(ភ្នំពេញ)៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ នៅមុខប្រៃសណីយ៍ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកក ជាង២គីឡូក្រាម។

របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ដោយកម្លាំងជំនាញ «ក៩» សហការជាមួយនាយកដ្ឋានស៊ើបការបច្ចេកទេស របស់ផែនសន្ដិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

មន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា មេក្លោងទី១៖ឈ្មោះ សោម សារ៉ាវ័ន្ត ភេទប្រុស, ទី២៖ឈ្មោះ សៅ សំណាង និងទី៣ឈ្មោះ វង្ស លី រួមជាមួយថ្នាំញៀនជាង២គីឡូក្រាម។

មន្ដ្រីនៃមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា សម្រាប់ប្រតិបត្តិការនេះ ក្រុមឧក្រិដ្ឋជនគ្រឿងញៀនទាំង៣នាក់នេះ គឺជាខ្សែរយៈរបស់ក្រុមដែលសមត្ថកិច្ចបង្ក្រាបកាលពីពេលកន្លងទៅ ពោលរហូតមកដល់ពេលនេះ សមត្ថកិច្ចបង្ក្រាបបានសរុបចំនួន៦នាក់ ដែលសុទ្ធតែជាមេក្លោងជួញដូរមកពីប្រទេសឡាវ ចូលកម្ពុជា។

ប្រតិបត្តិការបង្ក្រាបលើកទី១៖ ចាប់ខ្លូនបានជនសង្ស័យឈ្មោះ ផន ពិសី នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ ដកហូតបានថ្នាំញៀនជាង១គីឡូក្រាម, លើកទី២៖ ចាប់បានជនសង្ស័យឈ្មោះ ហ៊ីម ពៅ ភេទស្រី និងឈ្មោះ ហ៊ីម ជុ ភេទស្រី នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ដកហូតបានថ្នាំញៀន៧គីឡូក្រាម និងលើកទី៣៖ បង្ក្រាបនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩នេះតែម្ដង៕