កាំកុងត្រូលខេត្តពោធិ៍សាត់ បន្តចុះត្រួតពិនិត្យទំនិញ នៅផ្សារថ្មីពោធិ៍សាត់ តែរកមិនឃើញសារធាតុគីមីហាមឃាត់ទេ និងបានដកហូតទំនិញហូសកាលបរិច្ឆេទ ២១៣គីឡូក្រាម

07-06-2019 13:16

(ពោធិ៍សាត់)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ក្នុងផ្សារថ្មីពោធិ៍សាត់ និងធ្វើតេស្តបឋម ទៅលើទំនិញម្ហូបអាហារ រួមមាននំបញ្ចុក នំបាញ់ស៊ុង នំបាញ់ហយ សសៃគុយទាវ មីលឿង ប្រហុក ខ្ញីហាន់រួច សណ្តែកបណ្តុះ ។ល។... ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ និងកសាងទំនុកចិត្តពីប្រជាពលរដ្ឋ។

ប្រតិបត្តិការខាងលើ ធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ នៅផ្សារថ្មីពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក តូច ចៅកុយ ប្រធានសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ជាលទ្ធផល ទំនិញម្ហូបអាហារទាំងនោះ យើងរកមិនឃើញសារធាតុគីមី ហាមឃាត់ណាមួយនោះឡើយ ក៏ប៉ុន្តែក្រុមការងារបានដកហូតទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន២១៣គីឡូក្រាម យកមកកម្ទេចចោលភ្លាមៗ។

ជាមួយគ្នានោះ ក្នុងពេលត្រួតពិនិត្យ ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ មានការសាទរ និងគាំទ្រច្រើន ជាពិសេសនៅពេល ឃើញម្ហូបអាហារមានអនុលោមភាព សុវត្ថិភាពត្រឹមត្រូវ។ ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែករូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីសុវត្ថិភាពម្ហូបអាហារ និងរបៀបនៃការជ្រើសរើសផលិតផល ម្ហូបអាហារ មានសុវត្ថិភាពមកបរិភោគផងដែរ៕