(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែមិថុនា​ ​ឆ្នាំ២០១៩ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានអញ្ជើញចូលរួមជាគណៈអធិបតីជាមួយលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោក នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីបិទការដ្ឋានជួសជុលនិងកែលម្អសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញ ដោយមានការចូលរួមពីតំណាងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម សិស្សានុសិស្ស និងអាណាព្យាបាលសិស្ស សរុបប្រមាណ ៤៥០នាក់។

លោក កឹមរ័ត្ន វិសិដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតចិនប្រចាំកម្ពុជា ដែលបានឧបត្ថម្ភគាំទ្រដល់គម្រោងជួសជុលនិងកែលម្អសាលារៀននេះ ដែលជាកាយវិការសប្បុរសធម៌ដ៏ថ្លៃថ្លានេះ បានបញ្ជាក់ឱ្យឃើញពីការចូលរួមចំណែកយ៉ាងសំខាន់របស់រដ្ឋាភិបាលចិននិងប្រជាជនចិន ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចនៅកម្ពុជា សំដៅលើកកម្ពស់សុខុមាលភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ដោយមានការសម្របសម្រួលពី វ.ស.ស. សម្រាប់ការអនុវត្តគម្រោងជួសជុលនិងកែលម្អសាលាបឋមសិក្សាមិត្តភាពកម្ពុជា-ចិន ឃ្មួញនេះ អគារសិក្សាចំនួន ២ខ្នងដែលសាងសង់ក្នុងឆ្នាំ១៩៩៩ និងឆ្នាំ២០០០ ត្រូវបានជួសជុលកែលម្អឡើងវិញ ព្រមទាំងបានសាងសង់ខ្លោងទ្វារ និងដងទង់ជាតិ លាបថ្នាំរបងសាលារៀន ជួសជុលតុកៅអី និងបានចាក់ដីបំពេញទីធ្លាក្នុងបរិវេណសាលារៀន ដើម្បីប្រែក្លាយមុខមាត់ថ្មីនិងសោភ័ណភាពរបស់សាលារៀន និងបង្កើនបរិស្ថានសិក្សាល្អសម្រាប់សិស្សានុសិស្ស ដែលជាការចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា៕