(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍អំពាវនាវដល់អ្នកសារព័ត៌មាន មេត្តាប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវ ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ជាពិសេសនៅក្នុងពេលចុះយកព័ត៌មាន ដោយគប្បីចៀសវាងនូវការគំរាមកំហែង ការបំពាន ការរារាំងតួនាទីសមត្ថកិច្ចមន្ត្រីរាជការ សាធារណៈ ព្រមទាំងមិនរំលោភបំពានលើរូបរាងកាយ សិទ្ធិ តម្លៃ និងអត្តសញ្ញាណបុគ្គលឯកជន។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏ស្នើសុំដល់ផ្នែកពាក់ព័ន្ធ រួមទាំងមន្ត្រីអង្គភាពរដ្ឋ សូមមេត្តាចៀសវាងការប្រើពាក្យសម្តីប្រមាថ ការប៉ះពាល់រាងកាយ ការឆក់យក សម្ភារៈឧបករណ៍យកព័ត៌មាន និងបំផ្លាញចោលសម្ភារៈនានាទាំងនោះរបស់អ្នកយកព័ត៌មាន ដោយត្រូវសហការពេញលេញផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មាន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
បើតាមសេចក្តីថ្លែងការណ៍នេះ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានទទួលព័ត៌មានថា អ្នកសារព័ត៌មាន Online ចំនួន៨រូប រួមទាំងសហការីផ្សេងទៀត ត្រូវបានមន្រ្តីគយច្រកព្រែកចាក ខេត្តកំពត ដាក់ពាក្យប្តឹងទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពតពី «បទជេរប្រមាថចំពោះអ្នករាជការសាធារណៈ, បទប៉ះពាល់ដល់ សិទ្ធិខាងរូបភាពនៃបុគ្គល និងបទជ្រៀតជ្រែកដោយខុសច្បាប់ទៅក្នុងការបំពេញមុខងារសាធារណៈ» ដោយទាមទារសំណងជាប្រាក់ចំនួន ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ករណីប្តឹងផ្តល់នេះ បានធ្វើឡើងបន្ទាប់ពីមានហេតុការណ៍កើតឡើងនាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅបរិវេណប៉ុស្ដិ៍គយព្រែកចាក ព្រំប្រទល់កម្ពុជា-វៀតណាម ស្ថិតក្នុងខេត្តកំពត រវាងមន្ដ្រីគយ និងអ្នកសារព័ត៌មាន Online មួយក្រុម ដែលបានចុះយកព័ត៌មានពាក់ព័ន្ធការដឹកទំនិញឆ្លងកាត់ប៉ុស្ដិ៍គយព្រែកចាក ខេត្តកំពត។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមស្នើសុំដល់ភាគីពាក់ព័ន្ធ ព្រមទាំងស្ថាប័នអនុវត្តច្បាប់ ពិចារណាប្រើប្រាស់ច្បាប់ស្តីពីរបបសារព័តមាន ដើម្បីអនុវត្តលើបណ្តឹងដែលពាក់ព័ន្ធ អ្នកសារព័ត៌មាន។ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏ស្វាគមន៍ផងដែរ ប្រសិនបើភាគីទាំងសង្ខាង ឈានដល់ការព្រមព្រៀងផ្សះផ្សា និងទម្លាក់ចោលពាក្យបណ្តឹង។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានអំពាវនាវដល់អ្នកសារព័ត៌មាន មេត្តាប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវ ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ជាពិសេសនៅក្នុងពេលចុះយក ព័ត៌មាន ដោយគប្បីចៀសវាងនូវការគំរាមកំហែង ការបំពាន ការរារាំងតួនាទីសមត្ថកិច្ចមន្ត្រីរាជការ សាធារណៈ ព្រមទាំងមិនរំលោភបំពានលើរូបរាងកាយ សិទ្ធិ តម្លៃ និងអត្តសញ្ញាណបុគ្គលឯកជន។
សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏បានស្នើសុំដល់ផ្នែកពាក់ព័ន្ធ រួមទាំងមន្ត្រីអង្គភាពរដ្ឋ សូមមេត្តាចៀសវាងការប្រើពាក្យសម្តីប្រមាថ ការប៉ះពាល់រាងកាយ ការឆក់យក សម្ភារៈឧបករណ៍យកព័ត៌មាន និងបំផ្លាញចោលសម្ភារៈនានាទាំងនោះរបស់អ្នកយកព័ត៌មាន ដោយត្រូវសហការពេញលេញផ្តល់ព័ត៌មានដល់អ្នកសារព័ត៌មាន ដើម្បីរួមគ្នាលើកកម្ពស់ «សិទ្ធិទទួល បានព័ត៌មាន» និងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មាន ដែលមានគុណប្រយោជន៍ដល់សាធារណៈជន។
បើតាមសេចក្តីថ្លែងការណ៍ដដែល សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នឹងបន្តតាមដានដោយយកចិត្តទុកដាក់បំផុតទៅលើនីតិវិធី និងចំណាត់ការនានារបស់តុលាការចំពោះរឿងក្តីខាងលើនេះ៕