(ភ្នំពេញ)៖ ក្រុមហ៊ុនចំការម្រេចកំពត (La Plantation Kampot) និងភោជនីយដ្ឋាន គ្រឿង(Kroeung Garden Restaurant) បានសហការរៀបចំកម្មវិធី អាហារពេលល្ងាចសប្បុរសធម៌លើកដំបូង ដើម្បីរៃអង្គាសថវិកាជួយដល់សាលាបឋមសិក្សាត្រពាំងកក់ ដែលកំពុងមានការខ្វះខាត។

កម្មវិធីសប្បុរសធម៌នេះ ការចុងសប្ដាហ៍នេះ នៅភោជនីយដ្ឋាន គ្រឿង ដែលស្ថិតនៅផ្លូវ៥៧ កែងនឹងផ្លូវ២៥២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមនរាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពី លោក លូ ម៉េង នាយកប្រតិបត្តិក្រុមហ៊ុន Almond Group និងលោក Guy Porre ប្រធានក្រុមហ៊ុន La Plantation Kampot ព្រមទាំងសប្បុរសជនជាតិនិងអន្តរជាតិ ជាង១០០រូប បានចូលរួមក្នុងកម្មវិធីសប្បុរសធម៌នេះ។

លោក Guy Porre ប្រធានក្រុមហ៊ុន La Plantation Kampot បានថ្លែងថា «ការជួយកុមារនៅក្នុងភូមិឱ្យទទួលបានការអប់រំ ជាបេសកកម្មអាទិភាពរបស់យើង។ គោលដៅធំរបស់យើង ចង់ឃើញកុមារនៅជនបទ ទទួលបានការអប់រំដោយជោគជ័យ ទាំងនៅក្នុងបឋមសិក្សា អនុវិទ្យាល័យវិទ្យាល័យ និងសាកលវិទ្យាល័យ។
ដូច្នេះមិនត្រឹមតែផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សទេ យើងក៏ជួយលើការចំណាយក្នុងការធ្វើដំណើរ និងអាហារផងដែរ»។

លោកបន្ដថា មកទល់នឹងពេលនេះ ក្រុមហ៊ុន បានឧបត្ថម្ភដល់សាលាបឋមសិក្សាត្រពាំងកក់ ដែលមានសិស្ស៩៦នាក់ហើយ ជារៀងរាល់ឆ្នាំ និងបានផ្តល់អាហារូបករណ៍ដល់សិស្ស៣នាក់ ដើម្បីសិក្សានៅសាលាឯកជន ក្នុងខេត្តកំពត។ រហូតមកដល់ពេលនេះ សិស្ស៩នាក់ហើយបានទទួលអាហារូបករណ៍។ ទន្ទឹមនឹងនោះផងដែរ ក្រុមហ៊ុនក៏បានអំពាវនាវរកថវិកា មូលនិធិ ដើម្បីយកមកជួយអភិវឌ្ឍសាលារៀនបន្តទៀត។

ជាមួយគ្នានោះ លោក លូ ម៉េង បានថ្លែងថា លោករីករាយណាស់ ដែលបានសហការជួយដល់កុមារ និងសាលាដែលកំពុងមានការខ្វះខាតទាំងថវិកា និងសម្ភារសិក្សា និងកំពុងត្រូវការជំនួយ។

លោកថ្លែងបន្ដថា ក្រុមហ៊ុន Almond Group ដែលមានបណ្តុំក្រុមហ៊ុនជាច្រើន តែងតែយកចិត្តទុកដាក់ ចំពោះសកម្មភាពសប្បុរសធម៌ និងការជួយសង្គម ដែលនេះជាការចែករម្លែកដ៏មានសារៈសំខាន់បំផុត។

លោក យស វ៉ាងស៊ីរិទ្ធ នាយកសាលាបឋមសិក្សា ត្រពាំងកក់ បានឱ្យដឹងថា ចាប់តាំងពីក្រុមហ៊ុនចំការម្រេចឡា ផ្លេនថេសិន ត្រូវបានបង្កើតនៅលើទឺកដីភូមិ បុស្សញិញ(ត្រពាំងកក់) ក្រុមហ៊ុន បានផ្តល់សម្ភារជាច្រើនដូចជា៖ កង់ សម្រាប់ក្មេងក្រីក្រជិះនករៀន និងសម្ភារសិក្សា។ក្រៅពីនេះ បានជួយសាងសង់សម្រាប់ក្មេងលេងកម្សាន្ត កន្លែងលាងដៃ កន្លែងដុសធ្មេញ និងសម្ភារសម្រាប់ការដុសសម្អាត។

សាលាបឋមសិក្សា ត្រពាំងកក់ ស្ថិតនៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ដែលមានចំងាយប្រមាណ២៥គីឡូម៉ែត្រពីទីរួមខេត្ត។សាលានេះស្ថិតនៅក្នុងតំបន់លំបាក (កណ្តាលព្រៃ) និងមានមួយអគារ ៦បន្ទប់ មានសិស្សជិត១០០នាក់។ សាលាកំពុងខ្វះគ្រូផងដែរ ដោយបច្ចុប្បន្ននេះ មានតែគ្រូបង្រៀន៣នាក់ប៉ុណ្ណោះ៕