(សៀមរាប)៖ សន្និសីទកំពូលសារព័ត៌មានអាស៊ី (AMS) លើកទី១៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខេត្តសៀមរាប រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១០-១៣ ខែមិថុនា ឆ្នាំ២០១៩ បានបិទបញ្ចប់ហើយ។ ក្រោយបិទបញ្ចប់នៅល្ងាចនេះ ភាគីពាក់ព័ន្ធបានចេញសេចក្តីថ្លែងការណ៍រួម៦ចំណុច ដោយផ្តោតសំខាន់លើការរួមគ្នាប្រឆាំងព័ត៌មានក្លែងបន្លំក្នុងយុគសម័យឌីជីថល។
សេចក្តីថ្លែងការណ៍ របស់សន្និសីទកំពូលសារព័ត៌មានអាស៊ី (AMS) បានប្រកាសដូចតទៅ៖
១៖ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩ រដ្ឋមន្ត្រីព័ត៌មានមកពីប្រទេសបង់ក្លាដេស កម្ពុជា មីយ៉ាន់ម៉ា និងហ្វីលីពីន រួមទាំងប្រធានគណៈកម្មាធិការទំនាក់ទំនង និងព័ត៌មាននៃប្រទេសកូរ៉េ និងអនុរដ្ឋមន្ត្រីព័ត៌មាននៃប្រទេសសាម៉ាវ បានចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ី-ប៉ាស៊ីហ្វិកនៅប្រទេសកម្ពុជា ក្នុងគោលបំណងរួមគ្នាដោះស្រាយនូវបញ្ហាសំខាន់ៗរបស់ប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសពិភាក្សាពីមធ្យោបាយក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃព័ត៌មានក្លែងក្លាយដែលបានផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយនានា និងផលប៉ះពាល់អវិជ្ជមានដល់សង្គម។
២៖ រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់បានព្រមព្រៀងគ្នាដាក់ឲ្យដំណើរការ «គំនិតផ្តួចផ្តើមប្រឆាំងព័ត៌មានក្លែងក្លាយអង្គរ» (Angkor Fake News Initiative) ដែលជាគម្រោងស្រាវជ្រាវរយៈពេលមួយឆ្នាំលើការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងផលប៉ះពាល់អវិជ្ជមានដល់សង្គម។ វិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក (AIBD) និងអង្គការយូណេស្កូ នឹងសហការក្នុងភាពជាដៃគូជាមួយសមាជិក និងដៃគូរបស់វិទ្យាស្ថាន ABD ដ៏ទៃទៀត នឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងនេះ។ លទ្ធផលនៃការស្រាវជ្រាវ និងអនុសាសន៍នានានឹងជួយបង្កើតយន្តការច្បាប់មួយនៅក្នុងបណ្តាប្រទេសជាសមាជិក និងប្រទេសដ៏ទៃទៀត ដើម្បីជាវិធានការក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងនៃព័ត៌មានក្លែងក្លាយ ដែលឥឡូវនេះកំពុងរីករាលដាលនៅគ្រប់ទីកន្លែងលើពិភពលោក។
៣៖ រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក៏បានសម្រេចចិត្តយកសន្និសីទកំពូលសារព័ត៌មានអាស៊ីដែលជាព្រឹត្តិការប្រចាំឆ្នាំ ជាវេទិកាអចិន្ត្រៃយ៍សម្រាប់រដ្ឋមន្ត្រី និងភាគីពាក់ព័ន្ធនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកធ្វើការពិនិត្យ និងពិភាក្សាលើបញ្ហាសំខាន់ៗក្នុងប្រព័ន្ធផ្សព្វផ្សាយរួមមាន បញ្ហាប្រឈម និងកាលានុវត្តភាពនៃប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤។
៤៖ រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់បានព្រមព្រៀងគ្នារៀបចំកិច្ចប្រជុំពិសេសនៃរដ្ឋមន្ត្រីថ្នាក់ព័ត៌មានអាស៊ី-ប៉ាស៊ីហ្វិក និងមានការចូលរួមពីបណ្តាដៃគូសំខាន់ៗនៃវិទ្យាស្ថាន AIBD នៅប្រទេសសាម៉ាវ ក្នុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ។ រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក៏បានឯកភាពគ្នាជាឯកច្ឆ័ន្ទថាអាស៊ី-ប៉ាស៊ីហ្វិក ត្រូវការផែនទីបង្ហាញផ្លូវ (Road Map) ដើម្បីទប់ទល់នឹងព័ត៌មានក្លែងក្លាយ ហើយយើងទាំងអស់គ្នាគួររួបរួមគ្នាក្នុងបុព្វហេតុនេះដើម្បីការពារ និងរក្សាសង្គមមួយប្រកបដោយវិបុលសុខ និងបរិយាបន្ន។ វិទ្យាស្ថាន AIBDនឹងបញ្ជូនសំណើទៅប្រទេសសាម៉ាវក្នុងរយៈពេល១៥ថ្ងៃដើម្បីធានាការសម្រេចបាននូវកិច្ចប្រជុំនេះ។
៥៖ ក្រៅពីវិធានការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក៏បានយល់ព្រមពិភាក្សានៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាតើគួរជួយសហគមន៍ដែលមិនទាន់ទទួលអត្ថប្រយោជន៍ពីការធ្វើឌីជីថលភាវូបនីយកម្មដោយរបៀបណា។ ជាការចាំបាច់ក្នុងត្រួតពិនិត្យឡើងវិញ ពីតួនាទីប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្នុងការគាំទ្រ និងផ្តល់នូវជំនួយដល់ក្រុមដែលជួបការលំបាកនៅក្នុងសង្គម។
៦៖ រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រីករាយចំពោះកិច្ចសហការ និងការគាំទ្ររបស់លោកអ្នក៕