(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រី្ត រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដឹកនាំមន្រ្តីក្រោមឱវាទ ជាច្រើននាក់ ពិសានំបញ្ចុកជុំគ្នា ដើម្បីបញ្ជាក់អំពីសាមគ្គីភាព និងឯកភាពជាតិ ហើយក៏ដើម្បីជួយលើកស្ទួយផលិតផលខ្មែរ ជាពិសេស គឺសរសៃនំបញ្ចុក ស្រូបជាមួយទឹកសម្លប្រហើរ ដ៏មានរសជាតិឈ្ងុយឆ្ងាញ់បន្សល់ទុក ដោយកេរដូនតាខ្មែរយើង ជាយូរលង់មកហើយ។

ពិធីនេះ បានធ្វើឡើងនៅថ្ងៃអាទិត្យថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ២០១៩ នៅក្នុងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដោយក្រសួងបានរៀបចំពិធីហូបនំបញ្ចុក សម្រាប់គ្រួសារឧស្សាហកម្មនិងសិប្បកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួងយ៉ាងច្រើនកុះករ ក្នុងមនោសញ្ចេតនានិងទឹកចិត្តរីករាយ ជាមួយនិងរសជាតិឈ្ងុយឆ្ងាញ់ នៃទឹកសម្លនំបញ្ចុកចំនួនពីរមុខ គឺសម្លប្រហើរខ្មែរ និងសម្លការី។

សូមជម្រាបថា ទិវាហូបនំបញ្ចុកសាមគ្គីភាព ដែលរៀបចំឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩។ ប្រជាជនទូទាំងប្រទេសកម្ពុជា រួមទាំងបងប្អូនខ្មែរដែលរស់នៅក្រៅប្រទេស បានចូលរួមយ៉ាងផុសផុលជាទីបំផុត ដោយគ្រប់ភូមិស្រុក សុទ្ធតែងនាំគ្នាហូបនំបញ្ចុកដោយក្តីរីករាយ និងគ្មានបាតុភាពអ្វីកើតឡើងឡើយ ក្រោមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា៕