(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យ លោក Eldeen Husaini BIN MOHD HASHIM ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។

ថ្លែងក្នុងជំនួបនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការរីករាយចំពោះវត្តមានរបស់ លោកទូត ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា ហើយសម្ដេចសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី កាន់តែល្អប្រសើរបន្ថែមទៀត ខណៈសម្ដេចខ្លួនឯងផ្ទាល់បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយស្ថានទូតម៉ាឡេស៊ី លើកិច្ចការពាក់ព័ន្ធផ្សេងៗ។

លោក Eldeen Husaini BIN MOHD HASHIM បានលើកឡើងថា លោកពិតមានអារម្មណ៍សប្បាយរីករាយ ដែលបានទទួលអាណត្តិការងារនៅកម្ពុជា ហើយលោកបានថ្លែងអំណរគុណដល់សម្ដេចក្រឡាហោម ស ខេង ដែលកន្លងមកបានដើរតួនាទី និងជួយជ្រុមជ្រែងធ្វើឲ្យទំនាក់ទំនងល្អប្រសើរ របស់កម្លាំងអនុវត្តច្បាប់រវាងប្រទេសទាំងពីរ។

បន្ថែមពីនេះ ប្រមុខដឹកនាំក្រសួងមហាផ្ទៃ បានអបអរសាទរចំពោះវឌ្ឍនភាពរបស់ប្រទេសម៉ាឡេស៊ី ដែលជាប្រទេសមួយលេចធ្លាក្នុងតំបន់អាស៊ាន ហើយការរីកចម្រើនរបស់ម៉ាឡេស៊ីក៏ផ្ដល់ផលល្អ ដល់ប្រទេសនានាក្នុងតំបន់អាស៊ានផងដែរ ហើយសម្ដេចក៏អបអរសាទរចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ដែលកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ថា កម្ពុជា-ម៉ាឡេស៊ី សង្ឃឹមយ៉ាងម៉ុតមាំថា តាមរយៈឯកអគ្គរាជទូតថ្មី ស្នើពិនិត្យលទ្ធភាព លើកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ខណៈដែលបច្ចុប្បន្នកម្ពុជា កំពុងខិតខំយកចិត្ដទុកដាក់ បង្ក្រាបលើការងារ ជួញដូរគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់ ដែលនេះជាផ្នែកមួយអាចជាឱកាសក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ រវាងកម្លាំងអនុវត្តច្បាប់ប្រទេសទាំងពីរ៕