(បាត់ដំបង)៖ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ លោក កុល វីរក្ស រដ្ឋលេខាធិការធិកាក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកសង្កែ ខេត្តបាត់ដំបង បានអញ្ជើញប្រកាសសមាសសភាពក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានក្នុងស្រុកសង្កែ ដើម្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤

របស់រាជរដ្ឋាភិបាលកម្ពុជា នៅសាលាស្រុកសង្កែ ដោយមានការចូលរួមពីអស់លោកប្រធានក្រុមការងារចុះជួយឃុំនានា និងមន្រ្តីរាជការរដ្ឋបាល ក្នុងស្រុកសង្កែខេត្តបាត់ដំបង ចូលរួមផងដែរ។

លោក កុល វីរក្ស បានលើកឡើងថា ក្រុមការងារថ្នាក់ជាតិនេះ មិនមានពាក់ព័ន្ធជាមួយក្រុមការងារផ្សេងៗនោះទេ គឺជួយកិច្ចការមួយចំនួនរបស់ រាជរដ្ឋាភិបាល ដោយអាចចុះធ្វើសកម្មភាពរាល់ថ្ងៃ ក្នុងម៉ោងរដ្ឋបាលរាល់ថ្ងៃបាន ដើម្បីជួយត្រួតពិនិត្យមើល ភាពកង្វះខាត និងសំណូមពររបស់ពលរដ្ឋយើងដែលបានជួបប្រទះបញ្ហាប្រឈមនានានៅក្នុងមូល ដ្ឋានពិសេសស្រុកសង្កែដែលមានឃុំទាំង ១០ផង គ្រាន់តែខុសពីក្រុមការងារគណបក្សចុះជួយមូលដ្ឋានបានតែក្នុងថ្ងៃសម្រាក គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

លោករដ្ឋលេខាធិការបានបន្តថា តួនាទីក្រុមការងារនេះ ក្រៅពីបានអនុវត្តការងាររបស់ខ្លួនហើយ ក្រុមការងារយើងដែលបានបង្កើតហើយនេះត្រូវចុះធ្វើវេទិកាសាធារណ:ជាមួយប្រជាពលរដ្ឋដើម្បីក្តាប់ឲ្យបាននូវរាល់បញ្ហាប្រឈមផ្សេងៗ ទុក្ខកង្វល់ តម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ដោយមិនពាក់ព័ន្ធជាមួយការងាររដ្ឋបាលស្រុក ឃុំ សង្កាត់នោះទេ។

លោក កុល វីរក្ស បានបញ្ជាក់ថា បន្ទាប់ពីបានចុះធ្វើកិច្ចការនេះហើយ ក្រុមការងារយើងក៏ត្រូវជួបប្រជុំផ្ទៃក្នុងដើម្បីធ្វើការដោះស្រាយ និងទទួលលទ្ធផលមកវិញសម្រាប់ជាបទពិសោធន៍ការងារយើងទាំងអស់គ្នាដែលជាក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានដើម្បីឆ្លុះបញ្ចាំងការត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ឲ្យការងារកាន់តែមានប្រសិទ្ធភាពខ្ពស់ប្រកបដោយអភិវឌ្ឍន៍មូលដ្ឋាននិងជាតិទាំងមូលផងដែរ។

លោកប្រធានក្រុមការងារ បានផ្តាំផ្ញើដល់ក្រុមការងារដែលទើបប្រកាសថ្មីនាពេលនេះ ក្រោយបានទទួលសេចក្តីសម្រេចហើយត្រូវត្រៀមខ្លួន ចុះធ្វើសកម្មភាពជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានខ្លួន ទទួលខុសត្រូវដែលកំពុងជួបការលំបាក និងត្រូវបំរើពួកគាត់ឲ្យបានល្អ គ្រប់កាល:ទេស: និងគ្រប់ទីកន្លែងផងដែរ៕