(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ឈុំ សុជាត អតីតជាយុទ្ធជន នៅកងទ័ពរណសិរ្យសាមគ្គីសង្រោះជាតិ ក៏បានចេញមកប្រតិកម្មធ្ងន់ធ្ងរដែរ ចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តីសិង្ហបុរី លី ស៊ានឡុង។ នៅក្នុងសារនៅលើ Facebook នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ លោកនាយឧត្តមសេនីយ៍ បានទាមទារឱ្យ លោក លី ស៊ានឡុង កែតម្រូវចំពោះការលើកឡើង ដោយភាន់ច្រឡំប្រវត្តិសាស្រ្ត ខ្វះសច្ចភាព។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «រឿងនេះ ឯកឧត្តម នាយករដ្ឋមន្រ្តីសិង្ហបុរី គួរតែកែតម្រូវចំពោះការលើកឡើងដោយភាន់ច្រឡំប្រវត្តិសាស្រ្ត ខ្វះសច្ចភាព ដែលអាចបង្កឱ្យមានការយល់ច្រឡំចំពោះ កិច្ចសហប្រតិបត្តិការរវាងកងទ័ពស្ម័គ្រចិត្តវៀតណាម ជាមួយកងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត»។
ដូចគ្នាទៅនឹងសារនយោបាយប្រមុខរាជរដ្ឋាភិបាល រួមទាំងក្រសួងការបរទេស, អ្នកនាំពាក្យក្រសួងការពារជាតិ បានសម្តែងការសោកស្តាយជាខ្លាំងដែល ដែលឃើញសាររបស់ លោកនាយករដ្ឋមន្រ្តីសិង្ហបុរី ដែលជាសមាជិកអាស៊ានដូចគ្នា វាយប្រហារលើកម្ពុជា-វៀតណាម ចំពោះការរំដោះប្រជាពលរដ្ឋខ្មែរចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពិភពលោកស្អប់ខ្ពើម។
លោកបានបន្ថែមការលើកឡើងរបស់ លោក លី ស៊ានឡុង បានស្តែងឱ្យឃើញថា សិង្ហបុរីពេលនោះ បានគាំទ្ររបបប្រល័យពូជសាសន៍ ដែលបានកាប់សម្លាប់ប្រជាជនកម្ពុជា រាប់លាននាក់ និងចង់ឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញដែរ។ ការលើកឡើងនេះ ក៏ជាការប្រមាថដល់ពលិកម្មសាច់ស្រស់ឈាមស្រស់ របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍នោះ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាលកម្ពុជា យុទ្ធជនកម្ពុជា និងពលរដ្ឋកម្ពុជា ចេះទទួលស្គាល់ការពិត នៃការធ្វើពលិកម្មរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម។ បើគ្មានការចូលរួមពីកងទ័ពវៀតណាម ក្នុងការវាយផ្តួលរំលំរបបប៉ុលពតទេ ម្ល៉េះពេលនោះ ប្រជាជនកម្ពុជាត្រូវពួកប៉ុល ពត សម្លាប់យ៉ាងអយុត្តិធម៌ ហើយគ្មានបរទេសណា ជួយរកយុត្តិធម៌ឱ្យទេ»។
នាយឧត្តមសេនីយ៍ ឈុំ សុជាត រំលឹកថា លោកធ្លាប់ជាប់ក្នុងគុករបស់ ប៉ុល ពត ដោយរង់ចាំតែថ្ងៃស្លាប់ទេ ពេលនោះគឺរស់បានមួយថ្ងៃសម្រាប់តែមួយថ្ងៃ។ រាល់ដង្ហើមចេញចូល បានបន់ស្រន់អស់ហើយ ឱ្យតែមានអ្នកណាមកសង្គ្រោះជីវិត។ ប្រជាជនកម្ពុជាក្នុងរបប ប៉ុល ពត មិនអាចបំភ្លេចគុណ កងទ័ពស្ម័គ្រចិត្តវៀតណាម និងកងទ័ពរណសិរ្យសាមគ្គីសង្រោះជាតិបានទេ។
គួរបញ្ជាក់ថា សម្តីរបស់នាយករដ្ឋមន្ត្រី លី ស៊ានឡុងបែបនេះ ក៏ត្រូវបាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ប្រមុខការពារជាតិកម្ពុជា និងប្រមុខការទូតកម្ពុជា ប្រតិកម្មធ្ងន់ៗដែរ។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការលើកឡើងនេះ ជាការបង្ហាញប្រជាជនសិង្ហបុរី និងពិភពលោកថា មេដឹកនាំសិង្ហបុរីនាពេលនោះ បានរួមចំណែកសម្លាប់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ។
នាយឧត្តមសេនីយ៍ ឈុំ សុជាត បញ្ជាក់ថា «ខ្ញុំសូមគាំទ្រជានិច្ចចំពោះជំហររាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចពិជ័យសេនា ទៀ បាញ់ រួមទាំងក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា ដែលប្រតិកម្មចំពោះការភាន់ច្រឡំប្រវត្តិសាស្រ្តរបស់ ឯកឧត្តម នាយករដ្ឋមន្រ្តីសិង្ហបុរី»។
អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ បន្តថា នាយករដ្ឋមន្រ្តីសិង្ហបុរី មិនមែនជាប្រជាពលរដ្ឋខ្មែរដែលធ្លាប់រស់នៅក្នុងសម័យប៉ុលពត និងរងឥទ្ធិពលដោយរបបឃោរឃៅនេះ គឺពិតជាមិនបានដឹងអំពីទុក្ខវេទនារបស់ប្រជាជនកម្ពុជា ដែលត្រូវការអ្នកជួយសង្រ្គោះជីវិត ក្នុងពេលដែលខ្លួនកំពុងតែរងគ្រោះដោយរបបយង់ឃ្នងពេលនោះឡើយ។
ក្រៅពីប្រតិកម្មពីកម្ពុជាដែលកំពុងក្តៅគគុកនៅពេលនេះ, សម្តីរបស់ នាយករដ្ឋមន្រ្តីសិង្ហបុរីរូប ក៏ទទួលបានការប្រតិកម្មធ្ងន់ធ្ងរដែរពីភាគីវៀតណាម។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី Le Thi Thu Hang បានឆ្លើយតបជាសាធាណៈ នៅថ្ងៃទី៤ ខែមិថុនាថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រីសឹង្ហបុរី «មិនបង្ហាញពីការណ៍ពិតនៃប្រវត្តិសាស្រ្ត ដែលនាំឲ្យមានការប៉ះពាល់អវិជ្ជមានលើការយល់ឃើញ របស់សាធារណជន»។
តាមរយៈគេហទំព័រក្រសួងការបរទេសវៀតណាម អ្នកស្រីបានលើកឡើងថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានចេញសាលក្រមលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលប្រព្រឹត្តដោយខ្មែរក្រហមកាលពីខែវិច្ឆិកាឆ្នាំមុន។
«សាលក្រមនេះគឺជាភ័ស្តុតាងជាក់ស្តែងចំពោះការណ៍ពិតជាប្រវត្តិសាស្ត្រ ហើយវាផ្តល់យុត្តិធម៌ និងប៉ះប៉ូវការខូចខាតដល់ជនរងគ្រោះដែលសាលក្រមនេះ ត្រូវបានស្វាគមន៍ដោយអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ»៕