(ភ្នំពេញ)៖ ជាវិធានការតាមផ្លូវច្បាប់ថ្មីមួយទៀត ប្រឆាំងនឹងទណ្ឌិត សម រង្ស៊ី នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចេញមកប្រកាសជាផ្លូវការថា សម្ដេច និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បាននិងកំពុងសិក្សារៀបចំឯកសារប្ដឹងទណ្ឌិត សម រង្ស៊ី ទៅកាន់តុលាការប្រទេសបារាំងផ្ទាល់តែម្ដង ក្រោយពីទណ្ឌិតរត់ចោលស្រុករូបនេះ បានចោទប្រកាន់ ពាក់ព័ន្ធនឹងឃាតកម្មទៅលើនាយឧត្តមសេនីយ៍ ហុក ឡងឌី អតីតអគ្គស្នងការនគរបាលជាតិ កាលពីជាង១០ឆ្នាំមុន។
អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ពីក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយបញ្ជាក់យ៉ាងដូច្នេះថា «សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច ស ខេង កំពុងសិក្សារៀបចំឯកសារប្ដឹង សម រង្ស៊ី នៅតុលាការបារាំង ដើម្បីស្វែងរកយុត្តិធម៌ជាសកល ជូនសម្ដេចទាំងពីរ, ដែល សម រង្ស៊ី បានចោទប្រកាន់ថាជាអ្នកសម្លាប់នាយឧត្តមសេនីយ៍ ហុក ឡងឌី»។
ពាក់ព័ន្ធនឹងករណីចោទប្រកាន់នេះ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសបបួលទណ្ឌិត សម រង្ស៉ី ចេញមកស្បថដាក់ជីវិតខ្លួនឯង ក្រុមគ្រួសារ និងសាច់ញាតិ ព្រមទាំងមនុស្សជំនិត១០០នាក់ផងដែរ ដើម្បីធ្វើឱ្យច្បាស់ថា តើអ្វីដែល សម រង្ស៊ី លើកឡើងនោះជាការពិត ឬយ៉ាងណា? តែទីបំផុតទណ្ឌិតក្បត់ជាតិរូបនេះ នៅតែមិនហ៊ានស្បថដាក់ជីវិតជាមួយបុរសខ្លាំងនៃកម្ពុជា ព្រោះតែខ្លាចងាប់ចោលលោកា ចោលឆ្អឹងក្រៅប្រទេស។
ជាការឆ្លើយតបវិញ ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះ ទណ្ឌិត សម រង្ស៊ី ដែលសម្តេចតេជោ ហ៊ុន សែន ហៅថា «អាឆ្កែកូនក្បត់ជាតិ» បាននិយាយថា សម្តេចតេជោតែងតែយកពិធីស្បថស្បែមកលេងសើច...ស្បថគ្រាន់តែវិធីបែបកូនក្មេងតែប៉ុណ្ណោះ និងបានព្យាយាមនិយាយទាញ យកហេតុផលផ្សេង ដើម្បីបង្វែ និងបន្លំភាពកំសាករបស់ខ្លួនជំនួស។ តើការស្បថជាវិធីរបស់កូនក្មេង ឬព្រោះតែខ្លាចចាញ់សម្បថលើសម្តីរបស់ខ្លួនស្លាប់ចោលភពផែនដី?
ការស្បថ គឺជាទំនៀមដែលប្រជាពលរដ្ឋខ្មែរមានជំនឿយ៉ាងមុតមាំជាទីបំផុត ដើម្បីធានាអះអាងរាល់ភាពស្អាតស្អំរបស់ខ្លួន។ ប្រជាពលរដ្ឋខ្មែរដែលមានជម្លោះ ឬការចោទប្រកាន់ផ្សេងៗ ពួកគេច្រើនប្រើការស្បថស្បែនេះ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវរបស់ពួកគេ៕