយន្ត Range Rover បុកនិស្សិតស្រីឈ្មោះ ឌុំ រីដា ស្លាប់នោះ ត្រូវបានតុលាការសម្រេចចេញដីកាដោះលែង ឲ្យមានសេរីភាពវិញហើយ បន្ទាប់ពីកញ្ញាត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ១ឆ្នាំ តែអនុវត្តន៍ត្រឹម២ខែប៉ុណ្ណោះ។
កញ្ញា យិន ម៉ាណា ត្រូវបានដោះលែងនៅរសៀលម៉ោង៥៖០០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញ។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ នៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៨ ខែឧសភានេះ នៅមុននេះបន្តិច។
បើយោងតាមការបញ្ជាក់ របស់លោក នុត សវនា អ្នកនាំអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានឲ្យ Fresh News ដឹងតាមទូរស័ព្ទថា លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ទទួលបន្ទុកពន្ធនាគាររាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យដោះលែង ជនជាប់ចោទឈ្មោះ យិន ឃុនម៉ី ហៅ យិន ម៉ាណា ហើយកាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។
សូមបញ្ជាក់ថា ជនជាប់ចោទឈ្មោះ យិន ឃុនម៉ី ហៅ យិន ម៉ាណា ត្រូវលោកចៅក្រម ប៊ុន ធី ចេញដីកាឃុំខ្លួនកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។
ក្រោយមកនៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ លោក អ៊ុក សុវណ្ណរិទ្ធ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទ ឈ្មោះ យិន ឃុនម៉ី ហៅ យិន ម៉ាណា ដាក់ពន្ធនាគារកំណត់រយៈពេល១ឆ្នាំ ប៉ុន្តែអនុវត្តទោសក្នុងពន្ធនាគារកំណត់រយៈពេល២ខែ គិតចាប់ពីថ្ងៃឃុំខ្លួន ចំណែកទោសដែលនៅសល់ត្រូវព្យួរធម្មតា។
ពាក់ព័ន្ធករណីដោះលែងជនជាប់ចោទឈ្មោះ យិន ឃុនម៉ី ហៅ យិន ម៉ាណា នេះអ្នកច្បាប់មួយចំនួនលើកជាចម្ងល់ថា ហេតុអ្វីបានជាតុលាការឃុំខ្លួនជនជាប់ចោទថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ បែរជាត្រូវដោះលែងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ទៅវិញ? សមតែដោះលែងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩បានត្រូវ។
ទោះជាយ៉ាងណា Fresh News នៅពុំទាន់អាចសុំការបកស្រាយពីលោកព្រះរាជអាជ្ញារង សេង គឹមឡាក់ បានទេនៅថ្ងៃនេះ។
សូមរម្លឹកថា មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយ ឈ្មោះ យិន ឃុនម៉ី ហៅ យិន ម៉ាណា បានបើករថយន្ត ម៉ាក Range Rover ព័ណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បុកជនរងគ្រោះឈ្មោះ ឌុំ រីដា ស្លាប់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ កញ្ញា យិន ម៉ាណា ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ១ឆ្នាំ ប៉ុន្តែទោសនេះ ត្រូវបានអនុវត្តន៍ត្រឹមតែ ២ខែប៉ុណ្ណោះ។ សាលក្រមនោះ ត្រូវបានប្រកាសដោយលោក អ៊ុក សុវណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សារជំនុំជម្រះ និងមានអ្នកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ។
កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កញ្ញា យិន ម៉ាណា បានបើករថយន្តម៉ាក Rang Rover ផ្លាកលេខភ្នំពេញ 2AF-7777 យ៉ាងលឿន ទៅបុកនិស្សិតឆ្នើម ឌុំ រីដា នៅលើផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ខណៈជនរងគ្រោះកំពុងជិះម៉ូតូ បណ្តាលឲ្យទាំងម៉ូតូ និងមនុស្សប៉ើងស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។