(ភ្នំពេញ)៖ រាជរដ្ឋាភិបាលនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាក់ថ្នាក់ និងជនរួមជាតិទាំងអស់ចូលរួមសហការរៀបចំ និងផ្សព្វផ្សាយ ពីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី២ ឲ្យបានផុលផុស និងអធិកអធមផងដែរ។ នេះបើតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្នុងឱកាសទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ។
ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ឱកាសប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី២ ក្រោមប្រធានបទ «TVET អាចធ្វើបាន» នេះ សូមក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត មាតាបិតា អាណាព្យាបាល និយោជក កម្មករនិយោជិត ផ្នែកឯកជន អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងបងប្អូនជនរួមជាតិ ទាំងអស់ចូលរួមសហការរៀបចំ និងផ្សព្វផ្សាយទិវាជាតិនេះ ឲ្យបានផុលផុសឱឡារិកអធិកអធម ទូទាំងប្រទេស»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យបងប្អូនជនរួមជាតិ បន្តចូលរួម និងផ្តល់ការគាំទ្រក្នុងការអនុវត្តគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីឈានទៅសម្រេចបានជោគជ័យ នូវចក្ខុវិស័យក្នុងការអភិវឌ្ឍធនធានមនុស្ស កម្ពុជាប្រកបដោយចំណេះដឹង, សមត្ថភាព, ជំនាញ, ឥរិយាបថការងារ, សីលធម៌វិជ្ជាជីវៈ, ផលិតភាពខ្ពស់, និងមានលក្ខណៈប្រកួតប្រជែងសម្រាប់ការងារពេញមួយជីវិត, បន្តលើកទឹកចិត្តនិងបង្កើនការចុះឈ្មោះកូនចៅចូលរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីមានជំនាញច្បាស់លាស់អាចចាប់យកឱកាសការងារល្អដែលកំពុងរីកចម្រើននិងបង្កើនប្រាក់ចំណូលក្នុង គ្រួសារ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏មិនភ្លេចអំពាវនាវ ដល់គ្រប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានា សូមបន្តជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីបង្កើនការ យល់ដឹងនូវសារៈសំខាន់វិស័យនេះក្នុងចំណោមសាធារណជន។
សូមជម្រាបថា ទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី២ រៀបចំធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៩ នៅមជ្ឍមណ្ឌលពិពណ៌កោះពេជ្រ រាជធានីភ្នំពេញ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៨យប់៕