(កណ្តាល)៖ ប្រជាពលរដ្ឋនៅក្នុងឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីពិសារនំបញ្ចុកសាមគ្គីនៅសាលាឃុំព្រែកថ្មី ដែលរៀបចំឡើងដោយលោក ចៅ តុល ប្រធានក្រុមការ ងារថ្នាក់កណ្តាលចុះជួយឃុំព្រែកថ្មី ស្រុកកោះធំ ដែលធ្វើឡើងនៅថ្ងៃទី៩ មិថុនា ឆ្នាំ២០១៩ នៅក្នុងបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំព្រែកថ្មី។

ប្រជាពលរដ្ឋមិនត្រឹមតែ បានមកចូលរួមហូបនំបញ្ចុកនៅក្នុងពិធីនេះប៉ុណ្ណោះទេ តាមការសង្កេតជាក់ស្តែង គឺនៅមានប្រជាពលរដ្ឋជាច្រើនទៀត នៅក្នុងឃុំព្រែកថ្មីនេះ ដែលបាននាំគ្នាធ្វើនំបញ្ចុកហូបនៅតាមលំនៅដ្ឋាននីមួយៗផងដែរ។

ប្រជាពលរដ្ឋ បានលើកឡើងថា ការនាំគ្នាហូបនំបញ្ចុកនេះ ពួកគាត់នាំគ្នាហូបដើម្បីបង្ហាញពីភាពជិតស្និតនិងគ្នានិងលើកស្ទួយអត្តសញ្ញាណនំបញ្ចុករបស់ខ្មែរតាំងពីបុរមបុរាណមក។

លោក ចៅ តុល បានជំរុញឲ្យប្រជាពលរដ្ឋចូលរួមពិសារនំបញ្ចុកទាំងអស់គ្នា ព្រោះកាហូបនំបញ្ចុកនេះ គឺជានិមត្តរូបឯកភាពជាតិ ចេះរួបរួមសាមគ្គីគ្នា ស្រឡាញ់គ្នា ការហូបនំបញ្ចុកមិនមែនចាត់ទុកជាបក្សនយោបាយនោះទេ។ នំបញ្ចុកជានំរបស់ខ្មែរ កើតចេញពីកសិករខ្មែរ៕