(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យពង្រឹងសន្តិសុខបន្ថែម បន្ទាប់ពីមានការប្រទះឃើញគ្រាប់បេ៤០ (B40) នៅខេត្តឧត្តរមានជ័យ ដែលត្រូវបានគេដាក់ចោលបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាខេត្តបាត់ដំបងអាណត្តិទី៣ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង បានចាត់ទុកថា សកម្មភាពដាក់បង្កៃគ្រាប់បេ៤០នេះ ជាចេតនាបង្កចលាចល បង្កើតភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងថា គ្រាប់ប្រភេទបេ៤០ ដែលត្រូវបានប្រទះឃើញនេះ ជាគ្រាប់ដែលមិនមានជាតិផ្ទុះនោះទេ ពោលបើទោះបីជាផ្ទុះ ក៏មិនមានអ្នកត្រូវរបួសដែរ។ សម្តេចក្រឡាហោមថា ការដាក់គ្រាប់បេនេះទៀតសោត គឺជាចេតនាមានឧបាយកលមិនល្អ ព្រោះគ្រាប់នេះមានសំឡេងលឺខ្លាំង ដែលបង្កឲ្យមានការភ័យខ្លាច ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។

សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា «រឿងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់។ ឥឡូវហ្នឹងបន្តពង្រឹង ការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាព ដែលក្នុងនោះបញ្ហាជាអាទិភាពស្អី? បញ្ហាជាអាទិភាព គឺចោរលួច ចោរប្លន់។ ភេរវកម្ម អាហ្នឹងយើងថា វាជាបញ្ហាធំ ប៉ុន្តែវាមិនមានឥទ្ធិពល ឬមានសកម្មភាពនៅបាត់ដំបងទេ»

សម្តេចក្រឡាហោម ស ខេង បន្តថា «ប៉ុន្តែថាមិនត្រូវដែរ ម្សិលមិញនៅឧត្តរមានជ័យ គេយកគ្រាប់បេ៤០ (B40) ប៉ុន្តែបើផ្ទុះទៅអត់មានគ្រោះថ្នាក់ទេ។ ទោះបីយ៉ាងណាក៏ដោយ គេយកសំឡេងផ្ទុះ។ អ៊ីចឹងអ្នកដាក់នោះ ពិតជាមានឧបាយកលមិនល្អហើយ។ ឥឡូវបានប្រមូលយកទុកអស់ហើយ កំពុងរកមនុស្សអ្នកដែលធ្វើហ្នឹងដើម្បីចាប់មកផ្តន្ទាទោស»

សូមបញ្ជាក់ថា មានករណីបង្កៃគ្រាប់ B40 (ផលិតនៅរុស្ស៉ី) ចំនួន៤គ្រាប់ ត្រូវបានកប់នៅក្រោយអនុវិទ្យាល័យ ហ៊ុនសែន រួចចំប៉ី ស្ថិតក្នុងសង្កាត់អូស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៦ ខែមិថុនា។ គ្រាប់បេទាំង៤គ្រាប់នោះ ត្រូវបានកប់នៅចំណុចទីតាំង៣ក្បែរៗគ្នា (២គ្រាប់កប់ជាមួយគ្នា និង១គ្រាប់នៅទីតាំងមួយ និង១គ្រាប់ នៅតាំងផ្សេងមួយទៀត)។ របៀបនៃការកប់ គឺដូចគ្នាដោយជីកកប់ដាក់ចុងគ្រាប់ផ្តេកឡើងលើ យករំសេវចាក់ជុំវិញ និងដោតធូប១សសៃ៕