(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរលោក ថាន់ ឡេង បានចេញដីការបង្គាប់ឲ្យនាំខ្កួនឈ្មោះ វីន សុក្របញ្ញា អាយុ២៧ យកទៅដាក់ពន្ធនាគារ PJ ដើម្បីរង់ចាំការជំនុំជម្រះទោសទណ្ឌ នៅពេលក្រោយតាមកំណត់ច្បាប់។
សូមរំលឹកថា សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នៃ២០១៩ បាននាំខ្លួនជនសង្ស័យឈ្មោះ វីន សុក្របញ្ញា មកកាន់សាលាដំបូងរាជធានី ដើម្បីប្រគល់ជូនតំណាងអយ្យការចោទប្រកាន់តាមមាត្រាច្បាប់ ក្រោយជនដៃដល់រូបនេះ បានចូលខ្លួនសារភាពដល់ទីបញ្ជាការអាវុធហត្ថកាលពីថ្ងៃម្សិលមិញ ពោលគឺបន្ទាប់ ជននេះពីបានផ្ទុះអាវុធនៅក្នុងបន្ទប់ទឹក ក្លឹបលុច្សសារី បណ្តាលឲ្យនារីម្នាក់របួសភ្លៅ។
កាលពីម៉ោងប្រមាណ ១៦៖០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ មាន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីផ្ទុះអាវុធនៅក្នុងបន្ទប់ទឹក ក្លឹបលុច្សសារី បណ្តាលឲ្យនារីម្នាក់របួសភ្លៅ បានស្ម័គ្រចិត្តចូលសារភាព ដោយត្រូវបានលោកស្រី ញ៉ែម មរកត ដែលជាម្តាយជនសង្ស័យនាំយកកូនមកដល់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីទទួលទោស៕