(ភ្នំពេញ)៖ លោក ជា ពិសី សមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ដោយប្តេជ្ញាថា​ នឹងចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋាន ជាពិសេសល្បែងកន្ទុយលេខវៀតណាម ដែលរីកព្រោងព្រាត និងបញ្ហានេះនាំឲ្យកើតមានបទល្មើសប៉ះពាល់ដល់ ប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ។

ប្រជាពលរដ្ឋនៅតាមមូលដ្ឋានខណ្ឌឬស្សីកែវ ជឿជាក់យ៉ាងមុតមាំថា អាជ្ញាធរមានសមត្ថកិច្ច ប្រាកដជាមានវិធានការបង្ក្រាបឱ្យខាងតែបាន ចំពោះល្បែងឆ្នោតកន្ទុយលេខវៀតណាម ក្នុងនោះ មានមួយទីតាំងយីហោ «K៣៨» តែបានដកផ្លាកយីហោចេញហើយ និងកំពុងបន្តបើកទទួលចាក់ដោយចំហររាល់ថ្ងៃ យ៉ាងគគ្រឹកគគ្រេង គ្មានខ្លាចញញើតច្បាប់ឡើយ។

លោក ជា ពិសី បានថ្លែងបញ្ជាក់ថា «តាំងពីក្រោយបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត-ស្រុក-ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ឃើញថា ការងារពិតជាមមាញឹកច្រើនណាស់ ប៉ុន្តែចំពោះល្បែងឆ្នោតវៀតណាម ត្រូវតែបង្ក្រាបបូកទាំងឆ្នោតយីហោ «K៣៨» ដាច់ខាតត្រូវតែបង្ក្រាប ព្រោះបានបង្កើតគណៈកម្មការចម្រុះរួចហើយ នៅក្នុងកិច្ចប្រជុំមួយ កាលពីរសៀលថ្ងៃទី៣០ ខែមេសា ដើម្បីបង្ក្រាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញៀនក្នុងមូលដ្ឋាន ក្រោមការបញ្ជាពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ»។

តាមសេចក្តីរាយការណ៍នានា ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាន ទីតាំងឆ្នោតមានមិនក្រោម ១០កន្លែងឡើយ ដែលទីតាំងធំស្ថិតនៅខាងក្រោយស្ថានីយ៍ប្រេងឥន្ទនៈ PTT និងទីតាំងចែកចាយបន្តនៅក្នុងផ្សារបឹងសាឡាងថ្មីជាច្រើនទៀត ក្នុងភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ពិសេសនោះស្ថិតនៅផ្លូវបំបែកផ្សារទួលសង្កែ (ហៅផ្សារសាំហាន់) ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋមួយចំនួន បានបង្ហាញការព្រួយយ៉ាងខ្លាំង និងគិតអំពីសុវត្ថិភាពតាមមូលដ្ឋាន ដែលកើតចេញពីបទល្មើសឆ្នោតវៀតណាមទាំងនេះ ដូច្នេះទើបស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ចុះបង្ក្រាបតែម្តង៕