(ភ្នំពេញ)៖ នៅទីបំផុតលោក ផែង វណ្ណៈ បានសរសេរលិខិតសុំការខន្តីអភ័យទោសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នូវអ្វីដែលខ្លួនបានសរសេរព័ត៌មាន ប្រៀបធៀបមិនសមរម្យ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងសុំការអភ័យទោសពីសំណាក់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួនផងដែរ។
លោក ផែង វណ្ណៈ បានរៀបរាប់ថា «ទង្វើដ៏ឆ្គាំឆ្គងនេះកើតឡើងដោយសារ ខ្ញុំមានការភ្លេចខ្លួនមានអារម្មណ៍ឆេវឆាវ ខ្វះការពិចារណា ច្រឡោត ខឹងសម្បា ទៅលើអ្នកលេងហ្វេសប៊ុកមួយចំនួន ដោយមិនបានគិតវែងឆ្ងាយ ជាហេតុនាំឲ្យប៉ះពាល់ដល់កិត្តិយស សម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំដ៏ល្អប្រពៃ នៃប្រជាជនកម្ពុជា។ ទន្ទឹមនេះខ្ញុំបាទ ក៏សុំការអភ័យទោសផងដែរ ពីសំណាក់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួននាពេលកន្លងមក ដែលខ្ញុំធ្លាប់បានរិះគន់ ដោយប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ធ្វើឲ្យប៉ពាល់ដល់កិត្តិយសផ្ទាល់ខ្លួនរបស់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួន»។
នៅក្នុងលិខិតរបស់លោក ផែង វណ្ណៈ សរសេរបញ្ជាក់ទៀតថា «ខ្ញុំបាទចងចាំនូវកំហុសឆ្គងកន្លងមកនេះ ដោយសន្យាថានឹងធ្វើការកែប្រែអត្តចរិត ពាក្យសម្តីរបស់ខ្លួន និងមិនឲ្យបញ្ហាទាំងនេះកើតឡើងជាថ្មីម្តងទៀត»៕