(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា វិស័យសុខាភិបាលនៅកម្ពុជា មិនអន់ខ្សោយដូចគេនិយាយនោះឡើយ។ ការអភិវឌ្ឍន៌វិស័យមួយនេះ មានការខិតខំតាំងពីបាតដៃទទេ ហើយបច្ចុប្បន្ន យើងកំពុងតែធ្វើទំនើបកម្មមន្ទីរជាតិផង និងអនុញ្ញាត្តឲ្យមានការចូលរួមចំណែកពីវិស័យឯកជនលើវិស័យសុខាភិបាលបន្ថែមទៀតផង ដែលទាំងរដ្ឋនិងឯកជន នឹងផ្ដល់នូវបច្ចេកវិទ្យាទំនើប មួយចំនួនដែលប្រហាក់ប្រហែលនឹងបណ្ដាលប្រទេសជិតខាង ដែលមានន័យថា វិស័យសុខាភិបាលមិនអន់ជាង បណ្ដាប្រទេសជិតខាងនោះឡើយ។
លោកស្រីវេជ្ជបណ្ឌិត បានពន្យល់បន្ថែមថា ប្រសិនបើវិស័យសុខាភិបាលពិតជាអន់មែន លោកអ្នក គួរតែពិនិត្យមើលថា អាយុកាលរស់នៅជាមធ្យមរបស់ប្រជាជនកម្ពុជា ប្រហែលជាមិនអាចបានវែង ទៅដល់ការវាយតម្លៃពីថ្នាក់អន្ដរជាតិ ជាមធ្យមប្រហែលជា៧០ឆ្នាំទាំងប្រុសទាំងស្រី ដែលមានកត្តាជាច្រើនទៀត ដែលបានជម្រុញឲ្យប្រជាជនយើង មានអាយុកាលរស់នៅបានយូរយ៉ាងដូច្នេះ ។
លោកស្រីវេជ្ជបណ្ឌិតបន្ដថា បច្ចុប្បន្ននេះពលរដ្ឋមានអាយុកាលរស់រហូតដល់៧០ឆ្នាំ តាមការវាយតម្លៃរបស់អង្គការអន្តរជាតិ ទាំងនេះបង្ហាញថា សុខភាពនរបស់ប្រជាពលរដ្ឋកាន់តែបានល្អប្រសើរឡើង ក្រោមការខិតខំ និងការផ្ដល់សេវាពីវិស័យសុខាភិបាលផង និងវិស័យផ្សេងៗទៀត ព្រោះថាប្រសិនបើពលរដ្ឋឈឺពួកគាត់នឹងទៅកាន់មន្ទីរពេទ្យ។ ទាំងនេះជាការឆ្លុះបញ្ចាំងមួយ ដើម្បីបញ្ជាក់ថាវិស័យសុខាភិបាលនៅកម្ពុជាមិនអន់ពេកទេ ប៉ុន្ដែចំណុចខ្វះខាតតែងតែមាន ហើយបើមានសូមចូលរួមបង្ហាញពីទង្វើអសកម្មទាំងអស់ ដើម្បីចូលរួមដោះស្រាយទាំងអស់គ្នា។
ការលើកឡើងបែបនេះ របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ធ្វើឡើងក្នុងឱកាសដែលលោកស្រី អញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធផ្លូវការ មន្ទីរពេទ្យអឃីតកោះពេជ្រ និងមានការចូលរួមពីសំណាក់លោក ម៉ា អ៊ែមមឺសិន ប្រធាននាយកប្រតិបត្តិ នៃមន្ទីរពេទ្យអឃីតកោះពេជ្រ លោកស្រីសាស្រ្ដាចារ្យបណ្ឌិត ឯក ម៉េងលី សហស្ថាបនិកមន្ទីរពេទ្យអឃីតកោះពេជ្រ និងភ្ញៀវកិត្តិយសជាច្រើនរូប នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩។
លោកស្រីវេជ្ជបណ្ឌិតបន្ដថា ក្នុងន័យនេះចង់បញ្ជាក់ថា វិស័យសុខាភិបាលមិនមែនសុទ្ធតែអាក្រក់នោះឡើយ ភាពអសកម្មមានទៅតាមកន្លែងមួយចំនួនតូចប៉ុណ្ណោះ ចំណែកឯមួយចំនួនធំទៀតគឺល្អ។
លោកស្រីបានលើកឡើងថា ជាក់ស្ដែងដូចមន្ទីរពេទ្យអឃីតអីចឹង ជាមន្ទីរពេទ្យបង្កើតឡើងដោយកូនខ្មែរបូករួមជាមួយ ក្រុមគ្រូពេទ្យសុទ្ធសឹងតែមានបទពិសោធន៍ មានបច្ចេកវិទ្យាទនើប ដែលប្រហាក់ប្រហែលនឹងប្រទេសជិតខាងដែរ។ មន្ទីរពេទ្យរដ្ឋ ក៏កំពុងតែវិវត្តន៌និងអភិវឌ្ឃទៅរកបច្ចេកវិទ្យាទំនើប ដូចជាមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះកុសម: និងមន្ទីរពេទ្យព្រះអង្គឌួង ដែលមានប្រជាពលរដ្ឋមកប្រើប្រាស់ច្រើនកុះករមែនទែន។
លោកស្រីវេជ្ជបណ្ឌិតបន្ថែមថា «ខ្ញុំសូមចូលរួមអបអរសារទរ ចំពោះមន្ទីរពេទ្យអឃីតកោះពេជ្រ ដែលបានបើកសម្ពោធជាផ្លូវការនៅកម្ពុជានាពេលនេះ និងសូមជូនពរឲ្យមន្ទីរពេទ្យអឃីតនេះ ដំណើរការបានជោគជ័យ»។
លោកស្រីវេជ្ជបណ្ឌិត ឯក ម៉េងលី ក៏បានសំដែងក្ដីរំភើបដែលបានបើកដំណើរការមន្ទីរពេទ្យ អឃីតកោះពេជ្រនេះឡើងមក។ លោកស្រីវេជ្ជបណ្ឌិតបានប្ដេជ្ញាថា មន្ទីរពេទ្យអឃីតកោះពេជ្រនេះ នឹងចូលរួមបម្រើសេវាកម្មដ៏ល្អបំផុត ដល់អ្នកជំងឺទាំងអស់ដោយផ្ដោតសំខាន់លើគុណភាព និងសេវាកម្មយ៉ាងល្អ។
លោកស្រីបន្ថែមថា «មន្ទីរពេទ្យអរឃីដកោះពេជ្រ ត្រូវបានបង្កើតស្របតាមបញ្ញត្តិសុខភាព របស់ក្រសួងសុខាភិបាលកម្ពុជា។ ទោះបីជាមន្ទីរពេទ្យអ័រឃីដកោះពេជ្រ ទើបតែចាប់ផ្តើមដំណើរការក៏ពិតមែន ប៉ុន្តែក្នុងរយៈពេលដ៏ខ្លីនេះក្រុមការងារពេទ្យបានជួយ ដល់ក្រុមគ្រួសារជាច្រើននូវការដូពិសេស ជាមួយនឹងស្នាមញញឹមរបស់មាតា-បិតា តាមរយៈការជួយផ្តល់កំណើត ដល់បុត្រធីតារបស់ពួកគាត់ប្រកបដោយសុវត្ថិភាព និងសុខភាពល្អ»។
លោកស្រីវេជ្ជបណ្ឌិតបន្ដថា «ខ្ញុំសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា មន្ទីរពេទ្យអរឃីតកោះពេជ្រ នឹងទទួលបានការគាំទ្រពីបងប្អូនពលរដ្ឋក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ជូនសេវាថែទាំសុខភាព ប្រកបដោយវិជ្ជាជីវៈខ្ពស់ដោយផ្តោតលើការតម្រង់ឆ្ពោះទៅរកលទ្ធផលល្អព្រោះ មានលទ្ធភាពគ្រប់គ្រាន់ ទាំងធនធានមនុស្ស ទាំងឧបករណ៍ និងបរិក្ខាទំនើបៗ ក្នុងការផ្តល់សេវាសុខភាពជូនដល់អតិថិជន»។
លោកស្រីវេជ្ជបណ្ឌិតបន្ថែមថា មន្ទីរពេទ្យអឃីតកោះពេជ្រនេះ បម្រើសេវាកម្មជាច្រើនរួមមាន៖ ១៖ ផ្នែកសម្ភព ផ្ដោតសំខាន់លើការសម្រាលកូនទាំងបែបធម្មជាតិ និងសម្រាលកូនដោយវះកាត់, ២៖ ផ្នែករោគស្រ្ដី ដោយទទួលពិនិត្រព្យាបាលរាល់បញ្ហាស្រ្ដី, ៣៖ ផ្នែកពិនិត្រជំងឺកុមារ ដោយផ្ដោតសំខាន់លើការសង្គ្រោះទារកទើបនឹងកើត និងកុមារដែលមានបញ្ហាសុខភាព, ៤៖ ផ្នែកជំងឺទូទៅ ព្រមទាំងសេវាកម្មផ្សេងៗជាច្រើនថែមទៀត។
លោកស្រីវេជ្ជបណ្ឌិតបញ្ជាក់ថា ដោយឡែកសម្រាប់មន្ទីរពេទ្យក៏បានបំពាក់ នូវឧបករណ៍ទំនើប ដើម្បីព្យាបាលអ្នកជំងឺបានឆាប់រហ័ស បូករួមជាមួយគ្រូពេទ្យសុទ្ធសឹងតែជាអ្នកមានបទពិសោធន៍ខ្ពស់ និងភាពច្បាស់លាស់លើវិស័យនេះ។
លោក ម៉ា អ៊ែមមឺសិន ឲ្យដឹងថា «បច្ចុប្បន្នមន្ទីរពេទ្យអ័រឃីដកោះពេជ្រមានបុគ្គលិកជិត៧០នាក់ ហើយបន្តបំពេញតួនាទីសំខាន់ៗក្នុងផ្នែកសម្ភព និងកុមាររោគវិនិច្ឆ័យ និងព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក (ENT) ផ្នែកឱសថទូទៅមន្ទីរពិសោធន៍ ឱសថការី និងផ្នែកគ្រប់គ្រង់ទូទៅ»។
លោកបញ្ជាក់ថា មន្ទីរពេទ្យអរឃីតកោះពេជ្រមានទិសដៅផ្តល់ជូន និងបន្តផ្តល់ជូនអតិថិជន នូវសេវាថែទាំវេជ្ជសាស្រ្តដែលមានគុណភាពខ្ពស់នៅកម្ពុជា។ ដើម្បីធានាឱ្យបាននូវអភិបាលកិច្ចល្អនៃមន្ទីរពេទ្យ អ័រឃីដកោះពេជ្រ ក្រុមប្រឹក្សានាយកបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធានាអភិបាលកិច្ចល្អរបស់មន្ទីរពេទ្យ ដែលរួមមានការរៀបចំកិច្ចប្រជុំប្រចាំត្រីមាស ដើម្បីពិនិត្យឡើងវិញនូវគោលដៅរបស់មន្ទីរពេទ្យយុទ្ធសាស្រ្តអាជីវកម្ម ការអនុវត្តហិរញ្ញវត្ថុក្នុងការបង្កើនដើមទុនចាប់ផ្តើម ការរក្សាភាគទុនិកបានជូនដំណឹង និងដោះស្រាយហានិភ័យ និងឱកាសដែលកំពុងកើតឡើងនៅពេលខាងមុខ៕