(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេល២ថ្ងៃ ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងគោលបំណងពង្រឹង និងពង្រីកថែមទៀត នូវកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាង កម្ពុជា និងចិន។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស។

ទស្សនកិច្ចរបស់ប្រមុខការទូតកម្ពុជាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បង្ហាញថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបសម្តែងការគួរសមជាមួយ លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ព្រមទាំងមានជំនួបទ្វេភាគីជាមួយ លោក វ៉ាង យី ដើម្បីពិភាក្សាស៊ីជម្រៅ ស្តីពីការលើកកម្ពស់ កិច្ចសហការរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និងលើវិស័យផ្សេងៗទៀត។

លោកឧបនាយករដ្ឋមន្រ្តី ក៏នឹងធ្វើការផ្លាស់ប្តូរទស្សនៈជាមួយសមភាគីចិន លើបញ្ហាតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ និងការព្រួយបារម្ភរួម៕