(ភ្នំពេញ)៖ ទិវាជាតិនៃប្រទេសរុស្ស៊ី នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Dmitry Tsvetkov បានចេញសារមួយដោយបានរៀបរាប់អំពីទំនាក់ទំនង និងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងរុស្ស៊ី ហើយអះអាងថា នយោបាយការបរទេសរុស្ស៊ី គឺផ្អែកលើប្រព័ន្ធទំនាក់ទំនងអន្តរជាតិ និងមិនរំលោភលើអធិបតេយ្យភាពរបស់រដ្ឋឡើយ។
សារឯកអគ្គរដ្ឋទូត នៅក្នុងឱកាសបុណ្យជាតិរុស្ស៉ីបានលើកឡើងថា «វឌ្ឍនភាពនៃសង្គមរបស់យើង រួមចំណែកដោយភាពឈ្លាសវៃក្នុងគោលនយោបាយការបរទេស និងមាននិរន្តរភាព ក្នុងគោលបំណងថែរក្សាប្រព័ន្ធ ទំនាក់ទំនងអន្តរជាតិ ដោយផ្អែកលើគោលការណ៍សំខាន់ៗនៃច្បាប់អន្តរជាតិ ការមិនរំលោភ លើអធិបតេយ្យភាពរបស់រដ្ឋ ការគោរពគ្នាទៅវិញទៅមក បានរួមគ្នាធានាសណ្តាប់ធ្នាប់សហគមន៍ពិភពលោកមួយអាចទុកចិត្តបាន និងអាចព្យាករណ៍បាន»។
លោក Dmitry Tsvetkov បានបន្តលើកឡើងនូវសារដ៏សំខាន់ថា «វិធីសាស្រ្តនេះយើងចែករំលែកជាមួយប្រទេសកម្ពុជា ដែលជាមិត្តជិតស្និទ្ធរបស់រុស្ស៊ីអស់ជាច្រើនទសវត្ស មកហើយ។ នៅពេលដែលប្រទេសមហាអំណាចមួយចំនួន កំពុងតែព្យាយាមជំរុញគំនិត ដែលធ្វើឱ្យខូចប្រយោជន៍អន្តរជាតិ ដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន នៅពេលដែលអំពើជ្រុលនិយម និងអំពើភេរវកម្មកំពុងតែកើនឡើង ដើម្បីរារាំងសន្តិភាព និងស្ថេរភាពក្នុងតំបន់ និងទូទាំងពិភពលោក នៅពេលក្រុមដែលមានគំនិតមិនត្រឹមត្រូវ កំពុងព្យាយាមផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមរយៈ «បដិវត្តន៍ពណ៌» ស្ថិតនៅក្រោមបដានៃ «បំណងល្អ» យើងពិតជាឱ្យតម្លៃចំពោះដៃគូដែលជឿទុកចិត្ត និងអាចពឹងពាក់បានដូចជា ប្រទេសកម្ពុជា ដែលមានមូលដ្ឋានរួមគ្នាប្រឆាំង នឹងនិន្នាការមិនល្អទាំងនេះ។
«វានាំឱ្យខ្ញុំរីករាយ និងពេញចិត្តក្នុងការបន្តការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីរបស់យើង [កម្ពុជា-រុស្ស៉ី] នៅលើមូលដ្ឋាន ដូចដែលបានបង្កើតឡើងកាលពី៦៣ឆ្នាំមុន ការគោរពគ្នាទៅវិញទៅមក និងការយោគយល់ ការជឿទុកចិត្តនិងការគាំទ្រ - ទាំងនេះមិនមែនគ្រាន់តែជាពាក្យសាមញ្ញប៉ុណ្ណោះទេ ប៉ុន្ដែជាគោលការណ៍មិនផ្លាស់ប្តូរ នៃទំនាក់ទំនងរបស់យើង ដែលនៅតែមានជាដរាប។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងរវាងរុស្ស៊ី និងកម្ពុជា នឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត និងធ្វើឲ្យមានផលប្រយោជន៍រួមជាច្រើនទៀត។ សាមគ្គីភាពរបស់យើង ក្នុងការដោះស្រាយបញ្ហាអន្តរជាតិ ដែលកំពុងប្រឈមបទពិសោធដ៏រឹងមាំ»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំនៅកម្ពុជា។
សូមជំរាបថា នៅល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ស្ថានទូតរុស្ស៉ីប្រចាំនៅកម្ពុជា រៀបចំកម្មវិធី «ទិវាជាតិនៃប្រទេសរុស្ស៊ី» (Russia National Day) នៅសណ្ឋាគារ Great Duke Hotel, រាជធានីភ្នំពេញ៕