(ភ្នំពេញ)៖ សិក្ខាសាលារយៈពេល ៣ថ្ងៃស្តីពី ចំណេះដឹងមូលដ្ឋានអំពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានរៀបចំដោយអគ្គនាយកដ្ឋានកាំកុងត្រូល និងសាលាអន្តរទ្វីប អាមេរិកាំង ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៩ ដែលមានសិស្សចូលរួមចំនួន ៨៩១នាក់ មកពីសាខាចំនួន៣ ក្នុងរាជធានីភ្នំពេញ។

លោក ខៀវ បញ្ញាវឌ្ឍន៍ គ្រូឧទ្ទេសនាមមកកពីនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា សិក្ខាសាលាបានលើកយកប្រធានបទសំខាន់ៗមួយចំនួនមកពិភាក្សា ជាការចែករំលែកចំណេះដឹងជា មូលដ្ឋានដូចជា ធ្វើយ៉ាងណា ដើម្បីឲ្យម្ហូបអាហារមានសុវត្ថិភាព នូវគ្រប់ខ្សែចង្វាក់ផលិតកម្ម និងធ្វើយ៉ាងណាឲ្យប្រព័ន្ធគ្រប់គ្រង សុវត្ថិភាពម្ហូបអាហារមានប្រសិទ្ធភាព។ សិក្ខាសាលាក៏លើកឡើងផងដែរអំពី វិធានការ នីតិវិធី និងបទដ្ឋានគតិយុត្តិក្នុងការគ្រប់គ្រង ត្រួតពិនិត្យ ម្ហូបអាហារអោយមានប្រសិទ្ធភាពខ្ពស់ តាមតែអាចធ្វើបាន។

បើតាមលោក ខៀវ បញ្ញាវឌ្ឍន៍ ប្រព័ន្ធច្បាប់តែមួយមុខមិនអាចទប់ស្កាត់បទល្មើសម្ហូបអាហារបានទេ គឺត្រូវមានប្រព័ន្ធអប់រំ និងការបណ្តុះមនសិកា ដល់អ្នកនាំចូល អ្នកផលិត អ្នកចែកចាយ ហើយក៏ត្រូវមានការរួមចំណែកពីអ្នកប្រើប្រាស់ផងដែរ។

តាមរយៈគ្រូបង្គោលរូបនេះ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានផ្តាំផ្ញើរដល់ប្អូនៗ សិក្ខាកាមទាំងអស់ចៀសអោយឆ្ងាយពី របស់គ្រោះថ្នាក់៣យ៉ាងគឺ ការជក់បារី ការផឹកគ្រឿងស្រវឹង ពិសេសការសេពគ្រឿងញៀនគ្រប់ប្រភេទផងដែរ៕