(ភ្នំពេញ)៖ ចាប់តាំងពីថ្ងៃដែលមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលទីក្រុងភ្នំពេញ បានប្រកាសថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កំពុងឲ្យមេធាវីសិក្សា ដើម្បីដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៉ី ពីបទចោទប្រកាន់ដោយគ្មានភស្តុតាងមកលើសម្តេចតេជោថា បានសម្លាប់លោក ហុក ឡងឌី មក វាហាក់បីដូចជាទណ្ឌិត សម រង្ស៉ី មានការភ័យស្លន់ស្លោរសាប់រសល់ ដេកមិនលក់ បក់មិនល្ហើយ ហើយចេះតែរអិលមាត់និយាយប៉ប៉ាច់ប៉ប៉ោចអំពីពាក្យបណ្តឹងនេះ។
ខ្ញុំជឿថាទណ្ឌិត សម រង្ស៉ី ពិតជាដឹងខ្លួនឯងច្បាស់ណាស់ថា ពាក្យបណ្តឹងមួយនេះ ទោះជាប្តឹងនៅតុលាការប្រទេសណាក៏ដោយ មិនថាតែស្រុកខ្មែរ ឬស្រុកបារាំងនោះទេ ក៏ សម រង្ស៉ី ដឹងតែពីចាញ់ក្តីនេះ១០០% ពីព្រោះវាគឺជាការចោទប្រកាន់ដោយអារម្មណ៍តាមការនឹកឃើញស្រមើស្រមៃទៅតាមទម្លាប់ ដែលគាត់ធ្លាប់បានធ្វើកន្លងមកតែប៉ុណ្ណោះ។
ខ្ញុំយល់ឃើញថា ពីព្រោះតែគាត់ដឹងថាខ្លួនថា នឹងចាញ់ក្តីទាំងស្រុងបែបនេះហើយទើបបានជាទណ្ឌិត សម រង្ស៉ី ដេកមិនលក់ បក់មិនល្ហើយ ហើយក៏ «ខិតខំធ្វើយ៉ាងណា រារាំងពាក្យបណ្តឹងនេះ» កុំឲ្យទៅដល់ដៃតុលាការបារាំង។ ប៉ុន្តែការរារាំងរបស់ទណ្ឌិតរត់ចោលស្រុករូបនេះតាម «យុទ្ធវិធីវាយសំលុតដើម្បីឱ្យគេដកថយ» ហាក់ដូចជាមិនមានប្រសិទ្ធិភាពនោះទេ។
តាមសារជាតិ និងចារឹកក្រឡិចក្រឡុចពីកំណើតរបស់ខ្លួន ទណ្ឌិត សម រង្ស៉ី ខិតខំនិយាយបូរបាច់ដើម្បីបង្វែរសំណុំរឿងឲ្យទៅជាសំណុំរឿងផ្សេងក្នុងបំណងក្រែងសម្តេចនាយករដ្ឋមន្ត្រីឈប់ប្តឹងវិញ។ ប៉ុន្តែបើយោងតាមប្រភពព័ត៌មានដែលខ្ញុំទទួលបាន ក្រុមមេធាវី និងអ្នកច្បាប់របស់រដ្ឋាភិបាលកំពុងធ្វើការងារនេះយ៉ាងសកម្ម និងយ៉ាងល្អិតល្អន់ហ្មត់ចត់បំផុតមុននឹងដាក់បណ្តឹងឱ្យស្រប តាមច្បាប់និងនិតិវិធីរបស់តុលាការប្រទេសបារាំងហើយក៏មិនឱ្យផុតអាជ្ញាយុកាលដែលអាចប្តឹងបាននោះដែរ។
ដូច្នេះប្រហែលជាទណ្ឌិត សម រង្ស៉ី ឃើញថា ក្រោយពេលមានការផ្សាយព័ត៌មានថា សម្តេចនាយករដ្ឋមន្ត្រី ប្តឹងខ្លួនទៅតុលាការបារាំងហើយក្រោយមកបែរជាស្ងាត់ទៅវិញ ទើបគាត់ចង់ធ្វើតេស្តដើម្បីបញ្ជាក់ថា តើសម្តេចតេជោ ហ៊ុន សែន ប្តឹងឬអត់? ត្រង់ចំណុចនេះ ខ្ញុំយល់ឃើញថា លោក សម រង្ស៉ី ពិតជាអន់រកលេខដាក់គ្មាន ព្រោះគ្រាន់តែមូលហេតុពិតនៃការបាត់ដំណឹងថាប្តឹងឬមិនប្តឹង ក៏គាត់វាយតំលៃមិនត្រូវផង ហើយបែរជាបកស្រាយទៅជាថា សម្តេចតេជោ ហ៊ុន សែន កំសាកមិនហ៊ានប្តឹងឯណាឯណោះទៅវិញ។
ខ្ញុំយល់ឃើញទៀតថា ទណ្ឌិត រង្ស៉ី មិនគប្បីចំណាយពេលវេលា និងខួរក្បាលគិតធ្វើរឿងគ្មានប្រយោជន៍ដែលធ្វើឱ្យខ្លួនឯងកាន់តែបាត់បង់ឥទ្ធិពល ហើយទឹកមាត់កាន់តែសាបនោះទៀតទេ។ សម រង្ស៉ី ក៏មិនចាំបាច់ព្យាយាមបង្អាក់ដំណើរការពាក្យបណ្តឹងនោះដែរ ព្រោះខ្ញុំកត់សម្គាល់ច្បាស់ណាស់ថាបើ សម្តេចតេជោ ហ៊ុន សែន សម្រេចធ្វើអ្វីមួយហើយ គឺសម្តេចនឹងធ្វើទោះដោយតំលៃណាក៏ដោយ ហើយជាពិសេសយុទ្ធវិធីកម្ចាត់សត្រូវមួយរបស់សម្តេច ដែល សម រង្ស៉ី គួរចងចាំទុកនោះគឺ «ការតាមវាយសត្រូវដល់ផ្ទះ»។
ដូច្នេះ សម រង្ស៉ី គួរត្រៀមខ្លួនឱ្យបានល្អទើបជាការប្រសើរជាងដើម្បីតទល់រឿងក្តីនេះនៅឯតុលាការបារាំង។ ខ្ញុំវាយតម្លៃថា ប្រហែលជាមិនយូរទេ គឺនៅពេលពាក្យបណ្តឹងនោះចូលដល់តុលាការបារាំង ចៅក្រមនឹងកោះហៅ សម រង្ស៉ី ឲ្យចូលទៅបំភ្លឺជាមិនខាន។ ពេលនោះ តើ សម រង្ស៉ី នឹងឡើងទៅតុលាការដោយកាន់ទៅជាមួយរូបថតពីរបីសន្លឹកចម្លងចេញពីសារព័ត៌មានដែលបង្ហាញពីកម្ទេចឧទ្ធម្ភាគចក្រទៅបង្ហាញតុលាការដោយអះអាងដូចដែលគាត់ធ្លាប់និយាយប្រាប់វិទ្យុ VOA ថា ភាពខ្ទេចខ្ទាំរបស់ឧទ្ធម្ភាគចក្រនេះ គឺជាភស្តុតាងបង្ហាញថា សម្តេច ហ៊ុន សែន បានដាក់គ្រាប់បែកសម្លាប់លោក ហុក ឡងឌី។ បើអ៊ីចឹងមែននោះ នៅពេលចៅក្រមតុលាការបារាំងសម្រេចកាត់ឱ្យគាត់ចាញ់ក្តី ខ្ញុំក៏រង់ចាំមើលដែរថា តើ រង្ស៉ី នឹងចោទតុលាការ បារាំងថាម៉េច? និងថា តុលាការបារាំងត្រូវជាអ្វីជាមួយសម្តេច ហ៊ុន សែនដែរ?
នរណាក៏ដឹងដែរថា សម រង្ស៉ី ជាមនុស្សពុលទឹកមាត់ហើយនិយាយចោទគេប៉ាតណាប៉ាតណីដោយគ្មានមូលដ្ឋាន។ សម រង្ស៉ី ជាមនុស្សធំធាត់ និងរៀន សូត្រនៅស្រុកបារាំង ប៉ុន្តែទីបំផុត ច្បាប់បារាំងក៏មិនចេះ ច្បាប់ខ្មែរក៏មិនស្គាល់។ នៅស្រុកខ្មែរ អ្នកនយោបាយរូបនេះដឹងតែពីដើរអុជអាល ញុះញង់បង្ករឿងគ្រប់បែបយ៉ាង និងជាជើងឯកក្នុងការនិយាយចោទគេឯងដោយគ្មានមូលដ្ឋាន។ នេះហើយជាមូលហេតុដែលធ្វើឲ្យគាត់ជាប់បណ្តឹងរាប់មិនអស់នៅតុលាការកម្ពុជា។
នៅស្រុកបារាំងដែលជាប្រទេសប្រជាធិបតេយ្យដ៏ធំមួយ សម រង្ស៉ី ភ្លេចខ្លួនថា ស្រុកបារាំងគេមិនអាចនិយាយចោទប្រកាន់អ្នកណាម្នាក់ដោយគ្មានមូលដ្ឋានបានទេ ជាពិសេសការចោទប្រកាន់រឿងសម្លាប់មនុស្សដែលជារឿងធ្ងន់ធ្ងរបំផុត។ ពេលដែលគាត់និយាយចោទសម្តេចនាយករដ្ឋមន្ត្រីថា បានសម្លាប់លោក ហុក ឡងឌី, ទណ្ឌិត សម រង្ស៉ី ប្រហែលជាភ្លេចគិតថា គាត់មានសញ្ជាតិបារាំងដែរ ដែលគេអាចប្តឹងគាត់ទៅតុលាការបារាំងបានដូចពាក្យសុភាសិតខ្មែរពោលថា «កុកអាចភ្លេចជុងតែ ជុងមិនដែលភ្លេចកុកទេ»។
ខ្ញុំនៅចាំបានថា កាលពីឆ្នាំ ២០០៦ សម រង្ស៉ី ធ្លាប់ត្រូវបានសម្តេចតេជោ ហ៊ុន សែន ស្នើទៅព្រះមហាក្សត្រដើម្បីលើកលែងទោសឲ្យរួចផុតពីសាលដីការបស់តុលាការ។ មុននឹងឈានដល់ការលើកលែងទោស សម រង្ស៉ី ក៏បានសរសេរលិខិតសុំទោសសម្តេច ហ៊ុន សែន ដែលខ្ញុំសូមដកស្រង់ខ្លឹមសារសំខាន់បំផុតនៅក្នុងលិខិតនោះដូចតទៅ៖ «ខ្ញុំមានការសោកស្តាយដោយបានប្រព្រឹត្តមិនត្រឹមត្រូវចំពោះសម្តេចនាយករដ្ឋមន្ត្រី ដូចជាការចោទប្រកាន់ថា សម្តេចនាយករដ្ឋមន្ត្រីនៅពីក្រោយការគប់គ្រាប់បែកលើហ្វូងបាតុករថ្ងៃ ៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខរដ្ឋសភា។ ការចោទសម្តេចនាយក រដ្ឋមន្ត្រីថា ប៉ុនប៉ងសម្លាប់ឥស្សរៈជនប្រាំនាក់ និងការចោទប្រកាន់មួយចំនួនទៀតមកលើសម្តេចនាយករដ្ឋមន្ត្រី។ល។ និង។ល។ ចាប់ពីថ្ងៃនេះតទៅ ខ្ញុំនឹងផ្លាស់ប្តូរឥរិយាបថរបស់ខ្ញុំ ដើម្បីបញ្ចប់បញ្ហាទាំងអស់នោះ ហើយចៀសវាងមិនឲ្យបញ្ហាទាំងអស់នោះកើតមានទៀត»។
ខ្លឹមសារនៃលិខិតសារភាពសុំទោសរបស់ សម រង្ស៉ី នេះ គឺជាភស្តុតាងជាក់ស្តែងបំផុតដែលបញ្ជាក់ថា រាល់ការចោទប្រកាន់មកលើសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំងអម្បាលម៉ាណ ជាការចោទទាំងបំពានដែល សម រង្ស៉ី បានទទួលសារភាពកំហុសរួចហើយ។ តើ សម រង្ស៉ី មានអ្វីអាចឆ្លើយចំពោះមុខតុលាការបារាំងបានទៀត? ភស្តុតាងក៏គ្មាន សេចក្តីសារភាពរបស់ខ្លួន ក៏នៅមានជាធរមាន។ ដូច្នេះ សម រង្ស៉ី ក៏អាចទទួលទោសនៅចំពោះមុខតុលាការបារាំងបានដែរ។ នេះជារឿងអាម៉ាសបំផុតដែលសម រង្ស៉ី ភ័យខ្លាច ហើយស្លន់ស្លោ រសាប់រសល់ ចេះតែនិយាយប៉ប៉ាច់ប៉ប៉ោចពាក់ព័ន្ធនឹងបណ្តឹងនេះ។
ឆ្លៀតឱកាសនេះ រូបខ្ញុំដែលគ្រាន់តែជាអ្នកតាមដាននយោបាយតុកាហ្វេមួយរូប តែខ្ញុំអាចសន្និដ្ឋានបានច្បាស់ណាស់ថា សម រង្ស៉ី ពិតជានឹងចាញ់ក្តីមួយនេះទាំងស្រុង។ ហេតុដូច្នេះ គ្មានហេតុផលណាមួយដែលសម្តេច ហ៊ុន សែន ប្តូរចិត្តមិនប្តឹងវិញនោះឡើយ។ ម៉្យាងវីញទៀត ពាក្យបណ្តឹងមួយនេះដែលនឹងធ្វើឲ្យសម្តេចតេជោ ហ៊ុន សែន ឈ្នះលើគោក គឺពិតជាមានអត្ថន័យធំធេងចំពោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៖
អត្ថន័យទី១៖ គឺជាការព្រមានដល់មនុស្សមាត់ដាចដូច សម រង្ស៉ី ថា មានមាត់មិនមែនចេះតែនិយាយចោទគេបានតាមចិត្តឡើយ ទោះជានៅក្នុងប្រទេសបិតាប្រជាធិបតេយ្យក៏មិនអាចធ្វើដូច្នេះបានដែរ ពីព្រោះវាជាការបំពានសិទ្ធិអ្នកដទៃ។
អត្ថន័យទី២៖ ការសម្រេចចិត្តរបស់តុលាការបារាំងដែលឲ្យ សម រង្ស៉ី ចាញ់ក្តីនឹងក្លាយជាសារដ៏សំខាន់មួយដែលបញ្ជាក់ប្រាប់សាធារណៈមតិជាតិ និងអន្តរជាតិថា សេចក្តីសម្រេចរបស់តុលាការកម្ពុជាដែលបានផ្តន្ទាទោស សម រង្ស៉ី កន្លងទៅ គឺជាសេចក្តីសម្រេចត្រឹមត្រូវ។
អត្ថន័យទី៣៖ នៅលើលោកនេះ យុត្តិធម៌ពិតជាមាន ហើយនីតិរដ្ឋក៏ត្រូវតែមាន។ យុត្តិធម៌ និងនីតិរដ្ឋ ត្រូវបែងចែកដាច់ស្រឡះពីរឿងនយោបាយដោយគ្មានអ្នកណាអាចកាឡៃបានឡើយ។
ទាំងអស់នេះគឺជាសន្លឹកអាត់ដែលសម្តេច ហ៊ុន សែន មាននៅក្នុងដៃ។ ដូច្នេះគ្មានការសង្ស័យអ្វីឡើយអំពីសំណុំរឿងមួយនេះ ដែលនឹងត្រូវឡើងដល់តុលាការបារាំងក្នុងពេលដ៏ខ្លីខាងមុខដោយគ្មានការប្រែប្រួលឡើយ។
ដូច្នេះសូមទណ្ឌិត សម រង្ស៉ី ឈប់ស្រមើស្រមៃទៀតចុះពាក់ព័ន្ធនឹងបណ្តឹងមួយនេះ ហើយម៉្យាងវីញទៀតបើម្សៀ រង្ស៉ី អាចឈប់និយាយប៉ប៉ាច់ប៉ប៉ោចឥតបានការដោយសារតែកាភ័យខ្លាចរបស់ខ្លួនបាន វាជាការល្អជាងព្រោះការនិយាយកាន់តែច្រើន កំហុសកាន់តែធំ ទោសកាន់តែធ្ងន់ ហើយគុកក៏កាន់តែនៅជិតផ្ទះហើយដែរ៕
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ