ភ្នំពេញ៖ នៅពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋជាច្រើនបានចាប់អារម្មណ៍លើការធ្វើសមាធិ ដើម្បីកាត់បន្ថយអារម្មណ៍តានតឹង និងភាពនឿយហត់ពីការងារប្រចាំថ្ងៃ។ ដោយមើលឃើញពីភាពចាំបាច់ និងការចាប់អារម្មណ៍លើសមាធិកាន់តែច្រើនរបស់ពលរដ្ឋបែបនេះហើយ ទើបលោក នឹម ឈុន្នី នាយកប្រតិបត្តិ នៃ ក្រុមហ៊ុនបណ្តុះបណ្តាល វិបស្សា បានបង្កើតថ្នាក់រៀនសមាធិមួយដែលមានឈ្មោះថា វិបស្សាឡើង។ ថ្នាក់រៀននេះមានការចូលរួមបង្រៀនអំពីព្រះធម៌ពីព្រះតេជគុណ គូ សុភាព ព្រមជាមួយព្រះសង្ឃផ្សេងៗទៀត ដែលមានការយល់ដឹងអំពីព្រះធម៌ មកបង្រៀនបន្ថែមពីសមាធិផងដែរ។ ថ្នាក់រៀនសមាធិនេះធ្វើឡើងក្នុងមួយសប្ដាហ៍ម្ដង រៀងរាល់ថ្ងៃច័ន្ទ និងមានរយៈពេល១ម៉ោងកន្លះ។
បន្ទាប់ពីមានការចាប់អារម្មណ៍កាន់តែច្រើនពីពលរដ្ឋ ជាពិសេសយុវវ័យថ្នាក់រៀននេះ កាន់តែមានសិស្សរៀនកើនឡើងជារៀងរាល់ថ្ងៃ។ មិនតែប៉ុណ្ណោះសម្រាប់អ្នកដែលបានយល់ដឹងអំពីការធ្វើសមាធិ ក៏តែងតែស្នើទៅកាន់លោក នឹម ឈុន្នី និងព្រះតេជគុណ គូ សុភាព ឲ្យបង្កើតសៀវភៅបង្រៀនអំពីការធ្វើសមាធិ ដើម្បីជួយសម្រួលដល់សិស្សដែលមិនមានពេលមករៀនសមាធិ អាចមានឱកាសយល់ដឹងអំពីការធ្វើសមាធិតាមរយៈការអាន និងអាចអនុវត្តបាននៅគ្រប់ទីកន្លែងដែលមានពេលសម្រាប់ធ្វើសមាធិ។
អស់រយៈពេលជិត២ឆ្នាំកន្លងមក ទើបព្រះតេជគុណ គូ សុភាព និងលោក នឹម ឈុន្នី បានសហការនិពន្ធសៀវភៅមួយក្បាលឡើង ដែលមានឈ្មោះថា «សមាធិដើម្បីថាមពលជីវិត»។ នៅលើគ្របសៀវភៅដែលមានរូបថតនៃស្នាមញញឹម ដែលពោពេញទៅដោយក្ដីសង្ឃឹមរបស់ព្រះតេជគុណ គូ សុភាព និងលោក នឹម ឈុន្នី ដែលសុទ្ធតែជាអ្នកមានចំណេះដឹងខ្ពស់ពីការធ្វើសមាធិ និងព្រះធម៌។ សៀវភៅដែលចំនួន២៣១ទំព័រមានសន្លឹកព័ណ៍គគី ស្រាលមួយនេះ ត្រូវបានលោក នឹម ឈុន្នី ថ្លែងឲ្យដឹងថាបង្កើតទៅលើកត្តា៣ដូចជា...
លោក នឹម ឈុន្នី បញ្ជាក់យ៉ាងដូច្នេះ៖ «យើងមានចំណុច៣សំខាន់ធំៗមូលហេតុនៃការសរសេរសឿវភៅសមាធិ ទី១ ខ្ញុំខ្លួនឯងបានបង្រៀនអំពីការធ្វើសមាធិជាច្រើនឆ្នាំ នៅមជ្ឈមណ្ឌលវិបស្សនាអន្តរជាតិនៅឈៀងម៉ៃ ហើយទី២ ខ្ញុំចង់ចែករំលែកបទពិសោធន៍នូវអ្វីដែលខ្លួនធ្លាប់ឆ្លងកាត់ ជាមួយមនុស្សទូទៅ មិនថាបរទេស ឬមួយជនជាតិខ្មែរ ហើយទី៣ បន្ទាប់ពីមកស្រុកខ្មែរអស់មួយរយៈនេះ ខ្ញុំបានបង្រៀនអំពីការធ្វើសមាធិជាមួយលោកគ្រូ គូ សុភាព អស់រយៈពេលប្រហែល២ឆ្នាំចុងក្រោយនេះ គឺមានសិស្សអ្នកចូលរួមជាច្រើនស្នើសូមឲ្យមានជាសៀវភៅ នេះកើតឡើង។ ព្រោះតម្រូវការនៃអ្នកចង់រៀនសមាធិច្រើន ហើយយើងមានតែមួយកន្លែង ដែលយើងបង្រៀនរៀងរាល់ថ្ងៃច័ន្ទ អីចឹងហើយបើយើងចងក្រងជាសៀវភៅ ពួកគាត់អាចមានលទ្ធភាពយកទៅមើលនៅកន្លែងណាក៏បានហើយអនុវត្តនៅកន្លែងណាក៏បាន មិនចាំបាច់មកជួបគ្នានៅកន្លែងដែលយើងធ្វើរៀងរាល់សប្ដាហ៍នោះទេ»។
ជាការគួរឲ្យកត់សម្គាល់នៅក្នុងការចងក្រងសៀវភៅ«សមាធិដើម្បីថាមពលជីវិត»នេះមានលក្ខណៈខុសប្លែកពីសៀវភៅដ៏ទៃ ទាំងពុម្ភអក្ស និងការរចនា ដោយក្នុងទំព័រនីមួយៗមិនមានអក្សច្រើននោះទេ មានការសរសេរលក្ខណៈខ្លីៗងាយស្រួលយល់ មិនតែប៉ុណ្ណោះរាល់ខ្លឹមសារនីមួយៗសុទ្ធសឹងតែមានរូបគំនូរដោយដៃ ទៅតាមអត្ថន័យនៃខ្លឹមសារទាំងនោះ។ ដែលអំណោយផលដល់អ្នកអានឲ្យកាន់តែជក់ចិត្តដិតអារម្មណ៍ទៅលើខ្លឹមសារនៃទំព័រនីមួយៗផងដែរ។ រឹតតែពិសេសហើយមិនដែលមានសៀវភៅណាដូចនោះ គឺការអានសៀវភៅ«សមាធិដើម្បីថាមពលជីវិត»នេះ ត្រូវអនុវត្តទៅតាមរបៀបនៃការអានដែលមានចែងនៅទំព័រដំបូងគេបង្អស់នៃសៀវភៅផងដែរ។
លោក នឹម ឈុន្នី បន្ថែមថា៖ «ក្នុងសៀវភៅនេះមាន៥ជំពូកធំៗ ជំពូកទី១និយាយអំពីថាមពលជីវិត ទី២ បកស្រាយអំពីព្រះធម៌ និងមាគ៌ាជីវិត ទី៣ និយាយអំពីការព្យាបាលតាមរយៈសមាធិ ទី៤ និយាយអំពីសមាធិ និងទី៥និយាយអំពី២៩ថ្ងៃនៃការអធិដ្ឋានចិត្តដើម្បីផ្លាស់ប្ដូរទម្លាប់។ អីចឹងនៅក្នុងនេះយើងបាន បង្ហាញអំពីធ្វើរបៀបមិញដើម្បីបង្កើតថាមពលជីវិត ឲ្យជីវិតរីករាយប្រកបដោយថាមពលជារៀងរាល់ថ្ងៃ ពីព្រោះពេលខ្លះយើងគេងលក់អត់ស្រួលយើងងើបមកអស់កម្លាំងហេវហត់ អីចឹងនៅក្នុងសៀវនេះបានបញ្ជាក់ថា ធ្វើរបៀបមិចមុននិងត្រៀមខ្លួនជាស្រេចដើម្បីចាប់ផ្ដើមថ្ងៃថ្មីរបស់យើងឲ្យថ្ងៃថ្មីរបស់យើងប្រកបដោយសក្តានុពល»។
ទី២ និយាយអំពីព្រះធម៌និងមាគ៌ាជីវិត ជាសាច់រឿងរ៉ាវមួយចំនួន ដែលឆ្លុះបញ្ជាំងអំពីជីវិតព្រះធម៌ និងជីវិតប្រចាំថ្ងៃ ថាធ្វើរបៀបមិចប្រកបដោយភាពរីករាយ ធ្វើរបៀបម៉េចប្រកបដោយសុខសន្តិភាព ហើយរស់នៅប្រកបដោយចិត្តទូលាយ ដោយមិនប្រកាន់ច្រើន។
ទី៣ និយាយអំពីការព្យាបាលតាមរយៈសមាធិ គឺជាបទពិសោធន៍ពិតរបស់ខ្ញុំ ដែលបានឆ្លងកាត់រវាងជីវិតរបស់ខ្ញុំនិងការធ្វើសមាធិ មានសារៈសំខាន់របៀបមិច? យើងមានលំហាត់មួយចំនួនពាក់ព័ន្ធនិងការព្យាបាលផ្លូវចិត្ត ជាលំហាត់ដែលសំខាន់ខ្លាំងមែនទែន វាជួយសម្រួលខាងក្នុងរាងកាយរបស់យើង។ ពីព្រោះពេលខ្លះ នៅពេលដែលយើងអង្គុយទៅយើងចុកស្មា យើងចុកចង្កេះ យើងឈឺក្បាល យើងអត់បានស្ដាប់ទៅលើខ្លួនរបស់យើងរាងកាយរបស់យើងទេ នៅពេលដែលបញ្ហាទាំងនោះកើតឡើង មានន័យថារាងកាយរបស់យើងប្រាប់ថា យ៉ាងហោចណាស់៣ ឬក៏៥នាទី ប៉ុន្តែដោយសារយើងមិនបានស្ដាប់ យើងអត់មានស្មារតីគ្រប់គ្រាន់ភ្ជាប់ជាមួយរៀងកាយរបស់យើង បណ្ដាលឲ្យបញ្ហាទាំងអស់នោះកើតឡើង។ អីចឹងនៅក្នុងលំហាត់ព្យាបាលផ្លូវចិត្តគឺ បង្រៀនអំពីរបៀបទាំងអស់ហ្នឹង ឧទាហរណ៍ថាយើងចុកពោះ ឬមួយឈឺដៃ ឈឺជើងកន្លែងណាមួយ ឲ្យសម្រួលតាមរយៈដង្ហើម ពីព្រោះដង្ហើមគឺជាថាមពល ដង្ហើមគឺជាជីវិត បើសិនជាយើងមិនដកដង្ហើបមានន័យថាយើងទៅបាត់។
ជំពូកបន្ទាប់គឺនិយាយអំពីសមាធិ និយាយអំពីសារៈសំខាន់នៃការធ្វើសមាធិ អំពីរបៀបនៃការធ្វើសមាធិ ហើយសមាធិគួរធ្វើនៅពេលណាខ្លះ នៅក្នុងសៀវភៅនេះមានរៀបរាប់ទាំងអស់ ពន្យល់ច្បាស់ខ្លីៗ ហើយចំណុចចុងក្រោយ២៩ថ្ងៃ ព្រោះបញ្ហាដ៏សំខាន់របស់មនុស្សគឺយើងមិនបានធ្វើនូវអ្វីដែលយើងដឹង យើងដឹងថាធ្វើអីចឹងទៅវាល្អ ធ្វើអីចឹងទៅទទួលបានផលល្អ សម្រាប់ខ្លួនគ្រូសារ ប៉ុន្តែពេលខ្លះយើងអត់ធ្វើ អីចឹងនៅក្នុងហ្នឹង បន្ទាប់ពីយើងអានហើយ យល់ច្បាស់ហើយ យើងយកមកអនុវត្តយ៉ាងហោចណាស់ឲ្យបាន៣០ថ្ងៃ។ ដើម្បីបង្កើននូវទម្លាប់ដ៏ល្អសម្រាប់យើង ប្រាប់ច្បាស់ថាពីសប្ដាហ៍ទី១ ថ្ងៃទី១ ដល់ថ្ងៃទី៧ សប្ដាហ៍ទី២ ពីថ្ងៃបន្ទាប់ ហើយពេលព្រឹកធ្វើអី ពេលល្ងាចធ្វើអី នៅក្នុងសៀវភៅបានបញ្ជាក់យ៉ាងច្បាស់ពន្យល់យ៉ាងច្បាស់អំពីរបៀប។
អីចឹងវាពិតជាមានសារៈសំខាន់សម្រាប់មនុស្សទូទៅ បើសិនសម្រាប់និស្សិតគាត់នឹងបង្កើតនូវគោលដៅធ្វើមិចឲ្យរៀនកាន់តែពូកែ ប្រកបដោយសតិស្មារតី ហើយសម្រាប់បងប្អូនដែលមានអាជីពមានគ្រួសារហើយ ក៏អាចយកទៅអនុវត្តជាមួយជីវិតប្រចាំថ្ងៃបាន គោលបំណងរបស់មនុស្សម្នាក់ៗទោះបីជោគជ័យកម្រិតណាក៏ដោយនៅតែមានគោលបំណង ប្រសិនបើយើងមានទ្រព្យសម្បត្តិច្រើន ប្រហែលជាគោលដៅបន្ទាប់របស់យើងគឺបង្កើតសុខសន្តិភាពសម្រាប់ខ្លួនឯង តុល្យភាពជាមួយខ្លួនឯង ឬក្រុមគ្រួសារ ឬក៏មនុស្សទូទៅជុំវិញខ្លួន។
សៀវភៅ«សមាធិដើម្បីថាមពលជីវិត» ត្រូវបានអ្នកអានបង្ហាញការចាប់អារម្មណ៍ថា មានឃ្លាដែលលើកទឹកចិត្ត និងឃ្លាដែលព្យាបាល ដោយក្នុងនោះមានសមាធិ ដែលជាវិធីសាស្រ្តបុរាណក្នុងការរំដោះទុក្ខ ព្រោះអ្នកដែលមានសមាធិ គឺជាមនុស្សដែលមានភាពមេត្តាធម៌នៅក្នុងខ្លួន។ នេះបើតាមការលើកឡើងរបស់លោក វ៉ាត គឹមនី ដែលជាគ្រូបង្ហាត់ធូហ្កាមួយរូប។
លោក វ៉ាត គឹមនី បានបញ្ជាក់បែបនេះថា «ខ្ញុំយល់ឃើញថាសៀវភៅនេះគឺល្អមែនទែន បើសិនជាមនុស្សទាំងអស់ ផ្ដោតអារម្មណ៍ ចាប់អារម្មណ៍លើសៀវភៅនេះ ប្រសិនជាអានហើយអនុវត្តតាមសៀវភៅនេះ វានឹងមានគុណសម្បត្តិនៃជីវិតបន្ថែមទៀត។ ចំណុចដែលសំខាន់ៗគឺមានឃ្លាលើកទឹកចិត្ត ហើយនិងឃ្លាដែលព្យាបាល វិធីសាស្រ្តដែលល្អបំផុតគឺវិធីសាស្រ្តបុរាណ តាំងពិសម័យពុទ្ធកាល ដែលក្រោយមកវាចេះតែសាបរលាបបន្តិចម្ដងៗតែវិធីសាស្រ្តនេះគឺជាវិធីសាស្រ្តរបស់ព្រះពុទ្ធ ដែលរាប់ពាន់ឆ្នាំមកហើយវានៅតែមានប្រសិទ្ធភាព ដល់ជីវិតមនុស្សទាំងអស់។ អីចឹងវិធីសាស្ក្រនេះ វិធីសាស្រ្តសមាធិអាចព្យាបាល សេចក្ដីទុក្ខរបស់មនុស្សបាន ខ្ញុំយល់ថា នរណាក៏ដោយមិនថាមានមិនថាក្រ គឺតែងតែមានសេចក្ដីទុក្ខដូចគ្នាទាំងអស់ បើសិនជាយល់ពីសមាធិ អ្នកនោះអាចមានក្បួនរំដោះទុក្ខ មានក្បួនព្យាលទុក្ខ មិនអាចនិយាយថាបញ្ចប់ទុក្ខទេ តែមានវិធីសាស្រ្តដោះស្រាយទុក្ខ នៅចំពោះមុខខ្លួន គឺវិធីសាស្រ្តធ្វើសមាធិ អីចឹងចាប់អារម្មណ៍សៀវភៅនេះមែនទែន»។
បានជា សៀវភៅនេះទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកនិយមអានសៀវភៅ ក៏ដូចជាលោក វ៉ាត គឹមនី ព្រោះកន្លងមកមានការសរសេរសៀវភៅជាច្រើនដែលបង្រៀនពីភាពជោគជ័យនៅខាងក្រៅ ប៉ុន្តែមិនសម្បូរសៀវភៅដែលនិយាយអំពីភាពជោគជ័យនៅក្នុងការគិតបែបវិជ្ជមាននៅឡើយ។ ជាពិសេសគឺការបង្ហាត់បង្រៀនអំពីការសមាធិ ដើម្បីឲ្យមានសតិជាប់ខ្លួនជានិច្ច។ នេះបើតាមការបន្ថែមពីគ្រូបង្ហាត់យូហ្កាខាងលើ។ លោក វ៉ាត គឹមនី ក៏បានបន្ថែមថា ដោយលោកធ្លាប់សិក្សាអំពីជំងឺផ្លូវអារម្មណ៍របស់ពលរដ្ឋខ្មែរនៅពេលបច្ចុប្បន្ន ទើបលោកហ៊ានអះអាងថាសៀវភៅ «សមាធិដើម្បីថាមពលជីវិត» អាចជួយបានច្រើន ដល់អ្នកមានជំងឺទាំងនោះ។
លោក វ៉ាត គឹមនី បានបន្ថែមថា៖ «ខ្ញុំបានធ្វើការស្រាវជ្រាវមួយពាក់ព័ន្ធទៅហ្នឹង ទាក់ទងនិងជំងឺផ្លូវចិត្ត រកឃើញថាប្រទេសកម្ពុជាយើងមានបញ្ហា៤ធំៗ ការគេងមិនលក់ ជំងឺធ្លាក់ទឹកចិត្តជាដើម។ ៤យ៉ាងហ្នឹងកំពុងតែរាតត្បាតនៅក្នុងស្រុកយើង។ អីចឹងខ្ញុំយល់ថាជំងឺទាំង៤នោះ ប្រសិនជាយើងចេះវិធីសាស្រ្តធ្វើសមាធិ វានិងអាចកម្ចាត់ វានិងអាចរំងាប់ វានិងអាចសម្រួលឡើងវិញ តែបើយើងឆ្ងាយពីសមាធិ យើងឆ្ងាយពីការយល់តាមអង្កេតដង្ហើម ចិត្តអារម្មណ៍របស់យើងទេ វាបង្កជាបញ្ហា ពីព្រោះសម័យបច្ចេកវិទ្យាកាន់តែជឿនលឿនឡើងវាធ្វើឲ្យចិត្ត វាធ្វើឲ្យវិញ្ញាណរបស់យើង នៅលើតែបច្ចេកវិទ្យាទេ វាអតើបានផ្ដោតពីខាងក្នុង ពេលនោះវាអស់ថាមពល។ យើងអាចទាញមកវិញប្រសិនជាវិញ្ញាណរបស់យើង ចិត្តរបស់យើង កាយរបស់យើងឧស្សាហ៍រឮកឡើងមកវិញ វានឹងធ្វើឲ្យជីវិតមានថាមពលឡើងវិញ។ នរណាដែលបានកាន់សៀវភៅនេះអាន បានប្រតិបត្តិតាមសៀវភៅនេះ បុគ្គលិកលក្ខណៈនឹងរីកចម្រើន សង្គមគ្រួសារនឹងមានសេចក្ដីសុខ កន្លែងការងារនឹងរីកចម្រើន»។
យ៉ាងណាសៀវភៅ «សមាធិដើម្បីថាមពលជីវិត» នេះត្រូវបានលោក នឹម ឈុន្នី សហនិពន្ធជាមួយព្រះតេជគុណ គូ សុភាព បានឲ្យដឹងថា ក្រោយការចេញផ្សាយសៀវភៅខាងលើនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺអ្នកអានភាគច្រើនជាយុវវ័យ និងមនុស្សវ័យកណ្ដាល។ ក្រៅពីទទួលបានការគាំទ្រពីមិត្តអ្នកអានជាច្រើនក្ដី តែគ្រូបង្រៀនផ្នែកសមាធិខាងលើ ក៏សូមដល់អ្នកអានសៀវភៅអនុវត្តធ្វើលំហាត់សមាធិចំនួន២៩ថ្ងៃ ដែលស្ថិតនៅខាងក្រោយសៀវភៅ ដើម្បីទទួលបានសេចក្ដីស្ងប់ផ្លូវចិត្ត។ ជាការគួរឲ្យកត់សម្គាល់ប្រាក់៥០ភាគរយ នៃថ្លៃសៀវភៅត្រូវបានបញ្ចូលក្នុងមូលនិធិធម្មឱសថ ដើម្បីជាផ្នែកមួយក្នុងការចូលរួមកិច្ចការងារអប់រំក្នុងសង្គមផងដែរ៕