(ក្រចេះ)៖ លោក ឈ្នាង សុវុត្ថា ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តក្រចេះនៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះថា ជំងឺគ្រុនឈាមក្នុងខេត្តក្រចេះ មានការកើនឡើងជាខ្លាំង បើគិតពីដើមឆ្នាំ២០១៩ មកទល់ពេលនេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន មានតែ ៣០ករណី ដែលធ្លាប់តែកើតឡើងមកលើកុមារ។

ជាក់ស្តែងនៅដើមឆ្នាំ២០១៩នេះ មាន ៤៤២ករណី នៅទូទាំងខេត្តក្រចេះ កើតឡើងមិនថាកុមារ ឬមនុស្សពេញវ័យ និងចាស់នោះទេ ហើយតំបន់មួយចំនួន ដែលទទួលរងខ្លាំងជាងគេ គឺឃុំមួយចំនួនក្នុងស្រុកស្នួល និងស្រុកចិត្របុរី ក្នុងនោះមានមនុស្សចាស់ ៦ករណី មានស្លាប់ចំនួន ៣នាក់ ក្នុងនោះមានមនុស្សធំអាយុលើ១៥ឆ្នាំម្នាក់ បានស្លាប់ផងដែរ។

លោក ឈ្នាង សុវុត្ថា បានថ្លែងថា កត្តាដែលជំរុញឱ្យកើតមាននូវជំងឺនេះឡើង គឺកត្តាអាកាសធាតុ ដោយសាររដូវប្រាំងមានរយៈពេលអូសបន្លាយវែង ហើយរដូវវស្សាមានភ្លៀង ធ្លាក់មកយ៉ាងគំហុគ បង្កឱ្យមានការកើតឡើងលឿន ហើយជំងឺនេះកើតឡើងដោយមុសខ្លា វាខាំនៅពេលថ្ងៃ ទីកន្លែងដែលពួកវាងាយកើតឡើង គឺកន្លែងមានដក់ទឹកហើយថ្លារួមមាន៖ ពាងទឹក អាងទឹក សំបកដប សំបកដូង កំប៉ុង ថូផ្កា ជាពិសេសសំបកកងឡាន ដែលពិបាកនឹងធ្វើការចាក់ចេញ។

លោកប្រធានមន្ទីរបន្តទៀតថា វិធានការដែលអាចបង្ការការពារបានខ្ពស់គឺ ការសម្អាតអនាម័យក្នុង និងក្រៅបរិវេណផ្ទះ បើកឱ្យពន្លឺខ្យល់អាកាស ចូលផ្ទះគ្រប់គ្រាន់ ធ្វើការសម្អាត និងលុបទីកន្លែងដែលដក់ទឹក និងដាក់ថ្នាំអាប៊ែតសម្លាប់ និងកម្ចាត់មិនឱ្យមានកើតថ្មី ក្នុងរយៈពេល១សប្តាហ៍ម្តង ដែលវិធីនេះមានប្រសិទ្ធភាពយូរអង្វែងជាងការបាញ់ថ្នាំ ដែលសម្លាប់បានតែ១ថ្ងៃ ហើយករណីបាញ់ថ្នាំនេះ គឺបាញ់ទៅលើតែតំបន់ដែលសម្បូរ នូវជម្ងឺគ្រុនឈាមនេះ ហើយថ្ងៃបន្ទាប់វានឹងមានការកកើតថ្មីបន្ថែមទៀត។

ក្នុងកម្មភាពបង្ការនេះដែរ មន្ទីរបានចុះផ្សព្វផ្សាយអប់រំសុខភាព ដល់ប្រជាពលរដ្ឋតំបន់ងាយរងគ្រោះតាមរយៈរថយន្ត ចុះដាក់ថ្នាំទៅតាមពាងទឹក អាងទឹក និងបានធ្វើការបាញ់ថ្នាំកម្ចាត់មូស ហើយអាការៈសង្ស័យនៃជម្ងឺនេះ យើងអាចសម្គាល់បានទៅលើកុមារក្តៅខ្លួនខ្លាំង ឈឺឆ្អឹងឆ្អែង ឈឺពោះ ក្អួតចង្អោរ ចេញស្នាមអុចកន្ទួល ឬស្នាមជំជាដើម។

ជាមួយគ្នានេះដែរលោក ឈ្នាង សុវុត្ថា បានបន្ថែមទៀតថា បើសិនជួបនូវអាការៈខាងលើនេះ សូមប្រញាប់នាំកូនចៅ ឬសមាជិកមកកាន់មណ្ឌុលសុខភាព ឬមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ជៀសវាងការមកទទួលសេវាពិនិត្យ និងព្យាបាលនៅគ្លីនិកឯកជន ដោយគិតមកទល់ពេលនេះ គ្មានគ្លីនិកឯកជនណាមួយមានលទ្ធភាពពិនិត្យ និងព្យាបាលជម្ងឺគ្រុនឈាមនេះបាន ដូចជាមន្ទីរពេទ្យរបស់រដ្ឋនោះទេ ពីព្រោះអាការៈជំងឺនេះ មានការប្រែប្រួលលឿនរហ័សអាចបង្កឱ្យស្លាប់បាន។

លោកក៏សូំអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទូទាំងខេត្តក្រចេះ ត្រូវបង្កាការពារ កុំឱ្យកើតមានមូសខ្លា ត្រូវឧស្សាសំអាត់ពាងទឹក ដាក់ថ្នាំអាបែតក្នុងទឹក ចិញ្ចឹមត្រី៧ពណ៌ ក្នុងពាំងទឹក កុំឱ្យមានភក់ជ្រាំ ត្រូវសំអាត់ខាងក្រោយទូរទឹកក បើករខ្វក់ក៏អាចបង្កឱ្យកើតមូសខ្លាបានដែរ ហើយមិនថាមនុស្សចាស់ ឬក្មេងទេពេលដេកថ្ងៃ ត្រូវពាក់អាវដៃវែង ដេកក្នុងមុង បើកូនក្ដៅខ្លួនសង្ស័យថាមានជំងឺគ្រុនឈាម ត្រូវយកទៅមណ្ឌលសុខភាពភ្លាមៗ៕