(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាចាកចេញពីប្រទេសកម្ពុជាហើយ ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី។ ក្នុងដំណើរចេញទៅបំពេញបេសកកម្មការងារនៅប្រទេសស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៥ នៅទីក្រុងឌូស្ហាន់បេ ប្រទេសតាគីជីស្ថានផងដែរ។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី របស់សម្តេចតេជោ និងគណៈប្រតិភូធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់១៤ ខែមិថុនា ឆ្នាំ ២០១៩ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីហុងគ្រី លោក វីកទ័រ អ័របាន (Viktor Orbán)។
ក្នុងដំណើរទស្សនកិច្ចនេះសម្តេចតេជោ ហ៊ុន សែន នឹងជួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំហុងគ្រី និងមានជំនួបពិភាក្សាទ្វេភាគីជាមួយសមភាគីហុងគ្រី លើបញ្ហាជាច្រើនសំដៅលើកកម្ពស់ និងពង្រឹងទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ ក៏ដូចជាកិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅលើវេទិកាពហុភាគីផ្សេងៗទៀត។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកសារចំនួនពីរ គឺកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង កម្មវិធីផ្លាស់ប្តូរវិស័យអប់រំ នឹងត្រូវចុះហត្ថលេខាក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីហុងគ្រី លោក វីកត័រ អ័របាន។
សូមបញ្ជាក់ថា កម្ពុជា និងហុងគ្រី បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយគ្នានៅថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៥៦។ ទំនាក់ទំនងនេះត្រូវបានកាត់ផ្តាច់ទៅវិញ នៅក្នុងរបបខ្មែរក្រហម ហើយត្រូវបានភ្ជាប់ទំនាក់ទំនងឡើងនៅក្នុងឆ្នាំ១៩៧៩។
ហុងគ្រី ជាប្រទេសមួយដែលបានផ្តល់ការឧបត្ថម្ភគាំទ្រដល់រដ្ឋាភិបាលកម្ពុជាក្នុងរបប «រដ្ឋកម្ពុជា» បើទោះបីមានប្រទេសជាច្រើនកំពុងហ៊ុមព័ទ្ធផ្នែកសេដ្ឋកិច្ច ជាមួយរដ្ឋាភិបាលកម្ពុជានាសម័យនោះ។ ហុងគ្រី ក៏ជាប្រទេសបានរួមចំណែកជួយដល់កិច្ចដំណើរការរបស់អ៊ុនតាក់លើដំណើរការរក្សាសន្តិភាពនៅកម្ពុជាផងដែរ។
សម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរវិញនៅមានចំនួនតិចតួចនៅឡើយ។ របាយការណ៍របស់ក្រសួងពាណិជ្ជបានបង្ហាញថា ចាប់ពីឆ្នាំ២០១៣ រហូតដល់ឆ្នាំពាក់កណ្តាលឆ្នាំ២០១៨ មានចំនួនជាង ១៦លានដុល្លារអាមេរិក។ ក្នុងនោះកម្ពុជា នាំចេញទៅហុងគ្រីមានជាង ១៣លានដុល្លារអាមេរិក ខណៈហុងគ្រីនាំចូលមកកម្ពុជាមានជាង ៣លានដុល្លារអាមេរិក។
តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅហុងគ្រីនាពេលនេះ នឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
សូមជម្រាបផងដែរថា ក្នុងដំណើរចេញទៅក្រៅប្រទេសជាលើកទី៦សម្រាប់ឆ្នាំ២០១៩នេះ ក្រោយពីបញ្ចប់ទស្សនកិច្ចនៅហុងគ្រីនាថ្ងៃទី១៤ ខែមិថុនា ហើយនោះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នឹងហោះទៅកាន់ប្រទេសតាជីគីស្ថាន ដើម្បីចូលរួមសន្និសីទកំពូលស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៥ ធ្វើឡើងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩ នៅទីក្រុងឌូស្ហាន់បេ។
នៅក្នុងសន្នសីទកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយដោយផ្តោតលើបញ្ហាគន្លឹះជាច្រើន ដែលជាការប្រឈមរួមរបស់តំបន់អាស៊ី និងចែករំលែកទស្សនៈស៊ីជម្រៅថា «អាស៊ីនឹងរួមគ្នាដោះស្រាយបញ្ហាសន្តិសុខ សេដ្ឋកិច្ច និងនយោបាយ តាមរយៈការពង្រឹងជំនឿទំនុកចិត្ត និងទំនាក់ទំនងក្នុងចំណោមប្រទេសជាសមាជិក CICA»។
ក្រៅពីកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងមានជំនួបពិភាក្សាការងារទ្វេភាគី ជាមួយលោក អ៉ីម៉ូម៉ាលី រ៉ាម៉ុន ប្រធានាធិបតីតាជីគីស្ថាន និងប្រមុខរដ្ឋ/រដ្ឋាភិបាលនៃប្រទេសមួយចំនួនដែលអញ្ជើញមកពីប្រទេសសមាជិកផ្សេងទៀត។
សូមបញ្ជាក់ផងដែរថា CICA គឺជាវេទិកាពហុភាគីដែលមានវត្ថុបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋសមាជិករបស់ខ្លួន ក្នុងវិស័យមួយចំនួនដូចជា សន្តិភាព សន្តិសុខ និងស្ថិរភាពនៅអាស៊ី និងពិភពលោក ទាំងមូល។ បច្ចុប្បន្នសន្និសីទនេះ មានសមាជិកអចិន្ត្រៃយ៍ចំនួន ២៦ ប្រទេស ហើយកម្ពុជាបានចូលជាសមាជិកនៅឆ្នាំ២០១១។
គិតត្រឹមដំណើរទស្សនកិច្ចទៅកាន់ប្រទេសហុងគ្រីនៅថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ច និងបេសកកម្មនៅក្រៅប្រទេសចំនួន៦លើក ហើយសម្រាប់ក្នុងឆ្នាំ២០១៩។ លើកទី១ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន ក្នុងខែមករា, លើកទី២ សម្តេចតេជោ អញ្ជើញចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី២ នៅប្រទេសចិន ក្នុងខែមេសា, លើកទី៣ សម្តេចតេជោ អញ្ជើញគោរពវិញ្ញាណក្ខន្ធអតីតប្រធានាធិបតីវៀតណាម លោក ឡេ ឌឹកអាញ់ នៅទីក្រុងហាណូយ ប្រទេសវៀតណា ក្នុងខែឧសភា, លើកទី៤ សម្តេចតេជោ អញ្ជើញចូលរួមសន្និបាតប្រចាំឆ្នាំលើកទី៧៥ របស់គណៈកម្មារសេដ្ឋកិច្ច និងសង្គមអង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) នៅទីក្រុងបាងកក ប្រទេសថៃ ក្នុងខែឧសភា និងលើកទី៥ សម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ច និងចូលរួមសន្និសីទអន្តរជាតិ ស្តីពីអនាគតអាស៊ី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅចុងខែឧសភា។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩នេះ សម្តេចមានដំណើរបំពេញទស្សនកិច្ច និងបំពេញបេសកកម្មការងារនៅក្រៅប្រទេសជាច្រើន។ ក្នុងនោះនៅខែកក្កដា សម្តេចនឹងត្រូវអញ្ជើញទៅចូលរួមកិច្ចប្រជុំអង្គការពាណិជ្ជកម្មពិភពលោកនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ សម្តេចតេជោ នឹងត្រូវថ្លែងសុន្ទរកថា គន្លឹះចែករំលែនូវបទពិសោធន៍ពាក់ព័ន្ធបញ្ហាធ្វើពាណិជ្ជកម្មនៅក្នុងកិច្ចប្រជុំនោះផងដែរ៕