(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩នេះ តាមរយៈ Facebook សម្តេចបានបង្ហោះសារចូលរួមអបអរសាទរ និងជូនពរជ័យ ជូនដល់បងប្អូនសាសនិកឥស្លាមកម្ពុជាទាំងអស់ ដែលបានបញ្ចប់ពិធីអំណត់បួស ខែរ៉ម៉ាឌន ដោយជោគជ័យ នៅយប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩។
ជាមួយគ្នានេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលក៏មិនភ្លេចអរគុណ ចំពោះបងប្អូនខ្មែរឥស្លាម ដែលបានចូលរួមថែរក្សាសន្តិភាព គាំទ្រ និងមានជំនឿជឿជាក់មកលើការដឹកនាំរបស់សម្តេច និងគណបក្សប្រជាជនកម្ពុជាតាំងពីដើមរៀងមក។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ និង សូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរល្អ មហាប្រសើរ ជូនដល់បងប្អូនសាសនិកឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូន សាសនិកឥស្លាម នៅទូទាំងសាកលលោកផងដែរ ដែលនៅកម្ពុជា បានបញ្ចប់ពិធីអំណត់បួសខែរ៉ម៉ាឌនដោយជោគជ័យ ក្នុងអារម្មណ៍ជ្រះថ្លា ក្នុងឱកាសដ៏សែនរីករាយ ស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ា (អ៊ីត អាល់ហ្វ៊ីទ្រី ) នៅថ្ងៃពុធទី១ ខែស្ហាវ៉ាល់ ឆ្នាំ១៤៤០ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ៣ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ដែលត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩។
ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និងសូមអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះបងប្អូនសាសនិកឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសន្តិភាព ហើយបានគាំទ្រ និងមានជំនឿជឿជាក់ មកលើការដឹកនាំរបស់ខ្ញុំ និងរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក។
ខ្ញុំសូមបួងសួងឲ្យបងប្អូនទាំងអស់ សូមទទួលបាននូវសេចក្កីសុខ សុភមង្គល ក្ដីមេត្តាករុណា និងអាណិត ស្រឡាញ់ ពីអល់ឡោះគ្រប់ៗគ្នា និងសុំឲ្យអល់ឡោះទទួលយកនូវកុសលផលបុណ្យ នៃខែបួសរ៉ម៉ាឌន ដែលបងប្អូនបានគោរពប្រតិបត្តិ ក្នុងរយៈពេលកន្លងមក កុំបីអាក់ខានឡើយ»។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០១៩ ត្រូវនឹងថ្ងៃទី២ ខែ រ៉ាម៉ាឌន ឆ្នាំ១៤៤០ មូហាំម៉ាត់សករាជ សាសនិកឥស្លាមកម្ពុជា ក៏ដូចជាសាសនិកឥស្លាមនៅក្នុងពិភពលោក បានបួសតមអាហារពីព្រលឹមរហូតដល់ថ្ងៃលិច ប្រមាណជាង ១៤ម៉ោង ដោយមានការប្រែប្រួលតាមតំបន់ខ្លះរយៈពេលមួយខែ ក្នុងមួយឆ្នាំ ដែលជាកាតព្វកិច្ចទី៤ ក្នុងចំណោមកាតព្វកិច្ចទាំង៥ នៃអ្នកកាន់សាសនាឥស្លាមទាំងអស់ នៅលើសកលលោក៕