(ព្រះវិហារ)៖ នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ អាណត្តិទី៣ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានណែនាំឲ្យប្រធានក្រុមប្រឹក្សា សមាជិកទាំងអស់ ត្រូវតែខិតខំបម្រើផលប្រយោជន៍ ចូលរួមបំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយឈរលើស្មារតីស្មើភាព យុត្តិធម៌ មិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយអ្វីនោះឡើយ។

លោក អ៊ុន ចាន់ដា បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត លោកបានសំដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាជិក សមាជិកា ក្រុមប្រឹក្សាស្រុកត្បែងមានជ័យ ដែលត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអង្គបោះឆ្នោត បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំស្រុក ឱ្យកាន់រីកចម្រើនលើគ្រប់វិស័យថែមទៀត។

លោកអភិបាលខេត្ត បានបន្តថា ការពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្រ្តីរាជការ និងកងកម្លាំង មានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់ គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនសំដៅអភិវឌ្ឍមូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ សម្រេចគោលដៅមូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពស្រុក ត្រូវដឹកនាំអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការថែរក្សា ការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងក្របខណ្ឌស្រុកទាំងមូល ដោយត្រូវយកចិត្តទុកដាក់លើវិធានការសំខាន់ៗ ក្នុងនោះត្រូវជំរុញលើកទឹកចិត្តប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ នៅតាមមូលដ្ឋានរៀងៗខ្លួន ជាពិសេសបទល្មើសគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស សកម្មភាពលួច ឆក់ប្លន់ និងល្បែងស៉ីសងខុសច្បាប់ នៅគ្រប់មូលដ្ឋានទូទាំងស្រុក។

សូមបញ្ជាក់ថា នៅអាណត្តិទី៣នេះ ក្រុមប្រឹក្សាត្បែងមានជ័យ ខេត្តព្រះវិហារ មានចំនួន១១រូប ក្នុងនោះលោក វ៉ា សាវ៉ាត ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាស្រុក៕