(ភ្នំពេញ)៖ ក្រោយពីការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកកម្ពុជា នៅប៉ុន្មានថ្ងៃមកនេះពាក្យថា «នំបញ្ចុក» ត្រូវបានសរសេរ និងនិយាយយ៉ាងច្រើន ហើយនៅថ្ងៃទី៩ ខែមិថុនានេះ ពាក្យថា «ហូបនំបញ្ចុក» ក៏ត្រូវបានប្រើប្រាស់ច្រើនអមដោយរូបភាពយ៉ាងអធឹកអធម នៃការជួបជុំរបសើបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ហូបនំបញ្ចុកមានទឹកសម្លរខ្មែរដ៏ល្ងុយឆ្ងាញ់ ត្រូវបានបង្ហោះព្រោងព្រាតនៅលើប្រព័ន្ធផ្សព្វផ្សាយនានា ជាពិសេសលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដ៏មានប្រជាប្រិយភាពនៅកម្ពុជា។ នៅគ្រប់ទីកន្លែង គេនាំគ្នានិយាយតែនំបញ្ចុក និងហូបនំបញ្ចុក ហើយតែងតែដណ្តឹងសួរគ្នាថា តើបានហូបនំបញ្ចុកសាមគ្គី និងឯកភាពជាតិខ្មែរហើយឬនៅ?
ថ្ងៃទី៩ មិថុនា ជាថ្ងៃដែលពលរដ្ឋខ្មែរហូបនំបញ្ចុករួមគ្នាជាលើកទី១ ក្នុងប្រវត្តិសាស្ត្រចាប់តាំងពីមាននំបញ្ចុកខ្មែរ ហើយក៏ជាលើកទី១ ក្នុងប្រវត្តិសាស្ត្រនៅកម្ពុជា និងនៅលើពិភពលោកដែរដែលមានប្រជជនរាប់លាននាក់ហូបនំបញ្ចុកក្នុងថ្ងៃតែមួយលើសពីសព្វមួយដង។
ព្រឹត្តិការណ៍ហូបនំបញ្ចុកដ៏ធំដែលកម្ពុជាបានបង្កើតឡើងនៅពេលនេះដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការ គ្រប់ជាតិសាសន៍នេះបង្កប់នូវអត្ថន័យដ៏ធំធេងសម្រាប់ ជាតិនិងប្រជាជនកម្ពុជាគឺបង្ហាញនូវសាមគ្គីជាតិ ឯកភាពជាតិខ្មែរជាធ្លុងមួយ និងជាការរួបរួមកម្លាំងក្នុងចំណោមប្រជាពលរដ្ឋខ្មែរកាន់តែមានភាពរឹងមាំ ថែមទៀតនៅជុំវិញរាជរដ្ឋាភិបាលកម្ពុជា ជុំវិញថ្នាក់ដឹកនាំជាតិដើម្បីបន្តថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ។
ព្រឹត្តិការណ៍ហូបនំបញ្ចុកថ្ងៃទី៩ មិថុនា ក៏ជាការរួមកម្លាំងសាមគ្គីជាតិខ្មែរប្រឆាំងនឹងក្រុមប្រឆាំងដែលដឹកនាំដោយទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី យកនំបញ្ចុកដែលជាអាហារប្រពៃណីជាតិខ្មែរមកបំបែកបំបាក់ជាតិខ្មែរ និងប្រើប្រាស់ជានិមិត្តរូបបដិវត្តន៍បះបោរប្រឆាំងនឹងសេចក្តីសុខរបស់ពលរដ្ឋខ្មែរ។ ប៉ុន្តែល្បិចកលទុច្ចរិតនេះត្រូវបាន វាយបំបាក់។ ក្រុមប្រឆាំងបានទទួលបរាជ័យដ៏អាម៉ាស់ជាថ្មីម្តងទៀត។
ព្រឹត្តិការណ៍ហូបនំបញ្ចុកដ៏ធំសម្បើមនេះបង្ហាញយ៉ាងច្បាស់ថា ពលរដ្ឋខ្មែរប្រឆាំងដាច់ខាតនយោបាយបំផ្លាញជាតិ ហើយយល់ច្បាស់ពីការរួបរួមកម្លាំងសាមគ្គីជាតិខ្មែរទប់ស្កាត់ និងបង្ក្រាបអំពើក្បត់ជាតិ និងការបំបែកបំបាក់ជាតិតាមរយៈនំបញ្ចុក។
ព្រឹត្តិការណ៍ហូបនំបញ្ចុកសាមគ្គីភាពនិងឯកភាពជាតិខ្មែរ ៩ មិថុនា អាចនឹងក្លាយជាទិវាអាហារជាតិខ្មែរមួយ ដើម្បីរក្សាអត្តសញ្ញាណជាតិខ្មែរ ក៏ដូចជាលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក បន្លែបង្ការ និងអង្ករខ្មែរ។ ព្រឹត្តិការណ៍ថ្ងៃទី៩ មិថុនា នេះក៏ជាឱកាសមួយ ជួយផ្សព្វផ្សាយឱ្យពិភពលោកស្គាល់នំបញ្ចុកខ្មែរកាន់តែច្បាស់ និងបានឃើញសាមគ្គីភាពរបស់បបរជាពលរដ្ឋខ្មែរដែលមានជាប្រពៃណីយូរយារ ណាស់មកហើយ។ សូមអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបាន ផ្តួចផ្តើមឱ្យមានព្រឹត្តិការណ៍ហូបនំបញ្ចុកមហាសាមគ្គី និងឯកភាពជាតិខ្មែរនៅថ្ងៃនេះ! ជានំបញ្ចុកសន្តិភាព នំបញ្ចុកឯកភាពជាតិ និងនំបញ្ចុកអត្តសញ្ញាណជាតិខ្មែរ!៕
ដោយ៖ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩