(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកជាផ្លូវការនូវយុទ្ធនាការបន្តការបណ្តុះបណ្តាលជាស៊េរីស្តីពី «ជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០១៩» បន្ទាប់ពីសម្រេចបានជោគជ័យក្នុងការអនុវត្តការបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះក្នុងឆ្នាំ២០១៨ កន្លងមក សំដៅបង្កើនការលើកកម្ពស់សមត្ថភាពជូនសិក្ខាកាមជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាញ ដែលទទួលបន្ទុកការងារគ្រប់គ្រងថវិកា, លទ្ធកម្មសាធារណៈ, ហិរញ្ញវត្ថុកិច្ច របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល សំដៅចូលរួមចំណែកគាំទ្រ និងអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងចីរភាព។

ពិធីប្រកាសបើកយុទ្ធនាការបន្តការបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ ធ្វើឡើងនៅថ្ងៃចន្ទ៨ កើត ខែជេស្ឋ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ ក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងស្ថាប័ន និងមានការចូលរួមពីលោកស្រី Camilla Lombard តំណាងសហគមន៍អឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា និងតំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ រួមនឹងគ្រូឧទ្ទេស និងសិក្ខាកាមចូលរួមសរុបប្រមាណ ៥០០នាក់។

អង្គពិធីនេះត្រូវបានរៀបចំ និងសម្របសម្រួល ដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយកម្មវិធីនៃវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ នឹងប្រព្រឹត្តទៅក្នុងទម្រង់ជាការបណ្តុះបណ្តាលរយៈពេលមធ្យម មានលក្ខណៈជាស៊េរី ចំនួន ២៤វគ្គ មានរយៈពេល ៩០ម៉ោង សម្រាប់វគ្គសិក្សានីមួយៗ។

ថ្លែងនៅក្នុងពិធីបើកជាផ្លូវការនាព្រឹកមិញនេះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានគូសបញ្ជាក់ថា ជានិច្ចកាលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាត់ទុកការកសាង និងអភិវឌ្ឍសមត្ថភាព ពិសេសលើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាយន្តការគាំទ្រគន្លឹះ ដើម្បីរួមចំណែកពង្រឹងពង្រីកចំណេះដឹង និងសមត្ថភាពជំនាញ និងផ្សព្វផ្សាយបទដ្ឋានការងារបច្ចេកទេស ឆ្លើយតបទៅនឹងតម្រូវការសម្រាប់អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយប្រសិទ្ធភាព។

ជាក់ស្តែងចាប់ពីឆ្នាំ២០១៣-២០១៨ ដើម្បីបំពេញតម្រូវការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ និងអនុវត្តកាបណ្តុះបណ្តាលនិងវិក្រឹតការសមត្ថភាពជាបន្តបន្ទាប់ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធលើការគ្រប់គ្រងហិញ្ញវត្ថុសាធារណៈ។ បច្ចុប្បន្នធនធានមនុស្សទាំងនោះ បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទី ភារកិច្ច នៅតាមអង្គភាពការងាររៀងៗខ្លួន និងបានរួមចំណែកធ្វើឱ្យកម្ពុជាបន្តរក្សាបានយ៉ាងរឹងមាំនូវ «ភាពជឿទុកចិត្តនៃថវិកា» ដែលសម្រេចបានក្នុងដំណាក់កាលទី១ និង ទទួលបានជោគជ័យថែមទៀត ក្នុងការបង្កើន «គណនេយ្យភាពហិរញ្ញវត្ថុ» ក្នុងដំណាក់កាលទី២ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដ៏មានសារសំខាន់នេះ។

លោកបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់គន្លឹះមួយរបស់រាជរដ្ឋាភិបាល សម្រាប់ធានាជោគជ័យ ក្នុងការអនុវត្តរបៀបវារៈគោលនយោបាយអភិវឌ្ឍជាតិ សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ បច្ចុប្បន្នការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកំពុងស្ថិតនៅដំណាក់កាលទី៣ ក្នុងគោលដៅគឺ «ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល» ព្រមជាមួយនឹងការផ្ទេរភាពជាម្ចាស់ និងការទទួលខុសត្រូវកាន់តែច្រើនឡើង ទៅដល់គ្រប់ក្រសួងស្ថាប័ន។

ដំណាក់កាលទី៣ នេះ គឺគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២០ សម្រាប់ជាមូលដ្ឋានឆ្ពោះទៅកាន់ការដាក់ឱ្យអនុវត្តនូវដំណាក់កាលទី ៤ (២០២១-២០២៥) ក្នុងគោលដៅដើម្បីបង្កើន «គណនេយ្យភាពសមិទ្ធកម្ម» ដែលជាគោលដៅចុងក្រោយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដ៏មានសារសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ក្នុងក្របខណ្ឌនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣, ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ក៏ត្រូវបានដាក់ឱ្យអនុវត្តជាបណ្តើរៗ ដោយបានរួមបញ្ចូលនូវចំណាត់ថ្នាក់ថវិកាទាំង ៧ និង ការបង្កើនមុខងារបន្ថែម តាមតម្រូវការចាំបាច់ជាដំណាក់ៗ ដែលបង្កើតបានជាមូលដ្ឋានរឹងមាំសម្រាប់ការកត់ត្រាគណនេយ្យគ្រប់ជ្រុងជ្រោយ និង អាចផលិតរបាយការណ៍បានត្រឹមត្រូវ និងទាន់ពេលវេលា។ លើសពីនេះ រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវត្តផងដែរ ផែនការយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធថវិកា ២០១៨-២០២៥ ក្នុងគោលដៅប្រែក្លាយជាបណ្តើៗនូវប្រព័ន្ធថវិកាកម្ពុជាឱ្យទៅជាប្រព័ន្ធមួយដែលមានប្រសិទ្ធភាព គណនេយ្យភាព និង តម្លាភាព ស្របតាមឧត្តមានុវត្តជាអន្តរជាតិ។

ថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្រ្តបីថែមទៀតគឺ យុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣, យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ២០១៩-២០២៥ និង យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ២០១៩-២០២៥ ក្នុងក្របខណ្ឌនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព។ ប្រការនេះ ធ្វើឱ្យគ្រប់ក្រសួងស្ថាប័ន ចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀត ក្នុងការពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និង ការលើកកម្ពស់ការយល់ដឹង ពិសេសលើ «ជំនាញបច្ចេកទេសចាំបាច់សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ជូនមន្រ្តីរាជការរបស់ខ្លួន ដើម្បីធានាបាននូវប្រសិទ្ធភាព សង្គតិភាព និង ចីរភាពក្នុងការអនុវត្តតួនាទី ភារកិច្ច ពិសេសការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា និង ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព។

លោកបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានវាយតម្លៃថា «កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ទាំង ២៤វគ្គ ក្នុងឆ្នាំ ២០១៩ ដែលត្រូវប្រកាសចាប់ផ្តើមអនុវត្តនៅពេលនេះ ពិតជាមានសារៈសំខាន់ សម្រាប់ជាឱកាសដល់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការគោលដៅ ដើម្បីពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និង លើកកម្ពស់ការយល់ដឹងរបស់ខ្លួន សំដៅរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ឱ្យសម្រេចជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងចីរភាព៕

Advertising