(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ចាស់ជរា ជនពិការ ទុរគតជន ផ្ទុកមេរោគ អេដស៍ និងជម្ងឺអេដស៍ ជាដើម ពោលគឺជាជនដែលងាយរងគ្រោះ មិនត្រូវបានស្លាប់នឹងអត់អាហារឡើយ ព្រោះតែងតែទទួលបានការយកចិត្តទុកដាក់ជួយសង្គ្រោះជានិច្ចជាកាល ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។

នេះបើតាមការថ្លែងលើកឡើងដោយលោក សក់ ច័ន្ទកញ្ញារិទ្ធ ប្រធាន អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ តំណាងឱ្យលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ នៅក្នុងពេលដឹកនាំសមាជិក សមាជិកា ចៅសង្កាត់ ដើម្បីរៀបចំពិធីជួបសួរសុខទុក្ខ សំណេះសំណាល ក្នុងការពាំនាំយកគ្រឿងឧបភោគ បរិភោគ សម្ភារ និងថវិការបស់សប្បុរសជននានា មកឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៣៤គ្រួសារ រស់នៅក្នុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩នេះ។

លោកប្រធាន អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ សក់ ច័ន្ទកញ្ញារិទ្ធ បានថ្លែងថា ក្រៅពីប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ចាស់ជរា ជនពិការ ទុរគតជន ផ្ទុកមេរោគ អេដស៍ និងជម្ងឺអេដស៍ ដែលងាយរងគ្រោះ មិនត្រូវបានស្លាប់នឹងអត់អាហារ នោះគឺដោយសារតែសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តាំផ្ញើហើយ ផ្ដាំផ្ញើទៀត ដើម្បីឱ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ អំពីការលំបាក នានា របស់បង ប្អូនប្រជាពលរដ្ឋជួបរាល់ហានិភ័យផ្សេងៗតាមមូលដ្ឋាន ក្នុងការជួយសង្គ្រោះឱ្យទាន់ពេលវេលា។

សូមបញ្ជាក់ថា ចំពោះអំណោយ ដែល មន្ត្រីក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ បានពាំនាំមកចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះនាពេលនេះក្នុង១គ្រួសារទទួលបានរួមមាន៖ អង្ករ ៣០ គីឡូក្រាម, ទឹកត្រី ១ យួរ, ទឹកស៊ីអុីវ០១យួរ, មី២៥កញ្ចប់, ទឹកសុទ្ធមួយកេស, និង ថវិកា ចំនួន៥ម៉ឺនរៀលស្មើៗគ្នា។

ដោយឡែកប្រជាពលរដ្ឋ ដែលទទួលរងនូវគ្រោះធម្មជាតិខ្យល់កន្ត្រាក់របើកដំបូលផ្ទះ ចំនួន០៤គ្រួសារផ្សេងទៀត ក៍និងទទួលបានបន្ថែមផងដែរ ដោយមី១កេស, អង្ករ៣០គីឡូ, ទឹកសុទ្ធ០១កេស, ទឹកក្រូច១កេស, ទឹកត្រី១យួរ, ស្កសរ១គីឡូ, ត្រីខ ១យួរ, សម្ភារៈផ្ទះបាយ១ឈុត ជាមួយថវិកា ១សែន៥ម៉ឺនរៀលស្មើៗគ្នា ក្រោមការឧបត្ថម្ភ និងបរិច្ចាកធនធានផ្ទាល់ខ្លួនពីស្បុរសជននានា មានដូចជាលោក លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌ លោក ពៅ ណារិទ្ធ ប្រធានការិយាល័យរៀបចំដែនដីខណ្ឌ លោក តាំង សុភាវុធ អនុប្រធានកិត្តិយស លោក គឹម ជឺ អនុប្រធានកិត្តិយស និងលោក សឿន សួរ ចៅសង្កាត់ក្រាំងធ្នង់៕