(ព្រៃវែង)៖ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រៃវែង ដឹកនាំដោយលោក អ៊ុត សុភាព ដោយមានការចូលរួមសហការពី មន្រ្តីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ជាពិសេសផលិតផល នំបញ្ចុក ដែលដាក់តាំងលក់នៅផ្សារអ្នកលឿង ស្ថិតនៅភូមិ០២ ឃុំព្រែកខ្សាយខ ស្រុកពាមរក៍ ខេត្តព្រៃវែង។

ក្នុងការត្រួតពិនិត្យ មន្រ្តីជំនាញបានធ្វើការវិភាគបឋមទៅលើផលិតផលទំនិញចំនួន៧មុខ ស្មើនឹង១៥គំរូ មានដូចជា៖ នំបញ្ចុក គុយទាវ បាញ់កាញ់ ត្រីងៀត ត្រីប្រម៉ា ត្រីចំហុយ ក្បាលត្រីប្រលាក់ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ ផលិតផលម្ហូបអាហារបានជាច្រើនមុខទៀតផងដែរ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ សរសៃរគុយទាវ ទម្ងន់១គីឡូក្រាម មានដាក់សារធាតុគីមីហាមឃាត់ប៉ូរាក់ ចំណែកនំបញ្ចុក រកពុំឃើញ មានសារធាតុគីមីទេ។ សរុបទំនិញខូចគុណភាព ដែលមន្ត្រីជំនាញដកហូត បានចំនួន១គីឡូក្រាម។

បន្ទាប់មកមន្ត្រីកាំកុងត្រូល បានធ្វើការណែនាំដល់អាជីវករ ហើយឲ្យម្ចាស់ទំនិញធ្វើកិច្ចសន្យា ផ្តិតមេដៃ ដើម្បីបញ្ឈប់ការដាក់តាំងលក់នូវផលិត ផលម្ហូបអាហារ ដែលមានដាក់បន្ថែមនូវសារធាតុគីមីហាមឃាត់ និងបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោល។ ក្នុងឱកាសនោះ មន្ត្រីកាំកុងត្រូល ក៏បានពន្យល់ផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ឲ្យយល់ដឹងអំពី ច្បាប់ស្តីពីការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវាផងដែរ៕

\