(កណ្តាល)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្ដាល នៅសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី ៣ ចំនួន២៧រូប ដែលត្រូវបានរៀបចំឡើងនៅសាលាខេត្តកណ្តាល ដោយមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំខេត្ត ក្រុង និងស្រុក, អង្គភាពពាក់ព័ន្ធនៅក្នុងខេត្ត ព្រមទាំងភ្ញៀវកិត្តិយសដទៃទៀត សរុបចំនួនប្រមាណ៤៥០រូប។ 

លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានរាយការណ៍ជូនអង្គពិធីជ្រាបអំពីសភាពការណ៍ទូទៅ, ការអភិវឌ្ឍលើគ្រប់វិស័យ និងសមិទ្ធផលនានាជាច្រើន ដែលរដ្ឋបាលខេត្តសម្រេចបាន ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២, រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់, ដោយមានការចូលរួមយ៉ាងសកម្មពីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជាប្រជាពលរដ្ឋគ្រប់រូបនៅក្នុងខេត្ត, ដោយធានាបានយ៉ាងល្អប្រសើរនូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ, ហើយកិច្ចដំណើរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត និងក្រុង-ស្រុក ក៏បានប្រព្រឹត្តទៅដោយរលូន, សេរី, ត្រឹមត្រូវ និងយុត្តិធម៌ ផងដែរ ។ ចំពោះលទ្ធផលនៃការបោះឆ្នោត, ក្រុមប្រឹក្សាខេត្តមានចំនួន ២៧ រូប ក្នុងនោះគណបក្ស ប្រជាជនកម្ពុជាមានចំនួន ២៦ រូប និងគណបក្សហ្វ៊ុនស៊ិនប៉ិចមានចំនួន១រូប ហើយក្រុមប្រឹក្សាក្រុង-ស្រុក មានចំនួន ២២១ រូប ក្នុងនោះគណបក្សប្រជាជនកម្ពុជាមានចំនួន ២១៥ រូប និងគណបក្សហ្វ៊ុនស៊ិនប៉ិចមានចំនួន ៦ រូប។ 

លោក នួន ផា ក្នុងនាមជាប្រធានក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៣ និងតំណាងឱ្យក្រុមប្រឹក្សាខេត្តទាំងអស់ ដែលទើបជាប់ឆ្នោត បានប្តេជ្ញាចិត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ ជូនប្រទេសជាតិ និងប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងខិតខំពង្រឹងរដ្ឋបាលខេត្តឱ្យមានម្ចាស់ការក្នុងការគ្រប់គ្រង និងចាត់ចែងមុខងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព, តម្លាភាព និងគណនេយ្យភាព, ដោយប្រតិបត្តិតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្ដាល បានអបអរសាទរចំពោះសមាជិក-សមាជិកាក្រុម ប្រឹក្សាខេត្តកណ្តាល ដែលត្រូវបានតំណាងប្រជាពលរដ្ឋ, គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់, ផ្តល់សេចក្តីទុកចិត្ត បោះឆ្នោតជ្រើសរើសជាសមាជិកក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី ៣ ដើម្បីបន្តដឹកនាំខេត្តកណ្តាលឱ្យមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

លោកអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំការបោះឆ្នោតដើម្បី បង្កើតក្រុមប្រឹក្សានៃរដ្ឋបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិ ដែលមានអត្ថន័យជ្រាលជ្រៅមកលើប្រព័ន្ធ នយោបាយ និងរដ្ឋបាលនៅកម្ពុជា ពីព្រោះការបោះឆ្នោតនេះបានពង្រឹង និងពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឱ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន, នាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅកម្ពុជា តាមបែបផែននៃវិមជ្ឈការ និងវិសហមជ្ឈការសំដៅលើការផ្ទេរមុខងារ, អំណាច, ធនធាន និងសិទ្ធិស្វ័យសម្រេចសមស្របពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ, និងលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានក្រើនរំលឹកឱ្យក្រុមប្រឹក្សាខេត្តកណ្តាល អាណត្តិទី៣ ព្រមទាំងគណៈអភិបាលខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់, ត្រូវបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ចំពោះប្រទេសជាតិ និងប្រជាជនក្នុងខេត្តទាំងមូល ស្របតាមគោលការណ៍ និងនីតិវិធីដែលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានបានកំណត់, និងត្រូវយកចិត្តទុក ដាក់លើកិច្ចការអាទិភាពមួយចំនួនដូចជា ការរៀបចំផែនការអភិវឌ្ឍន៍រយៈពេល ៥ ឆ្នាំសម្រាប់ខេត្ត, ការបន្តចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលកម្ពុជា, ការផ្តល់សេវាសាធារណៈ និងការដោះស្រាយ បញ្ហាប្រឈមនៅមូលដ្ឋាន, និងការធានាសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អ ប្រសើរជូនប្រជាពលរដ្ឋ៕