(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជាក្រោមការចូលរួមពីលោក ជា ចាន់តូ អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានរៀបចំសិក្ខាសាលាមួយស្ដីពី «តួនាទីធនាគារកណ្តាល ក្នុងសភាពការណ៍បច្ចុប្បន្ន» ដោយមានការចូលរួមពីសិក្ខាកាមប្រមាណ៤០០នាក់។

សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងបណ្តុះបណ្តាលផ្ទៃក្នុង ដល់មន្ត្រីបុគ្គលិកធនាគារជាតិ ឱ្យទទួលបានការចែករំលែកព័ត៌មានបច្ចុប្បន្នភាព និងចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងធនាគារកណ្តាល ពិសេសយល់ច្បាស់ពីបេសកកម្ម និងទិសដៅការងាររបស់ធនាគារជាតិ ប្រកបដោយសង្គតិភាពក្នុងបរិការណ៍នៃ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃ និម្មាបនកម្មហិរញ្ញវត្ថុ និងសមាហរណកម្មទៅ ក្នុងតំបន់និងពិភពលោក។

សិក្ខាសាលានេះមានការចូលរួមធ្វើបទបង្ហាញពីលោក ស៉ំ សន្និសិទ្ធ ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជាស្តីពី «ការធ្វើកំណែទម្រង់ក្របខ័ណ្ឌ និងយន្តការនៃការត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដោយផ្អែកលើហានិភ័យ និងទស្សនវិស័យនាពេលអនាគត»។

ក្នុងនោះក៏មានការចូលរួមធ្វើបទបង្ហាញពីលោក ឃូ វុឍ្ឍី អគ្គនាយករងបច្ចេកទេសស្តីពី «មុខងារ និងតួនាទីរបស់ធនាគារកណ្តាល នៃបណ្តាប្រទេសជុំវិញសកលលោក» ពិសេសប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនក្នុងតំបន់អឺរ៉ូ។

ធនាគារជាតិនៃកម្ពុជាតែងតែខិតខំបំពេញមុខងារ-ភារកិច្ចចម្បងៗដូចជា៖ អាជ្ញាធរដឹកនាំគោលនយោបាយរូបិយវត្ថុ អាជ្ញាធរ និងអាណាព្យាបាលត្រួតពិនិត្យ លើប្រព័ន្ធធនាគារអាជ្ញាធរអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ ជាពិសេសភារកិច្ចស្នូល ក្នុងការរក្សាស្ថិរភាពថ្លៃ។

ក្រៅពីតួនាទីចម្បងៗទាំងនេះ ធនាគារជាតិនៃកម្ពុជាបានយកចិត្តទុកដាក់បន្ថែម លើមុខងារ-ភារកិច្ចដូចជា៖ គោលនយោបាយទំនាក់ទំនងជាមួយសាធារណៈ ដើម្បីពង្រឹងជំនឿទុកចិត្ត លើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ដើម្បីស្របតាមការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័សនៃ បច្ចេកវិទ្យា និងការប្រែប្រួលនៃសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់និងពិភពលោក។

លើសពីនេធនាគារជាតិនៃកម្ពុជាបានពង្រឹង ក្របខ័ណ្ឌនៃការត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុពិសេសផ្តោតលើការត្រួតពិនិត្យដោយផ្អែកលើហានិភ័យ និងទស្សនវិស័យអនាគត ដើម្បីឱ្យស្របតាមឧត្តមានុវត្តអន្តរជាតិ គោលការណ៍គ្រឹះទីក្រុងបាសែលស្តីពី ការត្រួតពិនិត្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ សំដៅធានាឱ្យបាននូវប្រព័ន្ធធនាគារមួយ ដែលមានសុខភាពល្អ និងមានស្ថិរភាពហិរញ្ញវត្ថុ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឆ្លៀតក្នុងឱកាសនៃការជួបជុំក្នុងសិក្ខាសាលានេះ ក៏មានរៀបចំកម្មវិធីពិសារនំបញ្ចុកសាមគ្គី បន្ទាប់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងប្រទេស ពិសារនំបញ្ចុកសាមគ្គីជាតិ ដើម្បីបញ្ជាក់អំពីសាមគ្គីភាព និងឯកភាពជាតិ ព្រមទាំងលើកស្ទួយផលិតផលខ្មែរ និងវប្បធម៌ខ្មែរផងដែរ៕