(សៀមរាប)៖ អង្គការមូលនិធិប្រាសាទពិភពលោក World Monuments Fund (WMF) នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ បានប្រារព្ធខួប ៣០ឆ្នាំ លើការងារអភិរក្សនិងជួសជុលប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរ ក្រោមវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា លោក Michael Newbill ភារធារីស្ថានទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកស្រី Gineavra Boato តំណាងអង្គការមូលនិធិប្រាសាទពិភពលោកប្រចាំអាស៊ីអាគ្នេយ៍ មន្រ្តី បុគ្គលិកអាជ្ញាធរជាតិអប្សរា សរុបចំនួនប្រមាណ ២០០នាក់។

លោកស្រី Gineavra Boato បានលើកឡើងថា អង្គការនេះបានចូលមកបំពេញការងារនៅតំបន់អង្គរ នៅឆ្នាំ១៩៨៩ ដោយការងារអាទិភាពដំបូង គឺការបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាលើការងារអភិរក្ស និងជួសជុលប្រាសាទ។ ជាបន្តបន្ទាប់មក WMF បានធ្វើវាយតម្លៃលើការខូចខាតរបស់ប្រាង្គប្រាសាទបុរាណ ដែលកម្ពុជាបានជួបប្រទះ និងការខ្វះកិច្ចអភិរក្សជួសជុលក្រោយពីសង្រ្គាមស៊ីវិល។

លោកស្រី Gineavra Boato បានបន្តថា នៅឆ្នាំ២០០៨ WMF បានចាប់ផ្តើមគម្រោងអភិរក្សប្រាសាទភ្នំបាខែង ដែលការងារនេះត្រូវបានគ្រប់គ្រងរៀបចំ និងអនុវត្តន៍ដោយអ្នកជំនាញការខ្មែរ ដែលទទួលបានការបណ្ដុះបណ្ដាល នាពេលកន្លងមក។

ក្នុងនាមស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Michael Newbill បានចាត់ទុកការប្រារព្ធពិធីនេះ ជាការបញ្ជាក់ពីទំនាក់ទំនងដ៏យូរអង្វែងរវាងសហរដ្ឋអាមេរិក តាមរយៈ WMF ជាមួយអាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាពិសេសក្នុងរយៈពេល៣០ឆ្នាំមកនេះ WMF បានបណ្ដុះបណ្ដាលអ្នកជំនាញខ្មែរជាច្រើនរូប ហើយនឹងផ្តល់ឱកាសដល់ពលរដ្ឋកម្ពុជាជាង ១០០នាក់។

តំណាងស្ថានទូតសហរដ្ឋអាមេរិករូបនេះ បានបញ្ជាក់ថា «ចំពោះគម្រោងជួសជុលប្រាសាទភ្នំបាខែង គឺជាគម្រោងដែលមានភាពលេចធ្លោ និងមានការចូលរួមភាគច្រើនដោយបុគ្គលិកជំនាញកម្ពុជា»។

លោកស្រី ភឿង សកុណា បានថ្លែងអំណរគុណដល់ WMF ដែលបានរួមចំណែកក្នុងការកសាងសមត្ថភាពធនធានមនុស្សរបស់កម្ពុជា និងបានអនុវត្តកិច្ចការអភិរក្ស និងជួសជុលប្រាសាទ ចាប់ពីឆ្នាំ១៩៩២ ជាពិសេសប្រាសាទព្រះខ័ន តាសោម អង្គរវត្ត និងប្រាសាទភ្នំបាខែង។

លោកស្រីក៏បានរំលេចអំពីផលប្រយោជន៍ នៃកត្តាសន្តិភាពព្រោះកត្តានេះបានចូលរួមចំណែកយ៉ាងខ្លាំងក្លា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសុខុដុមរមនារបស់ប្រទេស នាពេលបច្ចុប្បន្ន និងអនាគត រួមទាំងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ៕