(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់បញ្ជាដល់កម្លាំងសមត្ថកិច្ចកម្ពុជាទាំងអស់ ត្រូវខិតខំបង្ក្រាបបទល្មើសលាងលុយកខ្វក់ ខណៈដែលកម្ពុជាត្រូវបានចាត់ទុកថា ជាប្រទេសពណ៌ប្រផេះក្នុងបញ្ជីនៃអង្គការហិរញ្ញវត្ថុ FATF ដែលជាកន្លែងប្រព្រឹត្តបទល្មើសមួយនេះ។

បើតាមសម្ដេចក្រឡាហោម ស ខេង កន្លងទៅថ្មីៗនេះ កម្ពុជាធ្លាប់បានបង្ក្រាបជាបន្ដបន្ទាប់ នូវការនាំលុយចូលដោយច្រើនលើសលុប នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ និងបានឃាត់ខ្លួនអ្នកប្រព្រឹត្តផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «រឿងលាងលុយ ឥលូវនេះកម្ពុជាត្រូវចាត់ទុកថា ជាប្រទេសប្រផេះ ចឹងគេឃ្លាំមើល ព្រោះមួយជំហានទៀតវាទៅខ្មៅ នោះបើសិនណាជារឿងមិនយកចិត្តទុកដាក់។ ខ្ញុំយល់ថា អ្នកឃុបឃិតរកស៊ីរឿងនេះ បានតែមនុស្សមួយក្រុមនោះទេ ប៉ុន្ដែបើងាប់ងាប់ប្រទេស និងប្រជាជាតិ។ បើថ្ងៃណាមួយគេចាត់ទុកថា កម្ពុជាជាប្រទេសខ្មៅលាងលុយចប់ ដែលប្រឈមនឹងការលំបាក»

ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា ប្រសិនបើស្រាវជ្រាវរកឃើញមានបទល្មើសនេះ ត្រូវរាយការណ៍ភ្លាមទៅសម្ដេចផ្ទាល់តែ ហើយមានវិធានការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបជាក់ស្ដែង។

យ៉ាងណាក៏ដោយ សម្ដេចប្រមុខដឹកនាំក្រសួងមហាផ្ទៃ ក៏បានក្រើនរំលឹកផងដែរថា រាល់អ្នកដែលប្រព្រឹត្តបទល្មើសនេះ ពិតជាមានល្បិចខ្ពស់ណាស់ ដូច្នេះហើយសមត្ថកិច្ចដែលមានការពាក់ព័ន្ធ ពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបង្កើនការប្រុងប្រយ័ត្នលើករណីនេះ។

សូមជំរាបថា យោងតាមសារព័ត៌មាន Reuter ចេញផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា អង្គការហិរញ្ញវត្ថុ FATF បានដាក់ប្រទេសកម្ពុជា ចូលក្នុងបញ្ជីពណ៌ប្រផេះនៃការលាងលុយកខ្វក់។