(ព្រះសីហនុ)៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ចូលរួមពិធីជួបប្រជុំស្តីពី ការបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យតាមលក្ខណៈ ជាប្រព័ន្ធ ស្ថិតនៅភូមិចំនួន២គឺភូមិចំការកៅស៊ូ និងភូមិជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក យន្ត មីន បានគូសបញ្ជាក់ថា ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ អនុវត្តតាមនីតិវិធី និងបច្ចេកវិទ្យាទំនើបមានតម្លាភាព និងការទទួលខុសត្រូវស្របតាមគោលនយោ បាយដីធ្លីរបស់រាជរដ្ឋាភិបាល។ ការធ្វើបណ្ណកម្មសិទ្ធិជូនពលរដ្ឋជាលក្ខណៈប្រព័ន្ធនេះ វាបានជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងទំនាស់ដីធ្លីនៅក្នុងសង្គមផងដែរ។

ទន្ទឹមនេះលោក យន្ត មីន រំលឹកប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ចូលរួមក្នុងការពិនិត្យ ផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនក្នុងពេលបិទផ្សាយ ដើម្បីធានានូវភាពត្រឹមត្រូវ។ ប្រសិនបើមានចំណុចខុសឆ្គង ទិន្នន័យ សូមដាក់ពាក្យបណ្ដឹងជំទាស់តវ៉ាដើម្បីកែតម្រូវឡើងវិញ ដោយទុករយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅសាលា ឃុំជើងគោ។
ជាមួយនោះដែរ អភិបាលខេត្តក៏បានសំណូមពរប្រជាពលរដ្ឋ ឲ្យចូលរួមអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ពិសេសចៀសឱ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ចូលរួមគោរពចរាចរណ៍។

គួរបញ្ជាក់ថា បន្ទាប់ពីចប់ពិធីនេះលោក យន្ត មីន បានបន្តដំណើរទៅពិនិត្យមើលការសាងសង់ទំនប់ស្ទាក់ទឹកមួយកន្លែងទៀតនៅភូមិអន្លង់ក្រពើ និងចង្វាក់ផលិតកម្មរោងចក្រសម្រាញ់ដូងប្រេង មនោរម្យផងដែរ។

បើតាមលោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានបង្ហាញថា ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធសម្រាប់ឃុំជើងគោ មានពីរភូមិ ភូមិចំការកៅស៊ូ និងភូមិជើងគោ សរុបចំនួន ៧១៨ក្បាលដី ក្នុងនោះ ភូមិចំការកៅស៊ូមានចំនួន ៣៧៩ក្បាលដី ភូមិជើងគោ មានចំនួន ៣៣៩ក្បាលដី ហើយគណកម្មការសូរិយាដី និងនៅចាំការតវ៉ារបស់បងប្អូនប្រជាពលរដ្ឋរយពេល ១៥ថ្ងៃ ចាប់ពីថ្ងៃបិទផ្សាយនេះតទៅ៕